រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ដើម្បីសិក្សានិងស្រាវជ្រាវឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈការឆ្លងរាលដាលជំងឺនេះនៅបន្តឆ្លងលើពលរដ្ឋជាច្រើនរយនាក់ជារៀងរាល់ថ្ងៃ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារសិក្សានិងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (THYDA ) ជាប្រធាន និងមានអនុប្រធាននិងសមាជិកចំនួន១៣រូបបន្ថែមទៀត។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលបន្តថា ក្រុមការងារនេះនឹងទទួលខុសត្រូវលើការស្រាវជ្រាវនិងស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់ដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលឬបង្ការជំងឺកូវីដ-១៩ និងសិក្សា ស្រាវជ្រាវ និងស្វែងរកឧបករណ៍តេស្តរកមេរោគកូវីដ-១៩ដែលមានប្រសិទ្ធភាព មានភាពងាយស្រួលក្នុងការប្រើប្រាស់និងតម្លៃទាបសមរម្យ។
ក្រុមការងារនេះក៏មានភារកិច្ចសិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខារពេទ្យចាំបាច់ដទៃទៀត ដើម្បីបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេស ឬបណ្តាញចែកចាយឱសថបរទេស ឬអង្គការ ឬភ្នាក់ងារអន្តរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងឱសថ ដើម្បីស្វែងរកឱសថសម្រាប់ការព្យាបាលឬការបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឱសថនោះ។
ក្រៅពីនោះ ក្រុមការងារនេះក៏ត្រូវធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឬបណ្តាញចែកចាយឧបករណ៍តេស្តរកមេរោគកូវីដ-១៩ និងបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីទទួលបានព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍តេស្តឬបរិក្ខារទាំងនោះ សិក្សាអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃឱសថសម្រាប់បម្រើឱ្យការបង្ការឬការព្យាបាលជំងឺកូវីដ-១៩។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលក៏បានណែនាំដល់ក្រុមការងារនោះ ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឱសថសម្រាប់ការបង្ការឬព្យាបាលជំងឺកូវីដ-១៩ និងការដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺផ្លូវដង្ហើមមួយនេះ រួមទាំងភារកិច្ចមួយចំនួនទៀត។
សេចក្តីសម្រេចដដែល បន្ថែមថា រាល់ការចំណាយពាក់ព័ន្ធនឹងការសិក្សា និងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច៕