ឃុំកំពង់ភ្លុក ជាឃុំមួយដែលស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីក្រុងសៀមរាប។ ឃុំនេះមានភូមិចំនួន៣ រួមមាន ភូមិគោកក្ដុល ភូមិត្នោតកំបុត ភូមិដីក្រហម ដែលមានពលរដ្ឋជិត១ ០០០គ្រួសារ ហើយប្រជាពលរដ្ឋរស់នៅទីនោះភាគច្រើនពឹងផ្អែកលើរបរនេសាទ ទេសចរណ៍ និងការចិញ្ចឹមសត្វ។
អ្នកភូមិដែលរស់នៅលើបឹងទន្លេសាបមួយនេះ បានត្អូញត្អែរពីបញ្ហាប្រឈមក្នុងការប្រកបមុខរបរនេសាទនាពេលបច្ចុប្បន្ន ដោយសារត្រីចេះតែខ្សត់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយចរន្តទឹកបឹងទន្លេសាបក៏លែងទៀងទាត់ដូចពេលមុនដែរ។ ក្រៅពីបញ្ហាប្រឈមដ៏ធំនេះ អ្នកភូមិក៏កំពុងប្រឈមបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃថែមទៀតផង។
ព្រះអាទិត្យកំពុងតែចែងចាំងពន្លឺលើផ្ទៃទឹកនៃដងទន្លេសាបដែលស្ទើរតែរីងស្ងួតហួតហែង ខណៈទឹកទន្លេដែលធ្លាប់តែថ្លា បានប្រែពណ៌ទៅជាពណ៌ទឹកដោះខាប់ អមដោយទូកជាច្រើនចម្រុះពណ៌កំពុងចតច្រូងច្រាងនៅតាមមាត់ច្រាំងទន្លេសាប។
មានសម្បុរស្រអែម មិនពាក់អាវ មានតែខោជើងខ្លី លោក ស៊ាម ហ៊ួត ជាពលរដ្ឋម្នាក់រស់នៅឃុំកំពង់ភ្លុក ឱ្យដឹងថា លោកបានប្រកបមុខរបរជាអ្នកនេសាទរយៈពេល៣០ឆ្នាំមកហើយ។
បុរសវ័យ៤៣ឆ្នាំរូបនេះ កត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បរិមាណទឹកភ្លៀងក្នុងរដូវវស្សាហាក់មិនសូវធ្លាក់ច្រើនដូចមុនទេ ហើយទឹកទន្លេហាក់មានសភាពរាក់ជាងមុន ដែលបណ្ដាលឱ្យអ្នកនេសាទដូចជារូបគាត់ពិបាកក្នុងការប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត។
លោកនិយាយថា៖ «យើងអត់សូវបានដាំដំណាំប៉ុន្មានទេ ប្រឈមមុខនឹងត្រីរកវាមិនបាន អត់មានភ្លៀង ត្រីវាអត់មានឡើងដែរ ត្រីសម្ងំនៅតែតាមដី»។
ក្រៅពីប្រឈមនឹងមុខរបរប្រចាំថ្ងៃ លោក ស៊ាម ហ៊ួត ក៏អះអាងថា ពលរដ្ឋនៅទីនោះក៏ជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ដែរនៅរដូវប្រាំង ដោយសារតែអណ្តូងដែលធ្លាប់មានទឹក ក៏ប្រែជារីងស្ងួតលែងមានទឹកដូចមុនដែរ។
លោកបន្ថែមថា៖ «ខ្ញុំមិនមានទឹកស្អាតប្រើប្រាស់ទេ គឺមានតែប្រើប្រាស់ទឹកអណ្តូងសម្រាប់ដាំបាយ ហើយទឹកភ្លៀងសម្រាប់ផឹក។ ប៉ុន្តែបើមិនមានទឹកភ្លៀងនិងអណ្តូងទេ គឺត្រូវតែទិញគេប្រើដើម្បីផឹក ដោយទឹកមួយធុងមានតម្លៃ២ ៥០០រៀល ហើយផឹកបានប្រហែលជាពីរទៅបីថ្ងៃ […] នៅពេលដែលខ្វះទឹកស្អាតប្រើប្រាស់ វាពិតជាពិបាកហួសពីពិបាក មិនដឹងថាត្រូវនិយាយយ៉ាងណាទេ»។
កំពុងអង្គុយលើទូក ដោយដៃខាងស្តាំកាន់ស្នាចបាចទឹកទូកបណ្តើរនោះ លោក ស៊ាម ហ៊ួត បាននិយាយទៀតថា ដោយសារពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ បណ្ដាលឱ្យត្រីនៅតាមបឹងទន្លេសាបនៅមិនទាន់អាចឡើងមកពងនៅតាមព្រៃលិចទឹកបាននៅឡើយ បើទោះបីពេលនេះដល់រដូវត្រីពងក៏ដោយ។
តំបន់ដីសើមនិងព្រៃជុំវិញបឹងទន្លេសាបដែលលិចលង់ជាមួយទឹកបឹងនេះ ត្រូវបានគេស្គាល់ថា ជាតំបន់សម្បូរទៅដោយជីវចម្រុះ ត្រី សត្វ និងរុក្ខជាតិផ្សេងៗទៀត។
ប្រជានេសាទម្នាក់ទៀត អ្នកស្រី ទ្រី សុហុន វ័យ២៩ឆ្នាំ បានលើកឡើងប្រហាក់ប្រហែលគ្នានេះដែរថា ថ្វីត្បិតតែនៅឆ្នាំនេះ ផ្ទៃមេឃមានសភាពស្រទំច្រើន និងបានបង្អុរភ្លៀងខ្លះក៏ដោយ ប៉ុន្តែបរិមាណទឹកភ្លៀងដែលធ្លាក់មកហាក់តិចជាងបណ្តាឆ្នាំមុនៗ។
អ្នកស្រី សុហុន និយាយថា៖ «ពិបាក [រកត្រី] កាលណាវាអត់ភ្លៀងទៅ ទឹកវាអត់ឡើង អត់ខ្យល់ទៀត វា [ត្រី] អត់ចូលលបចូលអី [លបសម្រាប់ដាក់ត្រី] វាគោកអស់រលីង»។
ចំណែកអ្នកប្រកបរបរនេសាទមួយរូបទៀតដែលរស់នៅក្នុងឃុំកំពង់ភ្លុកដែរនោះ លោក ឡាំ ចំរ៉ុង បាននិយាយថា ពីមុន នៅពេលដែលមានភ្លៀងធ្លាក់ច្រើន គ្រួសាររបស់គាត់អាចរកត្រីបានចន្លោះពី៥០ទៅ៦០គីឡូក្រាមក្នុងមួយថ្ងៃ ដែលគាត់អាចយកទៅលក់បានថវិកាពី១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល។ ប៉ុន្តែរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ លោកថា អាចរកត្រីបានចំនួន៤ទៅ១០គីឡូក្រាម ឬស្មើនឹងចំណូលពី២ម៉ឺនរៀល ទៅ៤ម៉ឺនរៀលប៉ុណ្ណោះ។
បុរសវ័យ៣៦ឆ្នាំរូបនេះបន្តថា៖ «មុខរបរចង់តែផ្លាស់ប្ដូរ តែមិនដឹងមុខរបរអីផ្លាស់ប្ដូរកើត ព្រោះយើងអត់ចេះធ្វើសំណង់ធ្វើអី[ផ្សេងៗ]នឹងគេ»។
ការព្យាករមួយដែលត្រូវបានចេញផ្សាយកាលពីដើមខែមេសា ដោយក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅឆ្នាំ២០២១នេះ ប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត អេលនីណូ (El Nino) ក្ដៅ និង ឡានីណូ (La Nino) ត្រជាក់។ ក្រសួងបន្តថា ចាប់ពីខែឧសភា រហូតដល់ខែតុលា បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើប្រទេសកម្ពុជា មានបាតុភូត នូត្រល (Neutral) ៦០% , បាតុភូត អេលនីណូ (El Nino) ១០% និងបាតុភូត ឡានីណូ (La Nino) ៣០%។
ការព្យាករដដែលបន្តថា រដូវវស្សានឹងចូលមកដល់នៅសប្ដាហ៍ទី១នៃខែឧសភា ជាមួយរបាយទឹកភ្លៀងរាយប៉ាយបានល្អ ខណៈពាក់កណ្ដាលរដូវវស្សា ភ្លៀងអាចរាយប៉ាយគ្រប់ខេត្ត-ក្រុង ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក្នុងនោះអាចបណ្ដាលឱ្យបណ្ដាខេត្តមួយចំនួនប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។
មេឃុំកំពង់ភ្លុក លោក សុខ ប្លង់ មានប្រសាសន៍ថា ដោយសារតែឆ្នាំនេះមានភ្លៀងមិនគ្រប់គ្រាន់ និងទឹកទន្លេហាក់មានសភាពរាក់ជាងមុនដោយសារការប្រែប្រួលអាកាសធាតុនោះ បានធ្វើឱ្យប្រជានេសាទមួយចំនួនសម្រេចចិត្តចេញទៅស្វែងរកការងារថ្មីបន្ថែមដើម្បីចិញ្ចឹមជីវិត។
លោកនិយាយថា៖ «ពីមុន ផ្ទះគាត់ធ្លាប់ធ្វើនេសាទពីរនាក់ បីនាក់ ឥលូវគាត់ធ្វើនេសាទតែម្នាក់អ៊ីចឹងទៅ [ឬ] ពីរនាក់អ៊ីចឹង សល់ម្នាក់គាត់ទៅរករបរខាងលើផ្សេង ជាកម្មករសំណង់ អ្វីដែលគាត់អាចទៅរកបាន គាត់ទៅរកហ្នឹងទៅ»។
មូលហេតុដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់តិចជាងមុននេះ មន្រ្តីរដ្ឋាភិបាលបានលើកឡើងពីកត្តាប្រែប្រួលអាកាសធាតុសកល ខណៈអ្នកស្រាវជ្រាវចង្អុលបង្ហាញពីការបាត់បង់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបដែលជាប្រភពស្រូបទឹកភ្លៀង។
ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុំ រីណា បានថ្លែងថា របាយទឹកភ្លៀងដែលធ្លាក់ចុះមកពុំបានស្មើគ្នានិងរាយប៉ាយបានគ្រប់តំបន់នោះឡើយ ខណៈតំបន់មួយចំនួនបែរជាមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការលិចលង់តែម្ដង។
លោកថា៖ «ដូចជាឥលូវនេះ ឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងមានជំនន់ទឹកភ្លៀង។ តាមពិតទៅ វាពាក់ព័ន្ធខ្លាំងទៅនឹងការប្រែប្រួលអាកាសធាតុ មិនចំពោះតែប្រទេសយើងទេ»។
អ្នកពិគ្រោះយោបល់ឯករាជ្យស្តីពីការប្រែប្រួលអាកាសធាតុ លោក ហែម ឧត្តម បានលើកឡើងថា មូលហេតុដែលបណ្តាលឱ្យមានការប្រែប្រួលរបបទឹកភ្លៀងនោះ ដោយសារបាតុភូតអេលនីណូ (El Nino weather) ដែលបង្វែរទឹកភ្លៀងពីតំបន់ដែលធ្លាប់មានភ្លៀងធ្លាក់ទៅកាន់តំបន់ផ្សេងទៀត។
ក្រៅពីនោះ លោកថា មូលហេតុចម្បងមួយទៀតដែលធ្វើឱ្យខ្សត់ភ្លៀងនោះ គឺការបាត់បង់ព្រៃលិចទឹកដែលជាប្រភពស្រូបទឹកភ្លៀងនៅជុំវិញបឹងទន្លេសាប។ លោកបន្តថា ព្រៃលិចទឹក បានបាត់បង់ដោយសារការកាប់បំផ្លាញនិងមានភ្លើងឆេះព្រៃជាដើម ទើបបណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុនៅតំបន់នោះ។
លោកបានគូសបញ្ជាក់ថា៖ «ទោះបីជាកើតមានអាកាសធាតុ អេលនីណូ [El Niño weather] អ៊ីចឹងក៏ដោយ នៅក្នុងតំបន់ទន្លេសាប បើសិនជាយើងរក្សាបាននូវព្រៃលិចទឹក ហើយយើងមិនមានការនេសាទដោយបំផ្លិចបំផ្លាញ ភាពបន្សាំរបស់យើងវានឹងរឹងមាំ ហើយការងើបឡើង [វិលទៅរកអាកាសធាតុធម្មតា] ពីផលប៉ះពាល់ដោយធាតុអាកាសនេះ [បាតុភូត] អេលនីណូ [El Nino weather] ក៏ឆាប់រហ័សដែរ»។
ចំណែកមូលហេតុនិងកត្តាដែលនាំឱ្យទឹកទន្លេទាបជាងមុននេះ ត្រូវបានអ្នកស្រាវជ្រាវមួយចំនួនទៀតចង្អុលបង្ហាញថា ដោយសារតែការធ្វើទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសចិន ដែលបណ្ដាលឱ្យបិទខ្ទប់នៃរំហូរទឹកដែលត្រូវធ្លាក់ចុះមក។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជា បង្ហាញថា ដើមហេតុនាំឱ្យកម្ពស់ទឹកទាបនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ ប៉ុន្តែស្ថានភាពកម្ពស់ទឹកក្នុងឆ្នាំនេះនឹងល្អប្រសើរជាងរាល់ដង។
អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ មានសុទិដ្ឋិនិយមថា បរិមាណទឹកភ្លៀងឆ្នាំនេះអាចនឹងមានច្រើនជាងរាល់ឆ្នាំ ដែលនាំឱ្យកម្ពស់ទឹកបឹងទន្លេសាបមានការកើនឡើងវិញ។
លោកនិយាយថា៖ «អ៊ីចឹងរាល់ថ្ងៃហ្នឹង គឺភ្លៀងបានមានបណ្ដើរៗ! ឆ្នាំនេះគឺល្អជាងឆ្នាំមុន! អ៊ីចឹងហើយឆ្នាំនេះ [កម្ពស់ទឹក] រាងខ្ពស់ជាងឆ្នាំមុនបន្តិចបើធៀប [រយៈពេលដូចគ្នា]»។
ទីប្រឹក្សាបច្ចេកទេសប្រចាំតំបន់ទំនាបលិចទឹកបឹងទន្លេសាប នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លោក ស៊ុំ ភារុណ មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុនេះ គឺកើតឡើងគ្រប់តំបន់ទំនាបលិចទឹកនៃបឹងទន្លេសាបទាំងមូលតែម្ដង។
លោកបន្តថា៖ «អ្វីដែលយើងអាចធ្វើបាន គឺយើងត្រូវការពារធនធានដែលមានហ្នឹង។ យើងអត់អាចទៅប្រឆាំងជាមួយធម្មជាតិបានទេ ប៉ុន្តែយើងអាចនឹងស្វែងយល់ពីធម្មជាតិបាន ថាហេតុអីបានជាវាមានរឿងបែបហ្នឹង ដែលវាធ្វើឱ្យមានផលប៉ះពាល់បែបហ្នឹងអ៊ីចឹង។ អ្វីដែលយើងមើលឃើញ យើងឃើញថា គម្របព្រៃ ទាំងព្រៃតំបន់ខ្ពង់រាប ទាំងព្រៃលិចទឹក គឺវាមានផលប៉ះពាល់បាត់បង់ ដែលវាជាប្រភពនៃការទាក់ទាញទឹកភ្លៀង»។
ចំណែកមន្ត្រីជាតិសម្របសម្រួលជំនួយខ្នាតតូចរបស់អង្គការយូអ៊ិនឌីភី អ្នកស្រី ងិន ណាវីរៈ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅឃុំកំពង់ភ្លុកដែលមានបញ្ហាប្រឈមនឹងជីវភាពដោយសារការប្រែប្រួលអាកាសធាតុនេះ អាចដាក់ពាក្យស្នើសុំជំនួយឥតសំណងខ្នាតតូចពីអង្គការយូអ៊ិនឌីភី [UNDP] បាន។
អ្នកស្រីបន្តថា គម្រោងជំនួយឥតសំណងរបស់ យូអ៊ិនឌីភី បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋកំពង់ភ្លុកចំនួនពីរលើករួចមកហើយ ដោយលើកទី១ គឺការធ្វើផែ និងទិញទូកឱ្យពួកគាត់អាចដឹកភ្ញៀវទេសចរកម្សាន្តនៅលើបឹងទន្លេសាបនារដូវវស្សា ដើម្បីបានចំណូលបន្ថែមក្រៅពីការនេសាទ និងទី២ គឺការធ្វើផ្លូវទៅកាន់តំបន់ធម្មជាតិដែលសម្បូរសត្វស្លាបនារដូវប្រាំងនេះផងដែរ ដើម្បីអាចឱ្យពលរដ្ឋរកចំណូលបន្ថែមបាន។
អ្នកស្រី ងិន ណាវីរៈ បាននិយាយថា៖ «គាត់ [ពលរដ្ឋឃុំកំពង់ភ្លុក] ប្រហែលជាពិបាកច្រើន ពាក់ព័ន្ធនឹងគាត់បាត់បង់ឱកាសក្នុងការទទួលបានប្រាក់ចំណូលបន្ថែម។ បើសហគមន៍គាត់ចង់បានថវិកាធ្វើការងារ នៅពេលដែលខាងកម្មវិធីខ្នាតតូចប្រកាសផ្ដល់ជំនួយ គាត់អាចដាក់មកបាន»។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ឱ្យដឹងថា កម្ពុជាគឺជាប្រទេសមួយដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេសងាយរងគ្រោះខ្ពស់ទាំង១២លើសកលលោក ដែលប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់និងធ្ងន់ធ្ងរ។
គណៈកម្មការទន្លេមេគង្គ (MRC) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលទទួលបន្ទុកលើការគ្រប់គ្រងនិងថែរក្សាទន្លេនេះ បានលើកឡើងអំពីសារៈសំខាន់នៃទន្លេមេគង្គថា យ៉ាងហោចណាស់ មនុស្ស៦០លាននាក់បានពឹងអាស្រ័យទៅលើទន្លេមួយនេះ រួមមាន ជាមធ្យោបាយធ្វើដំណើរ ជាប្រភពនៃសន្តិសុខស្បៀង ជាផ្លូវដោះដូរពាណិជ្ជកម្ម និងជីវភាពរស់នៅ។
ប្រភពដដែលបន្តថា ទោះជាយ៉ាងណា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលត្រីនៅតាមដងទន្លេមេគង្គ ជាពិសេសនៅក្នុងបឹងទន្លេសាប ត្រូវបានគេរាយការណ៍ថា មានការថយចុះជាច្រើន ខណៈទំនប់វារីអគ្គិសនីជាច្រើនបាននិងកំពុងបន្តសាងសង់នៅផ្នែកខាងលើនៃដងទន្លេនេះ។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ទឹកទន្លេមេគង្គនៅតាមបណ្ដាប្រទេសថៃ ឡាវ និងកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែប្រទេសចិនបានបិទទ្វារទឹកនៅទំនប់វារីអគ្គិសនីក្នុងខេត្តយូណាន ដើម្បីថែរក្សាបណ្ដាញអគ្គិសនីរបស់ខ្លួន។
ត្រឡប់មករកអ្នកនេសាទនៅឃុំកំពង់ភ្លុក លោក ស៊ាម ហ៊ួត វិញ លោកបានថ្លែងថា បើការនេសាទត្រីនៅតំបន់បឹងទន្លេសាបនេះកាត់តែពិបាកទៅៗ នោះគាត់នឹងពិចារណាទៅប្រកបរបរធ្វើស្រែចម្ការវិញ ព្រោះរូបលោកពុំមានចំណេះដឹងអ្វីសម្រាប់ប្រកបរបរផ្សេងក្រៅពីនេះទេ។
តែយ៉ាងណា លោកបានអំពាវនាវដល់រដ្ឋាភិបាលជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការនេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកដើម្បីយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ព្រោះព្រៃឈើជួយស្រូបយកទឹកភ្លៀង ខណៈព្រៃលិចទឹកជាជម្រកដ៏សំខាន់របស់ត្រីនិងជីវចម្រុះផ្សេងទៀត។
លោកនិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលទប់ស្កាត់ការនេសាទខុសច្បាប់ពីជនជាតិវៀតណាម និងជួយការពារព្រៃលិចទឹក ដោយសារតែព្រៃខាងលិចនិងខាងកើត[បាត់បងស្ទើរ]អស់ហើយ សូមជួយជីកប្រព័ន្ធទឹក ដើម្បីការពារព្រៃលិចទឹក កុំឱ្យមានអ្នកចូលទៅដុតព្រៃដើម្បីធ្វើស្រែ ដោយសារទឹកអាចការពារពេលដុតទៅ វាមិនងាយឆេះព្រៃ។ ហើយសូមដាក់មនុស្សយាមការពារតំបន់អភិរក្សព្រៃលិចទឹក ពីព្រោះព្រៃលិចទឹកគឺជាជម្រកដ៏សំខាន់របស់ត្រី»៕