ពលករចំណាកស្រុកមកពីថៃមួយចំនួនរិះគន់គ្រូពេទ្យនៅមណ្ឌលចត្តាឡីស័កមួយក្នុងស្រុកពួក ខេត្តសៀមរាប ថាមិនសូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺកូវីដ-១៩ ខណៈមណ្ឌលនោះមានការប្រើប្រាស់បន្ទប់ទឹករួមរវាងអ្នកធ្វើចត្តាឡីស័កនិងអ្នកជំងឺ ដែលបណ្តាលឱ្យពួកគាត់ជាង១៥០នាក់ឆ្លងជំងឺនេះជាបន្តបន្ទាប់។
លោក ហ៊ាន សៀប មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ដែលអះអាងថា ជាពលករចំណាកស្រុកមកពីប្រទេសថៃ និងត្រូវបានអាជ្ញាធរខេត្តបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាទៀបាញ់គំរូ ស្ថិតនៅស្រុកពួក ខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១ ជាមួយនឹងពលករជាង៤០០នាក់។
លោកបន្តថា គិតចាប់ពីដើមខែកក្កដា រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២១នេះ មានរយៈពេលជិត២ខែហើយដែលរូបលោកនិងពលករមួយចំនួនទៀតត្រូវបានដាក់ក្នុងទីកន្លែងធ្វើចត្តាឡីស័កក្នុងមណ្ឌលនោះ ក្នុងនោះមានពលករចំនួន១៥៧នាក់បានឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ដោយសារតែកង្វះការថែទាំ និងការប្រើប្រាស់បន្ទប់រួមដែលមានមនុស្សស្នាក់នៅច្រើន។
លោកនិយាយថា៖ «ឆ្លងតគ្នា ព្រោះ [ខ្ញុំបានធ្វើតេស្ត] បី បួន ប្រាំដងដែរ! យើងពិនិត្យអត់ឃើញមានទេ! ហើយមិនឱ្យយើងចេញពីតាមខេត្តទេ សុំទៅក៏មិនឱ្យខ្ញុំចេញទៅទេ ទុកឱ្យពួកខ្ញុំឆ្លង! ហើយយកអ្នកជំងឺដាក់រួមគ្នា ដល់អ៊ីចឹងក៏នៅយូរៗ គេទៅផ្ទះអស់ទៅ នៅតែពួកខ្ញុំ១០០នាក់ជាងនៅទីហ្នឹង»។
ពលករចំណាកស្រុកមកពីប្រទេសថៃ អ្នកស្រី ខាត់ វុត្ថា ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និយាយថា គាត់ជាប់ធ្វើចត្តាឡីស័កក្នុងមណ្ឌលសាលាបឋមសិក្សាទៀបាញ់គំរូ ខេត្តសៀមរាប រយៈពេលជិត២ខែមកហើយ។ ហើយក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ក្រុមគ្រូពេទ្យមិនសូវយកចិត្តទុកដាក់មើលថែនិងផ្គត់ផ្គង់ម្ហូបអាហារបានគ្រប់គ្រាន់ទេ។ អ្នកស្រីបន្តថា ការស្នាក់នៅក្នុងមណ្ឌលនេះ បូករួមនឹងការប្រើប្រាស់បន្ទប់ទឹករួមគ្នាដែលមានមនុស្សច្រើន បានធ្វើឱ្យរូបគាត់ឆ្លងជំងឺកូវីដ-១៩ពីអ្នកដែលចេញរោគសញ្ញាក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះ។
ករណីនេះ អ្នកស្រីស្នើទៅអាជ្ញាធរខេត្តនេះអនុញ្ញាតឱ្យគាត់ទៅព្យាបាលជំងឺកូវីដ-១៩នៅស្រុកកំណើតរបស់គាត់វិញ ព្រោះនៅជិតក្រុមគ្រួសារ អាចជួយគាត់បានច្រើន។
អ្នកស្រីស្នើដូច្នេះថា៖ «មានតែស្ងោរៗទៅ! មានតែម្ជូរៗទៅ! មានថ្ងៃណានំប៉័ង! ហើយនំប៉័ងខគោ ហូបមិនដែលកើតទេ! ដល់ពេលមកហ្នឹង [មណ្ឌលព្យាបាលជំងឺកូវីដនៅសាលាបឋមសិក្សាទៀបាញ់គំរូ] ទាល់តែម៉ោង១០ ម៉ោង១២ថ្ងៃត្រង់ បានហូបបាយ ពេលឃ្លានអង្គុយចាំញ៉ាំបាយ ចេញពីនេះចង់ទៅខេត្ត [ស្រុកំណើតខេត្តស្វាយរៀង]។ នៅនេះ ហូបបាយអត់ដែលឆ្អែតទេ នៅខេត្តខ្លួនយើង ងាយស្រួលតេហៅម៉ែឪឱ្យយកបាយមកឱ្យហូប»។
ពលករម្នាក់ទៀតដែលស្នាក់នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទៀបាញ់គំរូដែរនោះ អ្នកស្រី អើត ស្រស់ និយាយថា មណ្ឌលនេះមានទាំងអ្នកធ្វើចត្តាឡីស័កនិងអ្នកជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា។ ក្រៅពីនោះ ក្រុមគ្រូពេទ្យក៏បានដាក់អ្នកជំងឺកូវីដ-១៩ដែលឆ្លងក្នុងសហគមន៍ឱ្យនៅដាច់ដោយឡែកពីអ្នកជំងឺដែលជាពលករត្រឡប់មកពីថៃដែរ។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភសម្រាប់អ្នកស្រីនោះ គឺមណ្ឌលនេះមានការប្រើប្រាស់បន្ទប់ទឹករួមរវាងអ្នកធ្វើចត្តាឡីស័កនិងអ្នកជំងឺ ដែលអាចធ្វើឱ្យពួកគាត់បន្តឆ្លង ហើយអ្នកជំងឺក៏មិនងាយជាសះស្បើយនោះដែរ។
អ្នកស្រីនិយាយថា៖ «កន្លែងពីរផ្សេងគ្នាមែន ប៉ុន្តែបន្ទប់ទឹករួមគ្នាដដែល! ព្រោះប្រឹងការពារយ៉ាងណា បើយើងមិនទាន់បានជាទៅផ្ទះផង ហើយអ្នកជំងឺចេះតែចូលមក ខ្ញុំបារម្ភខ្លាចឆ្លង ខ្ញុំចង់តែឱ្យជាឆាប់ៗ ឱ្យបានទៅផ្ទះ ព្រោះខ្ញុំអត់ចង់នៅទីនេះដែរ»។
ប្រធានគ្រប់គ្រងមណ្ឌលក្នុងសាលាបឋមសិក្សាទៀបាញ់គំរូ អ្នកនាង ឡាំ ស្រីអូន បានច្រានចោលការលើកឡើងនេះ។
អ្នកនាងពន្យល់ដូច្នេះថា៖ «ដំបូង កន្លែងពួកខ្ញុំនេះដាក់តែពលករទេ ដល់ពេលពលករចេញជិតអស់ទៅ វាទូលាយកន្លែងពួកខ្ញុំ ដាក់សហគមន៍ម្តុំ ហើយពលករម្តុំ។ ហើយដល់ពេលខ្ញុំធ្វើតេស្តឱ្យពួកគាត់កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែសីហា ធ្វើហើយចេញលទ្ធផលរួចហើយ ពួកខ្ញុំដល់វគ្គធ្វើនៅសហគមន៍ម្តង។ យើងធ្វើមានរយៈពេលវិលជុំ នៅពេលពួកខ្ញុំធ្វើតេស្តឱ្យសហគមន៍ទៅ គាត់ថាពួកខ្ញុំនេះខ្សែ គាត់ខឹង ដោយសារខ្ញុំដាក់អ្នកសហគមន៍មួយចំហៀងនៅក្បែរគាត់»។
អ្នកនាងបន្ថែមថា៖ «កាលណាធ្វើ ពួកខ្ញុំធ្វើតេស្តដាច់ដោយឡែក ពលករខ្ញុំដាក់ធ្វើម្តុំ សហគមន៍ខ្ញុំធ្វើម្ដុំ! ពេលអ៊ីចឹងទៅ គាត់ថា ពួកខ្ញុំរើសអើងចំពោះគាត់។ ហើយក្នុងមួយថ្ងៃ ក៏ពួកខ្ញុំមិនធ្វើតេស្តបានទាំងអស់ ទាំងពលករ ទាំងសហគមន៍ដែរ ព្រោះបើអ្នកជំងឺពលករ គាត់ជាង១០០នាក់ ហើយខាងខ្ញុំសហគមន៍នេះជាង២០០នាក់ទៀត វាចូលជាង៤០០នាក់។ អ៊ីចឹងពួកខ្ញុំមិនអាចធ្វើឱ្យបានទាំងអស់ទេ គាត់មើលមកវារាងអាក្រក់មើល តែបច្ចេកទេស ខ្ញុំត្រូវ»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ដែលតាមដានករណីនេះ មានប្រសាសន៍ថា ដំណាក់កាលនេះ ប្រជាពលរដ្ឋមិនត្រូវបន្ទោសគ្រូពេទ្យទាំងអស់នោះ។ បើសិនជាមានករណីដូចការលើកឡើងរបស់ពួកគាត់មែន លោកលើកទឹកចិត្តឱ្យពលរដ្ឋកត់សម្គាល់គ្រូពេទ្យឬអាជ្ញាធរដែលរើសអើងពួកគាត់ រួចរាយការណ៍ទៅថ្នាក់លើ ជាពិសេសទៅថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការលើបុគ្គលនោះ ។
លោកមានប្រសាសន៍ថា៖ «ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋ ត្រូវរួមគ្នាទាំងអស់ [ទប់ស្កាត់ជំងឺកូវីដ] យើងអត់អាចបន្ទោសពីណាមួយបានទេ។ បើយើងបន្ទោសថាគ្រូពេទ្យមិនបានមើលថែដិតដល់ វាជាលក្ខណៈបុគ្គល យើងត្រូវយកឈ្មោះហ្នឹងឱ្យបាន ហើយគាត់បានប្រព្រឹត្តអំពើហ្នឹងប៉ុន្មានដង វាមានកម្រិតនៃការខុសរបស់គាត់ ដុកទ័រ ឬអាំងហ្វែម៉ាញ៉េ ឬមួយអូអេស យើងត្រូវកត់»។
លោកបន្ថែមថា៖ «យើងត្រូវអនុគ្រោះដល់ពេទ្យ! សព្វថ្ងៃនេះ ខ្ញុំឃើញហើយ គាត់ខំគ្រប់គ្នា ហើយមួយនាក់មើលថែអ្នកជំងឺដល់ទៅ១០០នាក់ មើលដល់៣០នាក់ កន្លែងហ្នឹងគួរណាបងប្អូនយល់ ហើយពួតដៃទាំងអស់ កុំបន្ទោសគាត់។ ជួនកាលគាត់ហត់នឿយ ជួនកាលគាត់ធ្វើការទាំងយប់ អត់បាយទឹក កន្លែងហ្នឹងយើងកុំមើលស្រួលតែខ្លួនឯង យើងមើលថាគេពិបាកផង យើងរួមដៃទាំងអស់ អត់មានបន្ទោសអ្នកណាម្នាក់បានទេ»។
លោក អ៊ូច វុទ្ធី បញ្ជាក់ថា បើសិនក្រុមគ្រូពេទ្យនិងពលរដ្ឋមិនសហការគ្នាទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបានទាន់ពេលទេ បញ្ហាប្រឈមនៃការឆ្លងរាលដាល ជាពិសេសជំងឺកូវីដ-១៩បំប្លែងថ្មី នឹងឈានចូលដល់សហគមន៍បន្ថែមទៀត ហើយមិនអាចកាត់ផ្តាច់រលកចម្លងបានប្រសិទ្ធភាពខ្ពស់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩៣ ៥១០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៨៩ ១១៤នាក់ អ្នកស្លាប់កើនដល់ចំនួន១ ៩១៦នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ២៣២នាក់៕