ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ រុញ​រឿង​វិវាទ​កាត់​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ណាហ្គា​​ទៅ​​​អធិការ​​ការ​ងារ​​អ្នក​​សម្រេច​

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរុញការសម្រេចលើការទាមទារឱ្យទម្លាក់ចោលផែនការបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកណា​ហ្គាវើលដ៍ ជាង៣០០​នាក់ ទៅអធិការការងារជាអ្នកសម្រេចវិញ ដែល​ករណីនេះ សង្គមស៊ីវិលថាជាកំហុ​សឆ្គងមួយធ្វើឱ្យប៉ះពាល់ប្រយោជន៍កម្មករនិយោជិត។

ក្នុងសេចក្តីបង្គាប់ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានកម្រាស់៤៧ទំព័រ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបដិសេធមិនពិចា​រ​ណាលើការទាមទាររបស់ក្រុមសហជីព ដែលឱ្យក្រុមហ៊ុន​ណាហ្គាវើលដ៍បញ្ឈប់ផែន​ការ​កាត់​បុគ្គ​លិក​ចំនួន៣​៧​៣នាក់ ដែលមានរាប់ទាំងថ្នាក់ដឹកនាំសហជីពទាំងអស់ តាមការស្នើរបស់ក្រុមហ៊ុន។

តាមប្រភពដដែល ក្រុមហ៊ុនបានលើកឡើងថា ខ្លួនបានជូនដំណឹងពីគម្រោងកាត់បន្ថយនេះទៅអធិការ​កិច្ច​​ការងាររួចហើយ ហើយ​ខាងអធិការការងារក៏បានអញ្ជើញភាគីក្រុមហ៊ុនទៅ​ជួប ដើម្បីផ្តល់ព័ត៌​មា​​នពីគម្រោងកាត់រួចដែរ ប៉ុន្តែខាងអធិការការងារ​មិនទា​ន់ឆ្លើយតបឬផ្តល់យោបល់យ៉ាងណានៅឡើយ។

ប្រភពដដែលបន្ត​ថា ដោយសារគម្រោងនេះ អធិការការងារកំពុងពិចារណាទៅតាមនីតិវិធី​នៅឡើយ ហេ​តុនេះ ក្រុម​ប្រឹក្សាអាជ្ញាកណ្តាលនៅមិនទាន់អាចពិចារណាលើអង្គសេចក្តីនៃគម្រោងកាត់បន្ថយកម្មករនិយោជិតនោះទេ។ 

ក្នុងសេចក្តីបង្គាប់នោះបន្ថែមថា៖ «សរុបសេចក្តីមក ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេច​បដិសេធការពិចារណា​ទាមទាររបស់កម្មករនិយោជិត ឱ្យនិយោជកបញ្ឈប់គម្រោងកាត់បន្ថយកម្មករនិយោជិតដែលកំពុងអនុវត្តនីតិវិធីបញ្ឈប់ពីការងាររួម»

អ្នកគ្រប់គ្រងកម្មវិធីនៅមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ឋិមនុស្ស ហៅកាត់ សង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងនៅថ្ងៃទី១​៣ ​ខែកញ្ញា​ ថាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាកំហុសឆ្គង​ផ្នែកនីតិវិធី ដែលនាំឱ្យដំណើរការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ បន្តអូសបន្លាយ។

លោកថា ក្រុមសហជីពបានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនបញ្ឈប់គម្រោងកា​ត់បុគ្គលិកទៅក្រសួងការងារ ហើយនា​យ​កដ្ឋានវិវាទការងារបានសម្រេចបញ្ជូនសំណុំរឿងពាក្យបណ្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត ប៉ុន្តែបែរជាក្រុមប្រឹ​ក្សាអាជ្ញាកណ្តាលបដិសេធមិនកាត់សេចក្តី ហើយរុញមកអធិការការងារនៃនាយកដ្ឋានវិវាទវិញ ក្រោមហេតុផលថា​ សំណើនេះកំពុងស្ថិតក្នុងដៃអធិការការងារ។

លោក ថារ៉ូ មានប្រសាសន៍បន្ថែមថា៖ «អ៊ីចឹងចំណុចមួយនេះមានន័យថាម៉េច? វាសបញ្ជាក់ថា វាមានភាព Error មានកំហុសក្នុងការអ​នុវត្តនីតិវិធី។ ពីព្រោះអី? រឿងហ្នឹងជាចេតនាមួយ បើសិនជាអធិការកិច្ចសម្រេចបិទបញ្ចប់នូវដំណើរការនៃការធ្វើអធិការកិច្ច មា​​ននូវសេចក្តីសម្រេចមួយ អ៊ីចឹងអធិការកិច្ចការ​ងារ គាត់មិនអាចបញ្ជូននូវសំណុំរឿងឬក៏ការទាមទាររបស់កម្មករនិយោជិតហ្នឹ​ងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានទេ។ អ៊ីចឹងវាធ្វើឱ្យខាតប្រយោជន៍កម្មករនិយោជិតដែលជាដើមបណ្តឹងក្នុងការទាមទារ»។ 

ប្រភពដដែលបន្តថា ការអនុវត្តនីតិវិធីបែបនេះ គួរតែមានការបកស្រាយនិងកំណែទម្រង់ ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើរការដោះ​ស្រាយវិវាទដទៃទៀត។ លោកបានចាត់ទុក​ការបញ្ឈប់បុគ្គលិកថ្នាក់​ដឹកនាំសហជីព និងតំណាង​បុគ្គលិក​ដែលមានការ​ការ​ពារ​ពិសេស​ពីច្បាប់ ​ថា​ជាទម្រង់​នៃ​ការរើសអើងធ្ងន់ធ្ងរមួយ និង​ជាគំរូមិន​ល្អ​សម្រាប់​ក្រុម​ហ៊ុន​សហគ្រាសដទៃ​ ប្រសិនបើពួកគេមិ​នមានប្រព្រឹត្ត​កំហុសឆ្គងធ្ងន់ធ្ងរ។ 

លោកថា៖ «វាជាគំរូអាក្រក់មួយដែលថា ប្រសិនជាណាហ្គាហ្នឹង​អាចបញ្ឈប់ថ្នាក់ដឹកនាំសហជីពបាន អាច​បញ្ឈប់ប្រតិភូបុគ្គលិកបាន អ៊ីចឹងច្បាប់យើងហ្នឹងបង្កើតឡើង ដើម្បីឱ្យមានការការពារសិទ្ធិរបស់ថ្នាក់ដឹកនាំសហជីព ហើយនិងតំណាងកម្មករនិយោជិត ប្រតិភូបុគ្គលិក ធ្វើអី? អ៊ីចឹងមានន័យថាម៉េច? មានន័យថា និយោជកគាត់ចេះអនុវត្តអ៊ីចឹងទៅ បានទៅ នៅកន្លែងការងារផ្សេង ក្រុមហ៊ុនផ្សេងហ្នឹង គេអាចអនុវត្តដូចគ្នា»។ 

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ សោក​ស្តាយ​ចំ​​ពោះ​​​​ការស​ម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយ​ចាត់ទុកការសម្រេចនេះថាជា​ការមិនបំពេញតួនាទីរបស់ខ្លួន​ និងនាំ​ឱ្យដំណើរការនីតិវិធីផ្សះផ្សាវិវាទកាន់តែស្មុគស្មាញ និងអូសបន្លាយពេលយូរ។ 

កញ្ញា ស៊ីថរ ថ្លែងថា៖ «មុនពេលដែលរឿងហ្នឹងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺត្រូវបានដោះស្រាយ​នៅក្រសួងការងារ ហើយអធិការកិច្ចការងារ គឺជាអ្នកចូលរួមផ្សះផ្សារឿងហ្នឹង ហើយមិនផ្សះជាបាន គេបញ្ជូនសំណុំរឿងហ្នឹងដែលជាវិវាទរួមហ្នឹងទៅអាជ្ញាកណ្តាល។ អ៊ីចឹងទៅដល់អាជ្ញាកណ្តាល អាជ្ញាកណ្តាលត្រូវកាត់សេចក្តី ប៉ុន្តែបែរជាទៅបករុញថយក្រោយវិញ។ វាហាក់បីជារុញទៅរុញមក ហើយព្យាយាមពន្យារពេលរកដំណោះស្រាយសម្រាប់កម្មករ។ អ៊ីចឹងកាលណាយើងពន្យារពេលក្នុងការរកដំណោះស្រាយដល់ពួកគាត់ បានន័យថា បញ្ហាហ្នឹងវាអត់ត្រូវបានដោះស្រាយ»

ថ្នាក់ដឹកនាំសហជីពរូបនេះបន្ថែមថា ខាងសហជីពនឹងប្រជុំជាមួយសមាជិកនិងបុគ្គលិកកម្មករដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ ដើម្បីសម្រេចជ្រើសរើសនីតិវិធីបន្តកូដកម្ម ឬប្តឹងទៅតុលាការនាពេលឆាប់ៗខាងមុខ។

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអនុប្រធាននាយកដ្ឋានវិវាទការងារ លោក ខៀវ សាវុធ ជុំវិញករណីនេះបានទេ នៅថ្ងៃនេះ។

យ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងយ៉ាងខ្លីតាមតេឡេក្រាម​ថា មន្រ្តីអង្គភាពពាក់ព័ន្ធកំពុងដំណើរការនីតិវិធីផ្សះផ្សាវិវាទរវាងកម្មករនិយោជិតនិងនិយោជកនៅក្រុមហ៊ុន ណាហ្គាវើលដ៍។

លោកថា៖ «ករណីវិវាទនេះ គឺអង្គភាពមានសមត្ថកិច្ចកំពុងបន្តដោះស្រាយទៅតាមនីតិវិធីនិងច្បាប់»

កាលពីខែមិថុនា ឆ្នាំ២០២១ សហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រមូល​បានស្នាមមេដៃជាង២ ០០០ ដើម្បីដាក់ញាត្តិទៅក្រសួងការងារ ដោយ​​ទាមទារឱ្យក្រុមហ៊ុន ណាហ្គាវើលដ៍ ទម្លាក់ចោលផែនការរំសាយបុគ្គលិកទ្រង់ទ្រាយធំជាង១ ០០០​នា​ក់ ដែលមានរាប់ទាំងថ្នាក់ដឹ​កនាំ និងសកម្មជនស​ហ​ជីពទាំងអស់ និងទូទាត់ប្រាក់ដំណាច់អតីតភាព និងប្រាក់អត្ថប្រយោ​ជន៍ផ្សេងៗជូនបុគ្គលិកនិយោជិតឱ្យបានត្រឹមត្រូវតាមច្បាប់។

ក្រុមហ៊ុន ណាហ្គាវើលដ៍ បានចាប់ដំណើរការបញ្ឈប់បុគ្គលិក​ចំនួន១ ៣២៩នាក់ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បន្ទា​ប់ពីប្រកាសកាលពី​ខែមេសា ក្រោមហេតុផលដើម្បីរក្សាស្ថិរ​ភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងការផ្អាកប្រតិបត្តិការអាជីវកម្មបណ្តោះអាសន្ននៅក្នុងឆ្នាំ២០២០ និងចាប់ពីខែមីនា ឆ្នាំ២០២១៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ