ក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤០ នាក់បន្ថែមទៀត ខណៈអ្នកជំងឺដែលស្លាប់កាលពីម្សិលមិញមានចំនួន ៥នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន ៥ នាក់បន្ថែមទៀត ក្នុងនោះអ្នកជំងឺមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣ នាក់ ខណៈអ្នកជំងឺកូវីដ-១៩ រកឃើញថ្មីចំនួន ៤០ នាក់ ដែលក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស៧នាក់។
ក្រៅពីរកឃើញអ្នកឆ្លងថ្មី និងមានអ្នកស្លាប់នោះ ក្រសួងថា កាលពីម្សិលមិញ ក៏មានអ្នកជំងឺចំនួន ៣៧ នាក់ បានជាសះស្បើយដែរ។ បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៩ ៨២៦ នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុប ១១៦ ២០៧ នាក់ និងអ្នកស្លាប់ ២ ៨៩៦ នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៧៧០នាក់៕