លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាជាបន្ទាន់ឱ្យអាជ្ញាធរដឹកពលករមកពីថៃដែលកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលជាប់ព្រំដែនទាំងអស់ យកមកធ្វើចត្តាឡីស័កនៅតាមខេត្តរៀងៗខ្លួន ដោយថា ដើម្បីទុកកន្លែងនោះទទួលយកពលករផ្សេងទៀតដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
តាមរយៈសារពិសេសពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អភិបាលរាជធានី-ខេត្តទាំងអស់ដែលមានពលករត្រឡប់មកពីប្រទេសថៃវិញ ត្រូវរៀបចំឱ្យបានច្បាស់លាស់ ដោយបញ្ជូនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលមានស្ថានភាពធូរស្រាល ឱ្យទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះរៀងៗខ្លួនវិញ។
លោកបន្តថា ការរៀបចំបែបនេះ ដើម្បីត្រៀមកន្លែងសម្រាប់ទទួលពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យធ្វើចត្តាឡីស័កបន្ត ហើយអាជ្ញាធរត្រូវរៀបចំមណ្ឌលសម្រាប់ចត្តាឡីស័កបន្ថែមទៀត។
លោកថា៖ «អ៊ីចឹងម្ខាងត្រូវរៀបចំកន្លែងថ្មី ហើយម្ខាងទៀតត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័កទៅធ្វើចត្តាឡីស័កតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបម្រុងទុកសម្រាប់ទទួលបងប្អូនមកពីប្រទេសថៃ»។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យកងកម្លាំងខេមរភូមិន្ទបញ្ចេញរថយន្តចំនួន២០០គ្រឿងដែលបានត្រៀមបន្ថែម ទៅដឹកពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលព្រំដែនកម្ពុជា-ថៃ បានចំនួន៧ថ្ងៃហើយនោះ ត្រូវដឹកមកធ្វើចត្តាឡីស័កបន្តនៅតាមខេត្តរៀងៗខ្លួន។
លោកបន្តថា៖ «ក្នុងករណីដែលបងប្អូនមកលើសហួសការកំណត់ គឺត្រូវតែអនុវត្តមកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកកាន់ខេត្តខាងក្នុងតែម្ដង ដើម្បីយកមកធ្វើចត្តាឡីស័កខាងក្នុង។ ដូច្នេះ បញ្ហាហ្នឹងជាបញ្ហាបន្ទាន់ សម្រាប់ឱ្យមន្ត្រីរបស់យើងធ្វើកិច្ចការងារនេះជាបន្ទាន់ ទាំងខាងមុខ ទាំងខាងក្រោយ។ សូមអំពាវនាវសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួលចុះជួយចំពោះខេត្តរាជធានី ជួយឧបត្ថម្ភនិងមើលការខុសត្រូវខេត្ត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ តាមរយៈអ្នកដែលមាននៅខាងក្នុងជាស្រេច»។
ការដាក់ចេញវិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងអាជ្ញាធរកម្ពុជាបានបិទព្រំដែនកម្ពុជា-ថៃមិនឱ្យពលករខ្មែរនៅថៃចូលមកកម្ពុជាវិញ ខណៈប្រទេសថៃកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទ«ដែលតា»។
អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងអនុវត្តជាបន្ទាន់ទៅតាមផែនការដាក់ចេញដោយនាយករដ្ឋមន្រ្តី។ លោកថា រដ្ឋបាលខេត្តនឹងផ្ទេរពលករដែលកំពុងធ្វើចត្តាឡីស័កទៅបន្តដាក់ខ្លួនដាច់ដោយឡែកនៅតាមមណ្ឌលក្នុងឃុំស្រុកដែលពួកគេរស់នៅ។
បើតាមអភិបាលរងខេត្តរូបនេះ រដ្ឋបាលខេត្តកំពុងរៀបចំមណ្ឌលចត្តាឡីស័កសម្រាប់មនុស្ស៣ ០០០នាក់បន្ថែមទៀត នៅស្រុកអន្លង់វែង ដែលនឹងរួចរាល់ក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្ន អាជ្ញាធរខេត្តបានត្រៀមរួចរាល់នៅមណ្ឌលដែលអាចដាក់ពលករបានចំនួន៣ ០០០នាក់ និងមណ្ឌលសម្រាកព្យាបាលបានពី២ ០០០ទៅ២ ៥០០នាក់។
លោក ឌី រ៉ាដូ មានប្រសាសន៍ថា៖ «ពេលដែលព្រំដែនបើកឡើងវិញ អាចមានបងប្អូនច្រើន! ដូច្នេះ អនុវត្តទៅតាមបទបញ្ជារបស់សម្តេច ខេត្តរបស់យើងខ្ញុំនឹងត្រៀមមណ្ឌលដែលដាក់ពលករបច្ចុប្បន្ននេះទៅខេត្តសាម៉ីរៀងៗខ្លួនហើយ។ ហើយត្រៀមទទួលបងប្អូនពលករដែលត្រឡប់មកវិញ នៅពេលដែលយើងបើកព្រំដែន»។
ចំណែកអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី លើកឡើងថា រដ្ឋបាលខេត្តបានត្រៀមខ្លួនអនុវត្តបទបញ្ជារួចរាល់ក្នុងការផ្ទេរពលករទៅបន្តធ្វើចត្តាឡីស័កតាមមណ្ឌលនៃបណ្តាខេត្តដែលពួកគេរស់នៅ សម្រាប់ត្រៀមទទួលពលករដែលទើបត្រឡប់មកថ្មី។ លោកបន្ថែមថា ពលករខ្មែរដែលកំពុងជាប់ខាងព្រំដែនប្រទេសថៃជាមួយនឹងខេត្តកោះកុង គឺនៅសល់តែជាង២០នាក់ប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ឥលូវនេះ យើងមានកន្លែងសម្រាប់៧០០នាក់ ប៉ុន្តែគ្រាន់តែថា ប្រសិនបើមានមកលើសហ្នឹង ហើយមានកន្លែងបន្តបន្ទាប់ទៀត»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា សាទរការទទួលពលករខ្មែរមកពីថៃចូលមកកម្ពុជាវិញ ប៉ុន្តែលោកបង្ហាញក្ដីបារម្ភចំពោះការដឹកពលករមកធ្វើចត្តាឡីស័កតាមផ្ទះ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីចូលក្នុងសហគមន៍ បើសិនជាធ្វេសប្រហែស។ ករណីនេះ លោកថា រដ្ឋាភិបាលគួររៀបចំកន្លែងធ្វើចត្តាឡីស័កផ្សេង ដើម្បីដាក់ពួកគាត់។
ក្រៅពីទទួលពលករខ្មែរជាប់នៅតាមព្រំដែនហើយ លោក មឿន តុលា ស្នើឱ្យរដ្ឋាភិបាលទៅដឹកពលករខ្មែរនៅតាមខេត្តនានាក្នុងប្រទេសថៃមកកម្ពុជា ខណៈពួកគាត់កំពុងជួបការលំបាកខ្លាំង។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ “ដែលតា (Delta)” ដែលមានប្រភពចេញពីប្រទេសឥណ្ឌា នៅលើពលករខ្មែរត្រឡប់ពីថៃ អ្នកដំណើរមកតាមជើងហោះហើរ និងបុគ្គលិកសុខាភិបាល រួមទាំងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៣២៧នាក់៕