ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសាទរ ចំពោះការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ដែលលើកទឹកចិត្តពលរដ្ឋចេញដើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលជាការជំរុញកំណើនទេសចរណ៍ក្នុងស្រុក ដើម្បីជួយដល់អាជីវកម្មទេសចរណ៍នានា និងធ្វើឱ្យសេវាកម្មទេសចរណ៍របស់កម្ពុជាកាន់តែរស់រវើក ប៉ុន្តែត្រូវគោរពនូវវិធានសុខាភិបាល។
ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី២៦ខែកញ្ញានេះ បានស្រង់ប្រសាសន៍របស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ដោយលើកឡើងថា ការបើកឱ្យពលរដ្ឋខ្មែរ ចេញដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អាចក្លាយជាឱកាសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ខណៈកម្ពុជាគ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិឬទេសចរណ៍វ៉ាក់សាំង មកដើរកម្សាន្តនៅចុងឆ្នាំ២០២១។
លោកស្រីបញ្ជាក់បន្ថែមថា៖ «តាមរយៈការគ្រប់គ្រងនៅតាមខេត្តនីមួយៗ យើងឃើញថា អាជ្ញាធរគាត់មិនបណ្តោយឱ្យមានការជួបជុំនៅកៀកគ្នាពេកទេ។ ម្ចាស់អាជីវកម្មនៅតាមមូលដ្ឋាន គាត់មានការណែនាំរួចហើយ ត្រូវតែទទួលភ្ញៀវបែបណា កម្រិតស្តង់ដារនៃវិធានសុវត្ថិភាពមានអស់ហើយ។ អីចឹងយើងគោរពទៅតាមហ្នឹងទាំងអស់គ្នាទៅមិនជាបង្កហានិភ័យទៅ ដល់ការបើកប្រទេសទេ។ ការចេញដើរក៏ជាការទាក់ទាញភ្នែកពីទេសចរបរទេសផងដែរ ដោយមើលឃើញថា នៅក្នុងស្រុកយើងនៅតែមានការចេញដើរ ធ្វើឱ្យសេវាកម្មទេសចរណ៍នៅរស់រវើក។ បើស្ងាត់ស្ងៀមពេក នៅសុខៗយើងបើកប្រទេស គេអត់ដឹងថា សេវាកម្មយើងនៅមានប៉ុណ្ណា»។
លោកស្រីរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើង ក្នុងអំឡុងពេលឈប់សម្រាកភ្ជុំបិណ្ឌនាឆ្នាំនេះ នៅតាមតំបន់ទេសចរណ៍ភូមិភាគឦសាន និងតំបន់ឆ្នេរសមុទ្រ។ តែយ៉ាងតំបន់មួយចំនួន ដែលនៅតែមានការរិតត្បិតដូចនៅសៀមរាប នឹងមិនកើនឡើងទេ។
ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយពេលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតផ្តល់ការឈប់សម្រាកធ្វើការ៣ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ ។
លើសពីនេះ លោកថែមទាំងលើកទឹកចិត្តឱ្យពលរដ្ឋចេញដើរកម្សាន្ត នៅតាមទំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងជួយដល់អាជីវកម្មទេសចរណ៍នៅទូទាំងប្រទេសផងដែរ ប៉ុន្តែត្រូវគោរពនូវវិធានសុខាភិបាល។
លោកហ៊ុន សែន បានលើកឡើងថា បើទោះបីជារាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ដើម្បីទប់ស្កាត់ការចម្លង នៅតាមវត្តអារាមក៏ពិតមែន តែមន្រ្តីរាជការ កម្មករ កម្មការនី បុគ្គលិកនៅតាមក្រុមហ៊ុន នៅតែបានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ដោយអនុវត្តនូវវិធានសុខាភិបាល។
សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំព្រះករុណខ្ញុំ សូមបញ្ជាក់ថា យើងនៅតែបន្តឱ្យមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រឹត្យ ដែលមានចែងក្នុងការឈប់សម្រាកនៅថ្ងៃភ្ជុំបិណ្ឌ។ យើងនៅតែបន្តឱ្យបងប្អូនបានធ្វើដំណើរនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅធ្វើការកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង បានស្គាល់នូវប្រទេសខ្លួនឯង បានស្គាល់នូវរមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង»។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា សម្រាប់ថ្ងៃចុងសប្តាហ៍នៃខែកញ្ញា រយៈពេល៣សប្តាហ៍ចុងក្រោយនេះ សន្ទុះនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានការកម្រើកឡើងវិញ ពិសេសនៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋានអេកូទេសចរណ៍ ឬទេសចរណ៍ធម្មជាតិ។
តួលេខកត់ត្រាដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅរយៈពេល៣សប្តាហ៍នៃខែកញ្ញានេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១៩៣ ៤៧៨នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុង ៣០៧៨នាក់៕