មេដឹកនាំបក្សប្រឆំាង លោក កឹម សុខា បានអំពាវនាវទៅគណបក្សនយោបាយទំាងអស់ ឲ្យបញ្ឈប់ការវាយប្រហារគ្នាជាលក្ខណៈបុគ្គល និងការគុំគួនគ្នា ដោយថា មានតែការជួបជជែកគ្នាទេ ទើបអាចផ្សះផ្សាជាតិខ្មែរ ឲ្យទទួលបានសន្តិភាពពិតប្រាកដ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងបែបនេះ ក្នុងពិធីរំលឹកខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា នៅមុខស្នាក់ការគណបក្ស នៅសង្កាត់ចាក់អង្រែលើ ក្រោយពីសាលារាជធានីភ្នំពេញមិនអនុញាតឲ្យធ្វើនៅទីលានប្រជាធិបតេយ្យតាមការស្នើសុំរបស់គណបក្សប្រឆំាងនេះ។
លោក កឹម សុខា បានថ្លែងប្រាប់អ្នកគំាទ្ររាប់ពាន់នាក់ថា បច្ចុប្បន្ននេះ កម្ពុជាមិនទាន់អនុវត្តចំណុចមួយចំនួនឲ្យបានពេញលេញស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងបារីសនៅឡើយ ដោយលោកថា ករណីនេះ មានតែអ្នកនយោបាយខ្មែរទំាងអស់ឈប់គុំគួន ឈប់សងសឹកគ្នា ហើយនាំគ្នាជួបជជែករកដំណោះស្រាយរួមមួយ ទើបធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាព ស្របតាមកិច្ចព្រមព្រៀងទីក្រុងបារីស នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។
លោក កឹម សុខា ថ្លែងថា៖ “ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយខ្មែរទំាងក្នុងរាជរដ្ឋាភិបាល ទំាងខាងក្រៅរាជរដ្ឋាភិបាលកាត់បន្ថយជាបន្ទាន់ និងឈានទៅបញ្ឈប់ការវាយប្រហារគ្នាជាលក្ខណៈបុគ្គល ការបង្កឲ្យមានការឈឺចាប់ ការគំរាមកំហែង ការគុំគួនសងសឹកគ្នា ដើម្បីស្វែងរកការជឿទុកចិត្តគ្នា ឆ្ពោះទៅរកការផ្សះផ្សាយជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ ដោយវិលមកដោះស្រាយបញ្ហាជាមួយគ្នាតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនចាប់អារម្មណ៍នឹងការលើកឡើងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនោះទេ ដោយលោកយល់ថា ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែចង់កេញចំណេញនយោបាយតែប៉ុណ្ណោះ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ “គាត់(លោក កឹម សុខា) យកព្រួញមួយបាញ់បានពីរ ទីមួយគាត់បង្ហាញបន្លំមតិជាតិ និងអន្តរជាតិយល់ថា គាត់ចង់បានការស្រុះស្រួលជាតិ គាត់ចង់បានសន្តិភាពក្នុងផ្លូវចិត្ត ក្នុងផ្លូវកាយរបស់គាត់ខ្លំាងណាស់ ជួបស្រុះស្រួលគ្នា និយាយគ្នាទៅ ហើយទីពីរ គាត់ដាក់សំណុំរឿងមកថា អ្នកជាប់ទោសប៉ុន្មានសុំឲ្យដោះលែង ហើយយើងដឹងហើយថា អ្នកដែលជាប់ទោសនៅពន្ធនាគារប៉ុន្មាននាក់មិនមែនដោយសារគណបក្សទៅចាប់គាត់ទៅដាក់គុកទេ គឺចេញតុលាការរបស់តុលាការ ហើយបើចង់ចេញវិញវាត្រូវតែមានដីកាពីតុលាការដោះលែង បានមេគុកគេដោះលែង»។
នៅពេលសួរថា តើគណបក្សប្រជាជនកម្ពុជាបានបារព្ធខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរឬទេ លោកថា គណបក្សកាន់អំណាចមិនធ្វើនោះទេ ដោយលោកថា រាជរដ្ឋាភិបាលបានចាត់ឲ្យក្រសួងការបរទេសធ្វើជាមួយស្ថាប័នពាក់ព័ន្ធរួចហើយ កាលពីថ្ងៃទី២០ ខែតុលានេះ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ត្រូវបានចុះហត្ថលេខា ដោយសមាជិកអង្គការសហប្រជាជាតិ តំណាងដោយប្រទេសចំនួន ១៨ រួមទាំងមហាអំណាចទាំងប្រាំ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាការគូសបញ្ជាក់នូវការបញ្ចប់ជាផ្លូវការនូវសង្គ្រាមនៅក្នុងប្រទេសកម្ពុជា រវាងកងកម្លាំងរដ្ឋាភិបាលចម្រុះតស៊ូនៅតាមព្រំដែនកម្ពុជា-ថៃ និងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលគាំទ្រដោយប្រទេសវៀតណាម។
កិច្ចព្រមព្រៀងនេះ ក៏ជាជំហានឆ្ពោះទៅរកការរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងផងរៀបចំដោយអង្គការសហប្រជាជាតិ នៅក្រោយសង្គ្រាម៕