សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១៨នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត្រ និងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូល។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១មក សមត្ថកិច្ចខណ្ឌកំបូល បានចាប់ឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ក្នុងនោះមាន១៧នាក់បន្លំខ្លួនជាព្រះសង្ឃ និងម្នាក់ទៀតជាអ្នកបើកបររថយន្ត នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ជនសង្ស័យទាំងនោះបានគ្រងស្បង់ចីរវ ក្លែងជាព្រះសង្ឃ និងបានដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ក្នុងនោះមានជនសង្ស័យម្នាក់ជាអ្នកបើកបររថយន្តម៉ាកកូរ៉ូឡា ដើម្បីដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរួចហើយ។
បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងបន្លំជាព្រះសង្ឃដើរ អាយុប្រហែលជា២៥ឆ្នាំ ដោយក្នុងមួយថ្ងៃ ពួកគេរៃអង្គាសប្រាក់បានពី៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក្នុងនោះ មេខ្យល់ឈ្មោះ ម៉េង តម្រូវឱ្យបង់ក្នុងម្នាក់ពី៣ម៉ឺនរៀល ទៅ៣ម៉ឺន៥ពាន់រៀល ទៅឱ្យខ្លួន។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា សមត្ថកិច្ចខណ្ឌកំបូល បានរៀបចំសំណុំបែបបទនិងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការហើយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកបន្តថា៖ «ការងារបន្ទាប់ជាការសម្រេចរបស់[តុលាការ]សម្រេចចិត្ត និងឆន្ទានុសិទ្ធិរបស់តុលាការ»។
តែយ៉ាងណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ពុំបានដឹងថាតើជនសង្ស័យទាំងនោះនឹងត្រូវចោទប្រកាន់ពីបទអ្វីនោះទេ ដោយថា លោកមិនបានកាន់សំណុំរឿងនេះ៕