ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកប្រុងប្រយត្នការបោកបញ្ឆោតរបស់ក្រុមចោរបច្ចេកវិទ្យា «លួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ» ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារឱ្យធ្វើបែបនេះនោះទេ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងកាលពីថ្ងៃ៣១ ខែកក្កដាម្សិលមិញនេះថា កាលពីពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដែលមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។
ករណីនេះ ក្រសួង បានដាស់តឿនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវប្រុងប្រយត្នខ្ពស់ និងក្រើនរំឮកដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ ដើម្បីកុំឱ្យចាញ់ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ផងដែរ ៕