កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៦០០នាក់បន្ថែមទៀត ខណៈអ្នកជំងឺជិត១០នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៩នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៥៧នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១៥៣នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៥៧៨នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១០០ ៧៩០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៩៤ ៩០៤នាក់ អ្នកស្លាប់កើនដល់ចំនួន២ ០៥៨នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៧ ១៨៦នាក់៕