អាជ្ញាធរ​ខេត្ត​ក្រចេះ​ដក​ហូត​ដី​ប្រមាណ​៥០០​ហិកតា​ ក្រោយ​ជន​ខិល​ខូច​ទន្ទ្រាន​យក

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចុះពិនិត្យទីតាំងជាក់ស្ដែង និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់ នៅចំណុចអូរដងរ៉ែក ក្នុងភូមិសាស្ត្រ ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្ដក្រចេះ)

អាជ្ញាធរខេត្តក្រចេះ បានសម្រេចដកហូតដីប្រហែល៥០០ហិកតា ស្ថិតនៅឃុំចង្ក្រង់ ស្រុកចិត្របុរី ដើម្បី​យកមករក្សាទុកជាសម្បត្តិរដ្ឋវិញ ​ក្រោយដីទាំងនោះត្រូវបានជនខិលខូចទន្ទ្រានយកទៅកាន់កាប់ដោយខុសច្បាប់។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់ខេត្តក្រចេះ បានចុះពិនិត្យ​ទីតាំង​ជាក់​ស្ដែង និងទប់ស្កាត់ការទន្ទ្រានយកដីព្រៃខុសច្បាប់ ស្ថិតនៅភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ក្រោយចុះពិនិត្យមើលផ្ទាល់ អាជ្ញាធរ​បាន​រកឃើញស្នាម​ឈូសឆាយដីព្រៃ និងការទន្ទ្រានយកដីរដ្ឋ​ដោយ​ខុស​ច្បាប់​ពីសំណាក់​ជនខិលខូច ដែលមានទំហំ​ប្រហែល៥០០ហិកតា។ លោកថា អាជ្ញាធរ​ខេត្ត​កំពុងធ្វើ​ការ​នេះ ដោយ​ដកហូតដីនោះមករក្សា​​ទុកជាសម្បត្តិរដ្ឋវិញ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

លោកបន្ថែមថា៖ «ខ្ញុំមិនបានចោទថាអាជ្ញាធរនៅហ្នឹងជាអ្នកលក់ទេ ប៉ុន្តែយើងបានដកហូតយកដីហ្នឹង​មកធ្វើជាដីសង្គមកិច្ចវិញ ពីព្រោះអ្នកដែលរុករាននោះក៏មានប្រជាពលរដ្ឋក្រីក្រដែរ។ អ៊ីចឹង​យើង​ដក​យក​ដី​នោះ​មកបែងចែកជាដីសង្គមកិច្ចជូនពួកគាត់វិញ។ យើងមិនអាច​មកឈូស​ឆាយដីព្រៃរបស់រដ្ឋអ៊ីចឹង​ទេ»

អភិបាលរងស្រុកចិត្របុរី លោក សន ចំរ៉ុង មានប្រសាសន៍ថា ដីព្រៃដែលឈូសឆាយរួចនោះមាន​ទំហំជាង២១ហិកតា​ប៉ុណ្ណោះ។ លោកបន្តថា ចំពោះជនខិលខូចឈូសឆាយដីព្រៃរបស់រដ្ឋនេះ ខាង​អាជ្ញាធរបាន​កសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីសប្តាហ៍មុនហើយ​​។

លោកបន្ថែមថា៖ «យើងបណ្ដឹងហ្នឹង យើងដាក់ជាអញ្ញតិជនទេ! ដោយសារពេលយើងចុះទៅហ្នឹង វាមិនមានអ្នកណា មិនមានមនុស្សឬគ្រឿងចក្រនៅទេ។ រឿងខេត្តដកហូតដីនោះទុក វាជាចំណាត់ការរបស់ខេត្ត ទុកខេត្តគាត់ជាអ្នកសម្រេច»

មេឃុំចង្ក្រង់ អ្នកស្រី ពេញ ពៅ ប្រាប់ថាជាប់រវល់មិនអាចនិយាយបាន។

ពលរដ្ឋម្នាក់នៅឃុំចង្ក្រង់ ដែលសុំមិនប្រាប់ឈ្មោះដោយ​បារម្ភ​ពី​សុវត្ថិ​ភាព បាន​និយាយ​ថា អ្នកដែល​ហ៊ាន​ធ្វើសកម្មភាពឈូសឆាយ​ដីព្រៃរបស់រដ្ឋក្នុងចំនួន​ច្រើន​បែប​នេះ គឺមានតែអ្នកមានលុយមានអំណាចប៉ុណ្ណោះ។ អ្នកភូមិរូបនេះបន្តថា ប្រជាពលរដ្ឋធម្មតាមិនហ៊ាន និង​មិនមានលទ្ធភាពប្រើប្រាស់​គ្រឿងចក្រយកទៅឈូសឆាយដីព្រៃច្រើនបែបនេះឡើយ។ ពលរដ្ឋដដែលបានដាក់ការសង្ស័យថា ករណីឈូសឆាយដីព្រៃនេះអាចមានការជាប់ពាក់ព័ន្ធឬការគប់គិត​គ្នារ​វាង​ជនល្មើសនិងអាជ្ញាធរមូលដ្ឋានទៀតផង។

ពលរដ្ឋរូបនេះបន្ថែមថា៖ «វាមិនដែលគេឈូសឆាយដីព្រៃអស់ច្រើនម្ល៉ឹងហើយ អាជ្ញាធរភូមិឃុំមិនដឹងទេ ប្រហែលជាប់ពាក់ព័ន្ធ ឬគប់គិតគ្នា សូកលុយអីហើយ! ហើយអ្នកធ្វើបែបនេះ មានតែអ្នកមានលុយមានអំណាចទេ។ យើងពលរដ្ឋក្រីក្រ តែឈូសអ៊ីចឹង បើមិនគុក»

គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើអូដា នៅឃុំចង្ក្រង់ លោក ព្រុំ ឌឿន បានសាទរចំពោះវិធានការរបស់អាជ្ញាធរខេត្តដែលបានដកហូតដីនោះ​មកទុកជាសម្បត្តិរដ្ឋវិញ។ លោកថា នៅឃុំចង្ក្រង់​មានដីព្រៃរបស់រដ្ឋរាប់រយហិកតាទៀត កំពុងត្រូវបានជនខិលខូចទន្ទ្រានកាន់កាប់យកនិងលក់បន្តទៅឱ្យអ្នកមានទ្រព្យ។

លោក ព្រុំ ឌឿន មើលឃើញថា កំហុសធំមួយរបស់អាជ្ញាធរឃុំ គឺការចុះហត្ថលេខាទទួល​ស្គាល់ការ​ទិញលក់ដីព្រៃរបស់រដ្ឋ ដែលជំរុញឱ្យប្រជាពលរដ្ឋបន្តទៅ​ទន្ទ្រាន​យកដី​រដ្ឋលក់​ទៅឱ្យ​ឈ្មួញអ្នក​មាន​ទ្រព្យជាបន្តបន្ទាប់។

លោកបន្ថែមថា៖ «ប្រសិនជាអាជ្ញាធរខេត្តរកឃើញថា លោកស្រីមេឃុំគាត់មានកាងដី លក់ដីរដ្ឋមែន ខ្ញុំគិតថា អាជ្ញាធរខេត្តដកដីហ្នឹងវិញ គឺត្រឹមត្រូវហើយ។ គាត់ជាមន្ត្រីអនុវត្តច្បាប់ គាត់មិនគួរយកដីរដ្ឋលក់ទេ។ ហើយអាជ្ញាធរខេត្តគួរតែទុកដីហ្នឹងបែងចែកឱ្យពលរដ្ឋក្រីក្រនៅក្នុងឃុំ ពីព្រោះពលរដ្ឋនៅក្នុងឃុំចង្ក្រង់នេះ មានអ្នកខ្លះអត់ដីសម្រាប់បង្កបង្កើនផល គឺអត់ទាល់តែមែនទែន»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ