រដ្ឋបាលខេត្តបន្ទាយមានជ័យ បដិសេធលើការចុះផ្សាយព័ត៌មានជុំវិញករណីពុលផ្លែមៀនប៉ៃលិន ឬតាង៉ែន ដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកជោរ ខណៈពលករដែលជាប់ចត្តាឡីស័កនៅទីនោះមួយចំនួនអះអាងថា ពិតជាមានការពុលមែន។
ក្នុងលិខិតមួយចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបដិសេធទាំងស្រុងនូវខ្លឹមសារព័ត៌មានដែលវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា៖ «ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែនក្នុងខេត្តបន្ទាយមានជ័យរាប់សិបនាក់បានធ្លាក់ខ្លួនឈឺនិងក្អួតចង្អោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ក្រោយហូបតាង៉ែនដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី»។
ក្នុងលិខិតនោះ រដ្ឋបាលខេត្តបន្ថែមថា ព័ត៌មាននេះបានចុះផ្សាយផ្ទុយពីការពិត បំភ្លៃ កុហក ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល។ ប្រភពដដែលបន្តថា ការបដិសេធនេះ ធ្វើឡើងដោយផ្អែកតាមការបំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ហើយរដ្ឋបាលខេត្តអះអាងបន្ថែមថា មិនមានករណីពុល រាករូស ឬក្អួតចង្អោរ កើតឡើងនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កណាមួយផ្សេងទៀតរបស់ខេត្តនោះទេ។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា បានលើកឡើងថា ការចេញលិខិតបដិសេធនោះ គឺជាសិទ្ធិរបស់រដ្ឋបាលខេត្ត ប៉ុន្តែព័ត៌មានដែលលោកទទួលបានដោយផ្អែកតាមប្រភពពីជនរងគ្រោះពិតប្រាកដ ដែលបញ្ជាក់ថា មានករណីពុលផ្លែមៀននេះពិតមែន។
ប្រភពដដែលជឿថា បញ្ហាពុលផ្លែមៀននេះមិនមានអ្នកណាហ៊ាននិយាយក្រៅពីជនរងគ្រោះផ្ទាល់នោះទេ ដោយសារវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រមុខរដ្ឋាភិបាល។
លោក ស៊ុំ ចាន់គា និយាយថា៖ «យើងអត់យកប្រភពពីណាក្រៅអំពីអ្នកដែលនិយាយពីអ្នកដែលជនរងគ្រោះហ្នឹងទេ ព្រោះបើសិនយើងសួរអ្នកផ្សេង ក៏គេមិនឆ្លើយមិនប្រាប់យើងដែរ»។
ពលករចំណាកស្រុកដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យទឹកជោរ លោក ធី អាយុ៣២ឆ្នាំ លើកឡើងនៅថ្ងៃនេះថា លោកមិនបានបរិភោគផ្លែមៀន ឬតាង៉ែននោះទេ ប៉ុន្តែលោកឃើញពលករស្នាក់នៅក្នុងមណ្ឌលជាមួយគ្នាជាង៥០នាក់ បានលេចអាការព្រឺរងា រាករូស និងក្អួតចង្អោរព្រមៗគ្នា នៅល្ងាចថ្ងៃទី២៤ ខែសីហា បន្ទាប់ពីពួកគេបានទទួលទានផ្លែមៀន ឬតាង៉ែន ដែលត្រូវបានចែកឱ្យបរិភោគរំលងតែមួយថ្ងៃ។ លោកបន្តថា អ្នកដែលពុលបានបរិភោគផ្លែមៀននោះត្រឹម៥ទៅ៦ផ្លែប៉ុណ្ណោះ។
ប្រភពដដែលបន្ថែមថា ក្រោយមានហេតុការណ៍នេះ គ្រូពេទ្យបានទៅពិនិត្យនិងដាក់សារ៉ូមឱ្យអ្នកដែលមានបញ្ហាសុខភាពទាំងនោះ ហើយយករថយន្តមកដឹកអ្នកដែលមានអាការធ្ងន់ធ្ងរទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកមង្គលបូរី។
លោក ធាង ធី និយាយថា៖ «ឡានពេទ្យគេមកលឿនទេតើ! គេយកឡាន៥[ទៅ]៦ឡានមក គេបន្តោកសារ៉ូម ដឹកទៅពេទ្យដឹកទៅអី […] ឥលូវ និយាយទៅ អ្នកដែលទៅពេទ្យ មិនឃើញត្រឡប់មកវិញផង។ មកមួយឡាន មកឡានប្អូនខ្ញុំ»។
ពលការិនីម្នាក់ដែលកំពុងជាប់ចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យទឹកជោរម្នាក់ទៀត ដែលអះអាងថា ពិតជាបានពុលផ្លែមៀននោះ និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា គាត់លេចអាការវិលមុខនិងរាករូសពេញមួយល្ងាច ក្រោយហូបផ្លែតាង៉ែនចំនួន២ផ្លែបានមួយថ្ងៃ។ ប្រភពដដែលបន្ថែមថា គាត់បានឱ្យបងប្រុសកោសខ្យល់ឱ្យ ហើយត្រូវគ្រូពេទ្យដាក់សារ៉ូមនិងផ្តល់ថ្នាំឱ្យ ប៉ុន្តែមិនបានធូរស្បើយទេ។ ផ្ទុយទៅវិញ គាត់ថា គាត់បែរមានអាការថប់ដង្ហើម ហើយមានអ្នកស្នាក់នៅក្បែរលេចអាការប្រកាច់ ក្រោយហូបផ្លែមៀននោះរួចផងដែរ។
ពលការិនីវ័យ២៨ឆ្នាំរូបនេះ បន្តថា រថយន្តសង្គ្រោះចំនួន៣គ្រឿងបានបញ្ជូនពួកគាត់ទៅមណ្ឌលសុខភាពមង្គលបូរី ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ ប៉ុន្តែពួកគេបានប្រាប់គ្រូពេទ្យថា ពួកគេមានបញ្ហាពុលផ្លែតាង៉ែន ហើយគ្រូពេទ្យក៏ប្តូរសារ៉ូម ចាក់ថ្នាំ និងឱ្យថ្នាំសម្រាប់លេប។
ពលការិនីរូបនេះនិយាយថា អ្នកដែលបានដឹកទៅសង្គ្រោះចំនួន១១នាក់ រួមទាំងរូបគាត់ ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់មកបន្តធ្វើចត្តាឡីស័កនៅមណ្ឌលវិញ នៅយប់ថ្ងៃទី២៥ ខែសីហា បន្ទាប់ពីស្ថានភាពសុខភាពបានធូរស្បើយ។
ពលការិនីរូបនេះនិយាយថា៖ «ដល់ពេលខ្ញុំរាកវាល់ល្ងាចហើយ! ល្ងាចហើយ ខ្ញុំហៅបងខ្ញុំកោសខ្យល់ឱ្យ ខ្ញុំញ័រខ្លួន! ដល់ពេលញ័រខ្លួនទៅ មានអ្នកប្រកាច់ ក៏ពេទ្យគេហៅឱ្យទៅបើកថ្នាំបើកអី! ដល់ពេលខ្ញុំ គេដាក់សារ៉ូមឱ្យ ដល់ពេលដាក់សារ៉ូមហើយ ខ្ញុំស្ទះ […] ខ្ញុំទៅដល់ពេទ្យមង្គលបូរី គេប្តូរសារ៉ូមឱ្យខ្ញុំ គេប្តូរសារ៉ូមឱ្យរួច គេចាក់ថ្នាំ អត់ដឹងថ្នាំអីទេ គេចាក់ឱ្យពីរម្ជុលទៅ ខ្ញុំរាងគ្រាន់វិញ។ ពេលដាក់សារ៉ូមពីនេះទៅហ្នឹង ខ្ញុំដកដង្ហើមអត់ចេញទេ ក៏គេដាក់អុកស៊ីសែនឱ្យខ្ញុំទៅរហូត»។
មន្រ្តីគម្រោងនៃអង្គការហ្គ្រេតកម្ពុជា លោក ប៉ាត សុវណ្ណ លើកឡើងថា ផ្លែតាង៉ែន ជាប្រភេទផ្លែឈើម្យ៉ាងដែលត្រូវការចាំបាច់នូវសារធាតុបំប៉ន ដើម្បីឱ្យវាចេញផលផ្លែផ្កាក្នុងបរិមាណច្រើន។ ប៉ុន្តែលោកថា ផ្លែឈើប្រភេទនេះ ក៏ដូចជាដំណាំដទៃផ្សេងទៀត គឺសុទ្ធតែអាចនាំឱ្យអ្នកហូបពុលបាន ប្រសិនការប្រមូលផលត្រូវបានធ្វើឡើងមុនកាលកំណត់ដែលសារធាតុពុលកសិកម្មសាបរលាប។
លោកបញ្ជាក់បន្ថែមថា ការពុលនោះអាចលេចចេញជាអាការចុកពោះ រាករូស និងក្អួតចង្អោរភ្លាមៗ ឬក្នុងរយៈពេលណាមួយបន្ទាប់ពីហូបរួច ទៅតាមកំហាប់ជាតិពុលដែលនៅជាប់នឹងផ្លែ ទោះហូបក្នុងចំនួនតិចតួចក្តី ជាពិសេសការហូបដោយប្រើធ្មេញខាំសម្បកបកផ្ទាល់។
លោក ប៉ាត សុវណ្ណ និយាយថា៖ «មិនត្រឹមតែផ្លែតាង៉ែនទេ យើងរាប់ទាំងដំណាំអីទាំងអស់ គ្រប់មុខទាំងអស់ នៅពេលដែលយើងប្រមូលផល ហើយបាញ់ថ្នាំពុលដោយមិនគោរពតាមគោលការណ៍ថ្នាំដែលគេកំណត់មក។ ជាទូទៅ វាអាច១អាទិត្យទៅកន្លះខែ។ អ៊ីចឹងពេលដែលបាញ់ហើយ បានគេឱ្យប្រមូលផលអ៊ីចឹង។ អ៊ីចឹងប្រសិនបើយើងអត់គ្រប់ថ្ងៃទេ បាញ់ថ្ងៃហ្នឹងបេះស្អែកអ៊ីចឹងទៅ វាអូតូម៉ាទិក ត្រូវតែប៉ះពាល់ហើយ»។
វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី និងប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានទេ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដដែល បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា រដ្ឋបាលខេត្តបានទទួលផ្លែមៀន និងតាង៉ែន ចំនួន៤ ០០០គីឡូក្រាម ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានបែងចែកផ្លែឈើទាំងនេះទៅដល់ពលករដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅ១៣មណ្ឌល និងជាប់ធ្វើចត្តាឡីស័កនៅ២២មណ្ឌល៕