មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក (CMAC) ចាប់ផ្ដើមប្រតិបត្តិការផ្គត់ផ្គង់សុនខទៅអន្តរជាតិ បន្ទាប់ពីទិញឬសុំសុនខពីបរទេសរហូតមក ក្នុងនោះ កម្ពុជាបានលក់សុនខចំនួន៦ក្បាលទៅឱ្យប្រទេស២នៅប៉ែកខាងអាហ្រ្វិក។
ទំព័រហ្វេសប៊ុករបស់ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះអំពីការចេញដំណើររបស់សុនខទាំង៦ក្បាលដែលត្រូវបានប្រទេសកេនយ៉ា និងប្រទេសស៊ូដង់ខាងត្បូង ទិញពីកម្ពុជាយកទៅបន្តកិច្ចប្រតិបត្តិការស្វែងរកមីននៅប្រទេសទាំងនេះ។
លោក ហេង រតនា មានប្រសាសន៍ប្រាប់ វីអូឌី បន្ថែមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ការផ្គត់ផ្គង់សុនខទៅបរទេសនេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍នៃការស្វែងរកមីនរបស់សុនខ រវាងប្រទេសកម្ពុជានិងប្រទេសដដៃទៀត។ ជាមួយគ្នានេះ លោកថា ក៏ដើម្បីលើកកម្ពស់កិត្យានុភាពជាតិផងដែរ។
លោកបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សុនខទាំងនោះ នឹងត្រូវបានយកទៅប្រើប្រាស់ក្នុងកិច្ចការរបស់គម្រោងសុនខដើម្បីស្វែងរកមីនបន្ថែមទៀត ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីចំនួនថវិកាលក់សុនខទាំងនោះទេ។
លោកមានប្រសាសន៍ដូច្នេះថា៖ «យើងមានសមត្ថភាពអាចបង្ហាត់ហ្វឹកហ្វឺនសុនខបាន ហើយមូលហេតុសំខាន់ ទីមួយ គឺយើងចង់ផ្លាស់ប្ដូរបទពិសោធន៍របស់យើងទៅឱ្យប្រទេសដទៃបានទទួលនូវបទពិសោធន៍ និងសមត្ថភាពនៃការហ្វឹកហ្វឺនសុនខរបស់យើងនៅក្នុងការរុករកគ្រាប់មីន។ កិច្ចការមនុស្សធម៌នេះមានសារៈសំខាន់ក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។ ចំណុចទី២ ជាចំណុចសំខាន់ដែរ គឺដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសប្រជាជនកម្ពុជា ខ្មែរអាចធ្វើបាន»។
ក្នុងសារដែលបានបង្ហោះនៅក្នុងទំព័រហេ្វសបុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក ហេង រតនា អះអាងថា ក្រុមជំនាញសុនខរបស់ស៊ីម៉ាកពិតមានមោទកភាពបន្ទាប់ពីបានកែប្រែស្ថានភាពពីទិញឬសុំសុនខពីបរទេសមកប្រតិបត្តិការនៅប្រទេសកម្ពុជា រហូតក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិវិញ។ លោកបានបញ្ជាក់ថា ក្រៅពីផ្គត់ផ្គង់សុនខទៅអន្តរជាតិ ស៊ីម៉ាកនៅតែបន្តគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេសកម្ពុជាដដែល។
យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បង្ហាញថា តំបន់ចម្ការមីននិងចម្ការគ្រាប់មិនទាន់ផ្ទុះដែលបានរំដោះរួច មានទំហំ១ ០៨២ ២៨៧ ៥៨២គីឡូម៉ែត្រការ៉េ។ ដោយឡែក ចំនួនមីនដែលបានរកឃើញនិងបានបំផ្លាញចោល មានចំនួន៥៤២ ៤៦៣គ្រាប់ រីឯចំនួនគ្រាប់មិនទាន់ផ្ទុះដែលត្រូវបានរកឃើញនិងបំផ្លាញចោល មានចំនួន២ ២៣២ ៤៦២គ្រាប់។ ដោយឡែក ចំនួនទីតាំងដែលបានរកឃើញភស្តុតាងនៃធុងសារធាតុគីមី មានចំនួន៧១ទីតាំង៕