មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច បានបង្ហើបថា លោកស្រី មូរ សុខហួរ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀតដែលជាប់បណ្តឹងនៅតុលាការនិងសកម្មរឿងប្រឆាំងជាមួយរដ្ឋាភិបាល ជាគោលដៅមួយដែលមិនត្រូវបានផ្តល់សិទ្ធិឱ្យធ្វើនយោបាយឡើងវិញ ទោះបីពួកគេដាក់ពាក្យស្នើសុំក៏ដោយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ VOD កាលពីថ្ងៃម្សិលមិញថា អតីតមន្ត្រីបក្សប្រឆាំងដែលតុលាការហាមធ្វើនយោបាយ ពួកគេអាចដាក់ពាក្យស្នើសុំធ្វើនយោបាយឡើងវិញបាន ស្របតាមគោលការណ៍ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម ក្រោមលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃដែលបានណែនាំកន្លងមក។
ប៉ុន្តែលោកគូសបញ្ជាក់ថា លោកស្រី មូរ សុខហួរ និងបុគ្គលមួយចំនួនទៀតដែលពាក់ព័ន្ធនឹងផ្លូវតុលាការ ហើយធ្លាប់ធ្វើសកម្មភាពស្រួចស្រាល់ប្រឆាំងនឹងរដ្ឋាភិបាលនោះ គឺពួកគេមិនទទួលបានសិទ្ធិនេះទេ។
លោកថា៖ «ដូចជាករណីលោកមេធាវី ជូង ជូងី ឬមួយលោក ញឹម គឹមញុល [អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ] អីជាដើមហ្នឹង! […] ដូចជាយាយ ហួរ [លោកស្រី មូរ សុខហួរ] អី! នៅស្ពាននាគក្បែរវត្តភ្នំ [ដែលធ្លាប់ដឹកនាំការតវ៉ានៅស្ពាននាគក្បែរវត្តភ្នំ]»។
លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះថា ជាការភ័យខ្លាចសំឡេងប្រឆាំងដែលតែងតែការពារប្រយោជន៍ជាតិនិងប្រជាជន។
លោកស្រីថា៖ «ពលរដ្ឋខ្មែរយល់ច្បាស់ណាស់ថា នរណាជាអ្នកការពារផលប្រយោជន៍ជីវិតប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិ! អ៊ីចឹងហើយបានជាគណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន មិនអាចទទួលយកនូវពួកយើងខ្ញុំបានទេ ព្រោះពួកយើងខ្ញុំនិយាយការពិត មិននិយាយការពារ អ្នកល្មើសនឹងច្បាប់ អ្នកលួចទ្រព្យសម្បត្តិជាតិ»។
ប៉ុន្តែមន្ត្រីស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្រ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដែរនោះ អះអាងថា តាមពិត មន្ត្រីអតីតបក្សប្រឆាំងទៅវិញទេដែលទុកឱកាសឱ្យគណបក្សកាន់អំណាចកែប្រែការដឹកនាំប្រទេសឱ្យត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យវិញ។ តែយ៉ាងណា លោកចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ ថាហាក់ជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយនៅពេលខាងមុខ។
លោកថា៖ «យើងទុកពេលឱ្យគាត់ បើគាត់អត់ថយទេ អាហ្នឹងមានន័យថា រដ្ឋាភិបាលបង្រួបបង្រួមជាតិនឹងចេញហើយ! ប៉ុន្តែយើងអត់ចង់ឱ្យមានដល់ថ្នាក់ហ្នឹង ប៉ុន្តែគាត់ធ្វើអ៊ីចឹង យើងនឹងធ្វើ! ហើយឥលូវនេះយើងកំពុងធ្វើការជាមួយអ្នកនៅអាស៊ាន»។
តំណាងសហគមន៍នៅខេត្តកំពត អ្នកស្រី ឃីម ស្រីល័ក្ខ និយាយថា ជម្លោះនយោបាយដែលបានកើតឡើងជាង៣ឆ្នាំមកនេះ បង្កឱ្យមានការលាបពណ៌ដាក់គ្នានៅក្នុងសហគមន៍ និងបង្កើតជាវិបត្តិផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អ្នកស្រីចង់ឃើញអ្នកនយោបាយរួមគ្នាដោះស្រាយបញ្ហាពលរដ្ឋ ជាជាងគិតតែពីការការពារអំណាច។
អ្នកស្រីថា៖ «ក្នុងនាមខ្ញុំប្រជាពលរដ្ឋ ខ្ញុំចង់ឱ្យអ្នកនយោបាយហ្នឹង រួមគ្នាគិតពីប្រជាពលរដ្ឋដែលកំពុងតែអត់ឃ្លាន ហើយរឿងសំខាន់មួយទៀត ប្រទេសយើងកំពុងតែជួបញ្ហាប្រឈមមែនទែនជាមួយកូវីដ។ អ៊ីចឹងចង់ឱ្យពួកគាត់ហ្នឹងលះបង់អំណាចហ្នឹងខ្លះទៅ ថយមកគិតពីសុខភាពហើយនិងក្រពះរបស់ប្រជាពលរដ្ឋខ្លះផង ព្រោះអីប្រជាពលរដ្ឋឥលូវហ្នឹងវេទនាខ្លាំងណាស់រឿងប្រាក់កាស ហើយជំពាក់ធនាគារហ្នឹងគ្រប់គ្រួសារ»។
អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា សាររបស់មន្ត្រីបក្សកាន់អំណាច មិនមានអ្វីចម្លែកនោះទេ ព្រោះជ័យជម្នះដែលបក្សកាន់អំណាចមានបច្ចុប្បន្នបានមកពីការប្រកួតខ្វះតម្លាភាព ខណៈប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់បក្សកាន់អំណាចដើរតួជាអ្នករៀបចំកម្មវិធីក្រកួតផង ធ្វើជាកីឡាករផង និងធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីផង។
លោកថា៖ «បើយើងនិយាយឱ្យធ្ងន់បន្តិចតាមរបៀបអ្នកលេង វាអត់ថ្លៃថ្នូរទេនៅក្នុងការកម្ចាត់ដៃគូនៅខាងក្រៅសង្វៀន ហើយយើងទៅលើកទង់ជោគជ័យនៅលើសង្វៀននោះ»។
លោកយល់ថា ដើម្បីបញ្ចៀសកម្ពុជាពីការដាក់គំនាបសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ និងការពារទីផ្សារការងារសម្រាប់ពលរដ្ឋច្រើនលាននាក់ រដ្ឋាភិបាលគួរងាកទៅរៀបចំការប្រកួតប្រជែងនយោបាយនៅលើសង្វៀនប្រជាធិបតេយ្យឱ្យដំណើរការទៅ ប្រកបដោយសេចក្តីថ្លៃថ្នូរនិងតម្លាភាព ហើយអ្នកឈ្នះគឺឈ្នះដោយកិត្តិយស រីឯអ្នកចាញ់ក៏ចាញ់ដោយអស់ចិត្ត។
លោកស្រី មូរ សុខហួរ និងអតីតមេដឹកនាំ៨រូបទៀត រួមមាន លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, អ្នកស្រី ជូឡុង សូមួរ៉ា និងលោក ម៉ែន សុថាវរិន្ទ្រ ជាដើម ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចម្លោះពី២០ទៅ២៥ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោត ក្រោមបទចោទពីបទ«ឧបឃាត» ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
តែយ៉ាងណា ក្រោយមានការផ្តន្ទាទោសនេះ តំណាងស្ថានទូតរបស់ប្រទេសលោកសេរីប្រចាំកម្ពុជា រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ជាដើម បានទាមទារឱ្យកម្ពុជាវិលទៅរកតុចរចា ដើម្បីផ្សះផ្សាជាតិ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕