ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតគណបក្សថ្មីមួយទៀតដែលមានឈ្មោះថា «គណបក្សកម្ពុជានិយម» ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។
លិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សកម្ពុជានិយម ដើម្បីចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។
គណបក្សកម្ពុជានិយម ដែលសរសេរជាអក្សរកាត់ «ប.ក» និងមានអាសយដ្ឋាននៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លិខិតដដែលនេះបញ្ជាក់ថា ដើម្បីអាចធ្វើសកម្មភាពនយោបាយបានដោយស្របច្បាប់ ក្នុងរយៈពេល១៨០ថ្ងៃ។ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សនេះត្រូវរៀបចំបែបបទនិងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របទៅតាមមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះអះអាងថា គណបក្សថ្មីនេះ មានស្ថាបនិកឈ្មោះ អូក អ៊ី ដែលជាអតីតយុវជនគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សស្និទ្ធជាមួយលោក យ៉ែម បុញ្ញឬទ្ធិ។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយជាង៤០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៥ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថា ជារបស់លោក ថាច់ សេដ្ឋា៕