អាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់គ្រឿងចក្រចំនួន៣គ្រឿងក្រោយធ្វើសកម្មភាពឈូសឆាយដីបឹងរបស់រដ្ឋមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតនិងខុសច្បាប់។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីសកម្មភាពគ្រឿងចក្រចំនួន៣គ្រឿងបានឈូសឆាយដីក្នុងអាងបឹងធំ ដើម្បីធ្វើជ្លូវនិងកាយក្រវាត់កំណត់ព្រំដីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។
អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា គ្រឿងចក្រទាំង៣គ្រឿងនោះត្រូវបានអាជ្ញាធរឃាត់យកមករក្សាទុកនៅសាលាស្រុកកាលពីយប់ម្សិលមិញ និងបានហៅម្ចាស់មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយបន្តទៀត រួមទាំងការផាកពិន័យផងដែរ។
តែយ៉ាងណា លោកមិនទាន់អាចប្រាប់ឈ្មោះអ្នកដែលប្រើប្រាស់គ្រឿងចក្រឈូសឆាយដីបឹងនោះបានទេ ដោយថា ក្រុមការងារកំពុងធ្វើកិច្ចការងារនេះ ហើយលោកមិនទាន់ទទួលបានរបាយការណ៍ពេញលេញនៅឡើយ។
អភិបាលស្រុករូបនេះបន្តថា អាងបឹងធំនេះត្រូវបានរដ្ឋាភិបាលចេញសេចក្តីជូនដំណឹង ឬ ស.ជ.ណ កាលពីឆ្នាំ២០០៩ ដើម្បីរក្សាការពារទុកជាអាងស្តុកទឹកសម្រាប់ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញបឹងអាស្រ័យផល ដូចជា នេសាទ និងប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មផ្សេងៗ ជាដើម។ លោកថា មួយរយៈចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានចូលទៅទន្ទ្រានយកដីអាងបឹងធំធ្វើកម្មសិទ្ធិទាំងខុសច្បាប់ជាបន្តបន្ទាប់។
លោកបន្ថែមថា៖ «បងប្អូនប្រជាពលរដ្ឋបានចូលទៅរំលោភយកដោយកាយព្រំពេញទឹកពេញដី ហើយយើងក៏ចាត់វិធានការ ចំណាត់ការ ចាប់យកគ្រឿងចក្រគាត់មករក្សាទុក ដើម្បីណែនាំគាត់និងឱ្យគាត់ធ្វើកិច្ចសន្យាឈប់ទៅធ្វើឬកែច្នៃលើដីហ្នឹងទៀត ពីព្រោះដីនេះ រដ្ឋមិនទាន់បានកំណត់ថា យកទៅវិនិយោគធ្វើអីឬអភិវឌ្ឍធ្វើអីដែរ។ វាជាអាងសម្រាប់ទប់ទឹកសម្រាប់ឱ្យកសិករស្រោចស្រពស្រែប្រាំង»។
អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង បានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះពលរដ្ឋណាដែលរឹងទទឹងក្នុងការចូលទន្ទ្រានកាន់កាប់ដីបឹងនោះទាំងខុសច្បាប់បន្តទៀត។
វីអូឌី មិនអាចរកការឆ្លើយតបពីម្ចាស់គ្រឿងចក្រឬអ្នកដែលប្រើប្រាស់គ្រឿងចក្រឈូសឆាយដីបឹងបានទេនៅថ្ងៃពុធនេះ។
ប៉ុន្តែតាមវីដេអូមួយដែលផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ អំពីសកម្មភាពឈូសឆាយដីបឹងនេះ គឺមានស្ត្រីម្នាក់ដែលបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា ដីដែលគ្រឿងចក្រកំពុងឈូសឆាយនោះជាដីរបស់បងស្រីគាត់ ឈ្មោះ ហ៊ុន ណារី ដែលទិញពីប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយ និងបានបង់ពន្ធជូនរដ្ឋផងដែរ ប៉ុន្តែមិនទាន់មានប្លង់រឹងនៅឡើយ។
ស្ត្រីរូបនេះអះអាងទៀតថា ការដាក់គ្រឿងចក្រមកឈូសឆាយធ្វើផ្លូវនិងក្រវាត់ព្រំដីនេះ គឺបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានត្រឹមត្រូវទៀតផង។
អ្នកស្រីនិយាយថា៖ «និយាយទៅ តំបន់នេះមានប្លង់រឹងអស់ហើយ ប៉ុន្តែពេលដែលបងស្រីខ្ញុំគាត់ទិញក្រោយហ្នឹង គាត់មកអត់ទាន់ពេលអាជ្ញាធរគេវាស់ចូលក្នុងប្រព័ន្ធ ហើយខ្ញុំទិញគេមានបង់ពន្ធប្រថាប់ត្រា»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរគ្រាន់តែឃាត់គ្រឿងចក្រនិងហៅម្ចាស់ទៅព្រមានឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដោយមិនចាត់វិធានការច្បាប់តឹងរ៉ឹងនោះទេ គឺមិនអាចទប់ស្កាត់ការរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិមានប្រសិទ្ធភាពឡើយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កេតឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធរនេះហាក់មានស្តង់ដារពីរ ព្រោះកន្លងមក បើសិនប្រជាពលរដ្ឋធម្មតាធ្វើសកម្មភាពរំលោភយកដីបឹងឬដីរដ្ឋផ្សេងៗ គឺអាជ្ញាធរបានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង រហូតមានការបញ្ជូនទៅតុលាការថែមទៀត។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន ឬអ្នកមានលុយនិងមានអំណាចវិញ លោកថា មិនត្រូវបានចាត់វិធានការច្បាប់តឹងរ៉ឹងបែបនេះឡើយ ដែលការធ្វើបែបនេះនឹងជំរុញឱ្យមាននិទណ្ឌភាពនៅក្នុងសង្គម។
លោកបន្ថែមថា៖ «ការដែលមិនអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ឱ្យបានត្រឹមត្រូវ វានឹងធ្វើឱ្យមាននិទណ្ឌភាព ហើយក្រុមហ៊ុនហ្នឹងគ្មានការរាងចាលទេ។ ថ្ងៃក្រោយ គាត់អាចធ្វើសកម្មភាពលើសហ្នឹងទៀត។ អ៊ីចឹងបញ្ហាត្រង់ហ្នឹង អាជ្ញាធរត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតចំពោះឈ្មួញឬក្រុមហ៊ុនដែលរំលោភយកដីសាធារណៈរបស់រដ្ឋ ក៏ដូចជារំលោភយកដីរបស់ប្រជាពលរដ្ឋហ្នឹង»។
បើតាមអភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង បញ្ជាក់ថា អាងបឹងធំមានទំហំប្រហែល៨០០ហិកតា ដែលមានប្រជាពលរដ្ឋប្រហែលជា៣ឃុំ រស់នៅជុំវិញនិងអាស្រ័យផលពីបឹងមួយនេះ។
កាលពីខែឧសភា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទៅឣភិបាលរាជធានី-ខេត្តឱ្យពង្រឹងការទប់ស្កាត់ការចាក់ដីរំលោភចូលចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹង។ សេចក្តីណែនាំនេះធ្វើឡើងក្រោយពីក្រសួងមើលឃើញថា បញ្ហាការចាក់ដីរំលោភចូលចំណីមាត់ច្រាំងទន្លេ ស្ទឹងព្រែក អូរ ប្រឡាយ អាងទឹក និងបឹង មានការកើនឡើងគួរឱ្យបារម្ភ។
ក្រសួងធនធានទឹក លើកឡើងទៀតថា ការចាក់ដីរំលោភចូលតំបន់ទាំងនោះបានបង្កបញ្ហាដល់លទ្ធភាព នៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដូចជាគ្រោះទឹកជំនន់ជាដើម៕