ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួននៅតែរក្សាគោលការណ៍កែលម្អអ្នកនយោបាយមកពីគ្រប់ភាគី ដើម្បីស្ថាបនាសង្គមប្រជាធិបតេយ្យ ទោះប្រឈមនឹងការប្រមាថក៏ដោយ។
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទនេះថា ថ្មីៗនេះ ខ្លួនបានកត់សម្គាល់ឃើញភាគីស្មោះស្ម័គ្រនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងភាគីគាំទ្របក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំគ្នាប្រតិដ្ឋរឿងមួលបង្កាច់ទៅលើថ្នាក់ដឹកនាំចលនានិស្សិតដើម្បីប្រជាធិបតេយ្យ (SMD) និងបានប្រើពាក្យអសុរោះ ដាក់បណ្តាសា និងជេរប្រមាថលើខ្លួនថែមទៀត។
លោកបន្តថា សារនយោបាយទាំងនេះទំនងជាក្លាយជាវប្បធម៌នយោបាយដ៏ជក់ចិត្តរបស់ក្រុមទាំងពីរ ដែលនាំទៅដល់ការបំផ្លាញយ៉ាងធ្ងន់ធ្ងរលើភាពថ្លៃថ្នូរនៃសង្គមជាតិខ្មែរជារួម។
លោក ទូច វិបុល បន្តលើកឡើងថា ក្រុមរបស់ខ្លួនជាជនរងគ្រោះពីការបំភ្លៃប្រមាថដ៏ជូរចត់នេះ ប៉ុន្តែខ្លួននៅតែប្រកាន់ជំហរបំភ្លឺដោយសីលធម៌ ក្នុងទិសដៅស្ថាបនាសង្គមទៅកាន់ប្រជាធិបតេយ្យ។
បន្ថែមពីនេះ អនុប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតនេះ លោក គឹម សុខ មានប្រសាសន៍បន្ថែមថា បើការប្រតិដ្ឋរឿងរបស់ក្រុមអ្នកគាំទ្រគណបក្សនយោបាយទាំងពីរនេះមិនត្រូវបានកែប្រែទេ នោះនឹងគ្មានថ្ងៃរកការផ្សះផ្សាជាតិបានឡើយ។
មួយវិញទៀត លោកថា បើពលរដ្ឋមិនយល់ពីកិច្ចកលនយោបាយទាំងនេះទេ ក៏មិនអាចស្ថាបនាសង្គមប្រជាធិបតេយ្យមួយពិតប្រាកដនៅកម្ពុជាបានដែរ។
លោកបាននិយាយថា៖ «ប្រជាពលរដ្ឋខ្មែរឈឺចាប់ដោយសារអំពើអយុត្តិធម៌ ហើយប្រជាពលរដ្ឋខ្មែរវង្វេងដោយសារតែអ្នកនយោបាយប្រតិដ្ឋ អគុណធម៌ នយោបាយ! ដូច្នេះទាល់តែយើងព្យាបាលជំងឺអយុត្តិធម៌និងល្បែងប្រតិដ្ឋអគុណធម៌នេះ ទើបរកឃើញសេចក្តីចម្រើនទៅដល់ប្រជាពលរដ្ឋ ហើយដើម្បីព្យបាលជំងឺទាំងពីរនេះ គឺមានតែប្រកាន់ជំហរនិយាយការពិត»។
យ៉ាងណា សេចក្តីប្រកាសព័ត៌មាននេះមិនបាននិយាយចំឈ្មោះបុគ្គលដែលប្រើពាក្យអសុរោះនិងប្រមាថទៅលើក្រុមខ្លួននោះទេ ដោយគ្រាន់តែអះអាងថា កន្លងទៅ ខ្លួនក៏ធ្លាប់បានរិះគន់អតីតមន្ត្រីមួយចំនួនដែលស្និទ្ធនឹងលោក កឹម សុខា ដែលចេញទៅបង្កើតគណបក្សថ្មីដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា ខណៈបច្ចុប្បន្នលោកចេញទៅបង្កើត «គណបក្សកែទម្រង់កម្ពុជា» មានប្រសាសន៍ថា អ្នកនយោបាយមិនដែលធ្វើត្រូវទាំងអស់ទេ ហើយការទទួលយកមតិរិះគន់ ទើបប្រទេសជាតិរីកចម្រើន។
លោកថា៖ «ខ្ញុំមើលទៅពិបាកនឹងថាកែរបៀបម៉េច! ប៉ុន្តែខ្ញុំនៅតែគិតថា ការកែត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរផ្នត់គំនិតធ្វើឱ្យរាស្ត្រចាប់ផ្តើមយល់។ ហើយបើរាស្ត្រខ្មែរមិនទាន់យល់ មិនទាន់ស៊ីជម្រៅរឿងនយោបាយ មិនទាន់ទទួលការអប់រំខ្ពស់ទេ អ្នកនយោបាយនៅតែជិះសេះលែងដៃអ៊ីចឹង បើរាស្ត្រមិនទាន់រឹងមាំនោះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយថា ជាការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ ទាំងអ្នកដែលរស់នៅអាមេរិក ក៏ដូចជានៅកម្ពុជា អ្នកដែលមាននិន្នាការផ្សេងគ្នា តែងតែប៉ះទង្គិចគ្នាដោយពាក្យសម្តីគ្នាចៀសមិនរួចនោះទេ។
លោកថា៖ «ដោយសារតែមានទស្សនៈផ្សេងគ្នា វាតែងតែមានការប៉ះទង្គិចគ្នាទៅវិញទៅមកដោយចៀសមិនរួច អាហ្នឹងជារឿងធម្មតា! ហើយលោក ទូច វិបុល នេះ យើងដឹងហើយថា ពីមុនមក គាត់នៅជាមួយនរណា! ហើយដឹងឥលូវគាត់និយាយថា គាត់មានវិវាទកម្មជាមួយក្រុម សម រង្ស៊ី! ជាមួយ កឹម សុខា! អីអាហ្នឹងជារឿងផ្ទៃក្នុងរបស់គាត់ដែលមិនចុះសម្រុងគ្នាតាំងពីដើមមក»។
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា ការជេរប្រមាថវាបានរីករាលដាលខ្លាំងក្នុងសង្គមកម្ពុជាទាំងនៅលើបណ្តាញសង្គម។ លោកថា ទាំងសកម្មជននយោបាយ ក៏ដូចអ្នកនយោបាយ ពេលជួបគ្នា មិនដែលនិយាយគ្នាដោយសីលធម៌និងនិយាយពីការប្រកួតតាមគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍជាតិទេ ប៉ុន្តែពួកគេតែងតែយករឿងបុគ្គលមកវាយប្រហារនិងចោទប្រកាន់គ្នាបង្កជាភាពផុយស្រួយដល់ការបែកបាក់ជាតិ ។
លោកថា៖ «គន្លងនៃលម្អានវប្បធម៌នយោបាយចាស់ហ្នឹង ពិបាកនឹងកែណាស់កន្លងមកហ្នឹង! ប៉ុន្តែបើសិនជាអ្នកនយោបាយជំនាន់ថ្មីឬជំនាន់ក្រោយ មិនផ្លាស់ប្តូរ មិនងាកចេញពីគន្លងអ្នកនយោបាយចាស់ហ្នឹងទេ អាចធ្វើឱ្យបរិយាកាសនយោបាយនៅស្រុកខ្មែរហ្នឹងវាកាន់តែអាប់អួ ហើយការប្រឈមមុខគ្នាដោយផ្ទាល់ទាំងពាក្យសម្តី ទាំងទម្រង់ដទៃទៀត វានឹងអាចធ្វើឱ្យមានមហន្តរាយក្នុងសង្គមយើងកាន់តែធំឡើង»៕