មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អះអាងថា រដ្ឋាភិបាលកំពុងតែធ្វើការដោយយកចិត្តទុកដាក់បំផុតជាមួយភាគីពាក់ព័ន្ធ ចំពោះករណីដែលមានការលួចនាំប្រេងឆៅចេញពីកម្ពុជា ពីសំណាក់ម្ចាស់បំណុលរបស់ក្រុមហ៊ុនបូមប្រេងឈ្មោះ គ្រីសអែនណឺជី (Kris Energy)។
មន្រ្តីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានប្រាប់ វីអូឌី នៅថ្ងៃទី៦ ខែសីហា ថា ពេលនេះ គ្រប់ភាគីដែលជាប់ពាក់ព័ន្ធនឹងការលួចនាំប្រេងឆៅចេញពីកម្ពុជានេះ កំពុងតែដោះស្រាយរួមគ្នា។ លោកបន្ថែមថា មកដល់ពេលនេះ លោកមិនអាចផ្តល់ព័ត៌មានពិស្តារអំពីនីតិវិធីដាក់បណ្តឹងឬប្តឹងទៅខាងណា ដើម្បីទទួលបានយុត្តិធម៌ក្នុងរឿងនេះនៅឡើយទេ។
លោកបន្តថា៖ «ហ្នឹងហើយ ខ្ញុំកំពុងជាប់ប្រជុំ។ យើងកំពុងតែធ្វើការហើយ ចាំមើលមានវឌ្ឍនភាពអីទៅមុខទៀតទៅ ចាំផ្តល់ដំណឹង។ ឥលូវនេះ យើងកំពុងតែធ្វើការ យើងអត់អាចប្រាប់លម្អិតបានដែរ។ អត់បានទាន់ប្រាប់បានទេ យើងកំពុងធ្វើការតាមផ្លូវច្បាប់»។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា ប្រេងឆៅកម្ពុជាជិត៣០ម៉ឺនប៉ារ៉ែល (២៩ម៉ឺន) ត្រូវបានក្រុមហ៊ុន គ្រីសអែនណឺជី (Kris Energy) លួចដឹកចេញពីទីតាំងអណ្តូងប្រេងទៅកាន់ប្រទេសថៃ តាមរយៈកប៉ាល់ដែលផ្ទុកប្រេងរបស់ក្រុមហ៊ុននេះ។
លោក ជៀប សួរ ធ្លាប់ប្រាប់ថា អ្នកដែលបញ្ជាឱ្យអ្នកបើកកប៉ាល់លួចប្រេងនេះ គឺជាម្ចាស់បំណុលរបស់ក្រុមហ៊ុន គ្រីសអែនណឺជី។
លោកឧត្តមនាវីឯក ទា សុខា មេបញ្ជាការរងជើងទឹក និងជាមេបញ្ជាការជួរមុខនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃសុក្រនេះ បានបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិតអំពីចំណាត់ការរបស់កងកម្លាំងឆ្មាំសមុទ្រដែលលោកទទួលខុសត្រូវ។
លោកបន្តថា៖ «អត់ទាន់ទេ! ឥលូវនេះកំពុងជាប់ប្រជុំបន្តិចសិន»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាងក្រុមហ៊ុន គ្រីសអែនណឺជី (Kris Energy) បានទេ។
នៅពេលនេះ កម្ពុជាសម្រេចផ្អាកបូមប្រេងទាំងស្រុងហើយ បន្ទាប់ពីក្រុមហ៊ុន គ្រីសអិនណឺជី ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបូរី បានប្រកាសពីការក្ស័យធនរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។ ក្រុមហ៊ុន Kris Energy បានរកឃើញតំណក់ប្រេងជាលើកដំបូងនៅចុងឆ្នាំ២០២០ បន្ទាប់មកក្រុមហ៊ុននេះប្រកាសក្ស័យធនដោយសារជាប់បំណុល។
ក្រោយមក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Kris Energy បានប្រកាសថា ខ្លួនពិតជា មិនអាចមានលទ្ធភាពសងបំណុលទាំងប្រាក់ដើមនិងការប្រាក់នោះទេ។
ការប្រកាសពីការក្ស័យធននេះ ត្រូវបានភាគីក្រុមហ៊ុនបញ្ជាក់ថា មូលសំខាន់គឺការធ្លាក់ចុះកម្រិតប្រេងដែលរកឃើញនៅអណ្តូងអប្សរា ឬប្លុកអេ។ ការប៉ាន់ស្មានក្នុងជំហានដំបូង ក្រុមហ៊ុនរំពឹងថា ប្រេងឆៅអាចនឹងបូមបានជាង៧ពាន់ធុងក្នុងមួយថ្ងៃ ប៉ុន្តែជាក់ស្តែង ប្រេងដែលបូមបានមិនដល់៣ពាន់ធុងនោះទេ។
យ៉ាងនេះក្តី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ចំពោះករណីលួចនាំប្រេងឆៅរបស់កម្ពុជាទៅកាន់ប្រទេសជិតខាងនេះ ឆ្មាំសមុទ្រកម្ពុជា ទទួលខុសត្រូវមួយផ្នែកធំបំផុត។ លោកដាក់ជាចម្ងល់ថា តើមានមូលហេតុអ្វីខ្លះនៅពីក្រោយនៃការបើកផ្លូវឱ្យនាវាដឹកប្រេងឆៅ អាចចេញទៅបានដោយស្រួល ដោយមិនមានការត្រួតពិនិត្យពីឆ្មាំសមុទ្រដូច្នេះទៅវិញ។
លោកបន្តថា៖ «នេះជាសំណួរដ៏ធំមួយដែលយើងត្រូវសួរទៅឆ្មាំសមុទ្ររបស់យើង ជាពិសេសមេដឹកនាំនៃឆ្មាំសមុទ្រហ្នឹង គាត់ត្រូវទទួលខុសត្រូវព្រោះកប៉ាល់ធំ ហើយធម្មតាចេញពីដែនយើងទៅដែននៃប្រទេសផ្សេង គឺត្រូវមាននីតិវិធី ត្រូវមានឯកសារសុំអនុញ្ញាតជាក់លាក់។ អ៊ីចឹងកន្លែងដែលយើងឆ្ងល់ហើយសំណួរត្រូវសួរដេញដោលទៅថ្នាក់ដឹកនាំឆ្មាំសមុទ្រកម្ពុជាហ្នឹង តើមូលហេតុអីបានជាយើងបណ្តោយឱ្យកប៉ាល់ដ៏ធំបែបនេះ [អាចលួចដឹកប្រេងចេញទៅបាន] ដោយយើងអត់ដឹង? ទម្រាំតែយើងដឹង កប៉ាល់ហ្នឹងបានចូលដល់ដែនដីប្រទេសថៃ បានន័យថា យើងផុតដែនសមត្ថកិច្ចក្នុងការចាប់យកកប៉ាល់ហ្នឹងមកវិញ»។
បើតាមលោក ប៉ិច ពិសី ក្រុមហ៊ុន គ្រីសអិនណឺជី នេះ ទើបតែបូមប្រេងឆៅបាននៅក្នុងអណ្តូងប្រេងអប្សរា ឬប្លុកអេនេះ នៅក្នុងបរិមាណផ្ទៃដីចំនួន១១០គីឡូម៉ែត្រការ៉ែនៅឡើយទេ ខណៈកម្ពុជាមានសក្ដានុពលអាចទាញយកប្រេងបានពីក្នុងប្លុកអេនេះមួយមានរហូតដល់ទៅជាង៣ ៣០០គីឡូម៉ែត្រការ៉េទៀត៕