លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានសរសេរលើហ្វេសប៊ុករបស់លោកដោយបានអំពាវនាវដល់មាតាបិតានិងអាណាព្យាបាលសិស្សទាំងអស់ ត្រូវប្រញាប់ប្រញាល់បញ្ជូនកូនដែលគ្រប់អាយុទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវនេះធ្វើឡើង ខណៈក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកបវេស្សនកាលថ្មី សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះផងដែរ។ នេះដោយយោងតាមហ្វេសប៊ុកក្រសួងអប់រំ។
បើតាមបណ្ដាញសង្គម គេឃើញមានមណ្ឌលសិក្សានិងសាលារៀនរដ្ឋជាច្រើននៅទូទាំងខេត្ត-ក្រុងប្រទេសកម្ពុជា កំពុងអបអរសាទររៀបចំពិធីបើកបវេស្សនកាលឆ្នាំថ្មីនេះ ដូចជាវិទ្យាល័យកំពែង (ខេត្ដតាកែវ) វិទ្យាល័យព្រះរាជសម្ភា (ខេត្តកំពត) វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស (ខេត្តកែប) វិទ្យាល័យជាស៊ីមសន្ធរម៉ុក (ភ្នំពេញ) វិទ្យាល័យជាស៊ីមបឹងកេងកង (ភ្នំពេញ) សាលាបឋមសិក្សាកោះរំដួល (ពោធិ៍សាត់) ជាដើម។ល។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្រ្តីពាក់ព័ន្ធ និងសប្បុរសជនជាតិ-អន្តរជាតិចូលរួមឧបត្ថម្ភជ្រោមជ្រែងឱ្យបានខ្លាំងក្លាដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕