មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងមន្រ្តីរាជការនៅតាមមន្ទីរក្រសួង និងកងកម្លាំងប្រដាប់អាវុធផងនោះ បានប្រារព្ធពិធីរម្លឹកខួប៩ឆ្នាំនៃការយាងសោយទិវង្គតព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។
យោងតាមប្រតិទិន នៅថ្ងៃនេះ មន្រ្តីរាជការ បុគ្គលិករដ្ឋ និងវិស័យឯកជន ដែលស្ថិតនៅក្រោមច្បាប់នៃប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកពីការបំពេញការងារ។ ក្រៅពីនេះ នៅមានអ្នកនយោបាយនិងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋផង ដែលមានភក្ដីភាពចំពោះអតីតព្រះមហាក្សត្រ បានចេញសាររំលែកទុក្ខចំពោះការយាងសោយទិវង្គតទៅនៃអង្គព្រះមហាក្សត្រ។
ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន បានលើកឡើងនៅក្នុងសាររំលែកទុក្ខក្នុងទំព័រហ្វេសប៊ុករបស់លោកថា កូនចៅ ចៅទួត ដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប ចងចាំជានិច្ចនូវរាល់ព្រះរាជសកម្មភាពរបស់ទ្រង់និងព្រះរាជស្នាព្រហត្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ ការផ្សះផ្សា និងការអភិវឌ្ឍប្រទេសជាតិ ឱ្យបានសម្បូររុងរឿងល្បីល្បាញពេញសកលលោកនាសម័យសង្គមរាស្រ្តនិយម ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិពីប្រទេសបារាំង។
ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបានគេចាត់ទុកថាជាព្រះហាមក្សត្រដែលមានស្នាព្រហត្ថឆ្នើមក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។ បន្ទាប់មកទៀត ទ្រង់បានកសាងកម្ពុជាឱ្យមានការអភិវឌ្ឍខ្លាំងក្លានៅក្នុងសម័យសង្គមរាស្រ្តនិយម និងទាមទារបានប្រាសាទព្រះវិហារពីថៃមកវិញ នៅក្នុងឆ្នាំ១៩៦២។
ក្រៅពីនេះ ព្រះអង្គក៏មានស្នាព្រះហត្ថបញ្ចប់សង្រ្គាមស៊ីវិល និងមានការឯកភាពជាតិ ដែលនាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីកម្ពុជា ថ្ងៃ២៣តុលា ថែមទៀតផង។ ជាពិសេស ទ្រង់តែងជាព្រះប្រមុខរដ្ឋផ្សះផ្សាជម្លោះនយោបាយ។ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់យាងសោយទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដែលគិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ មានរយៈពេល៩ឆ្នាំហើយនៃការយាងសោយទិវង្គតរបស់ទ្រង់៕