អ្នកនយោបាយនៅគណបក្សក្រៅរដ្ឋាភិបាល និងសហជីពដែលមានជំហរកណ្ដាល បង្ហាញជំហរគាំទ្រចំពោះសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបនៅក្នុងជំហានបន្ទាប់ទៀតនេះ ដែលព្រមានពីការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ការបង្ហាញជំហររបស់ក្រុមអ្នកនយោបាយ និងសហជីពនេះ ធ្វើឡើងក្រោយពេលសមាជិកសភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្នើឱ្យប្រទេសដែលជាសមាជិកសភាអឺរ៉ុបទាំង២៧ ដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាជាថ្មីទៀត តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) បន្ថែមទៀតពីកម្ពុជា។
សញ្ញានៃការឈានទៅផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធដោយសភាអឺរ៉ុប និយាយដោយត្រង់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បើរកឃើញថា ការបោះឆ្នោតទាំងពីរលើកនេះ មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឯកភាព និងគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ដែលមានគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀតចេញពីកម្ពុជា។ បើទោះជាបែបណា អ្នកនយោបាយចាស់វស្សារូបនេះនៅមិនទាន់បានកៀរគរគណបក្សនយោបាយដទៃទៀត ដែលមានជំហរ និងគោលការណ៍ប្រជាធិបតេយ្យ ធ្វើសេចក្តីថ្លែងការណ៍រួមជាចំហនៅឡើយទេ ដោយសារម្នាក់ៗរវល់កិច្ចការបោះឆ្នោត។
លោកបន្តថា៖ «យើងគាំទ្រដោយនូវអ្វីដែលសហគមន៍អឺរ៉ុបគាត់ធ្វើហ្នឹង មានចេតនាចង់ឱ្យកម្ពុជាយើងស្តារនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវពេញលេញ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងដែរ»។
ក្រោយលែងផ្ដល់ការអនុគ្រោះពន្ធ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ចូលជាធរមាន កាលពីដើមខែ សីហា ឆ្នាំ២០២០ កន្លងទៅ ទំនិញប្រមាណ ៤០មុខ ដែលភាគច្រើនជាសម្លៀកបំពាក់ និងស្បែកជើង ដែលត្រូវនាំចូលទៅកាន់ទីផ្សារអឺរ៉ុប គឺកម្ពុជាត្រូវបង់លុយប្រមាណ ១០០លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។ ការដក EBA ២០% នេះជាជំហានដំបូងហើយ ដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មចំពោះកម្ពុជា តែយ៉ាងណា គណៈកម្មការអឺរ៉ុបនេះក៏នៅបើកផ្លូវសម្រាប់កម្ពុជាដែរ ប្រសិនបើរដ្ឋាភិបាលឆ្លើយតបទៅតាមអ្វីដែល EU ចង់បាន។
ចំណែក ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បង្ហាញការគាំទ្រដែរ ចំពោះជំហររបស់សភាអឺរ៉ុបជាថ្មីទៀតនៅពេលនេះ។ លោកបន្តថា វិធានការបន្តទៀតនេះ ជាការបើកផ្លូវដែលជួយឱ្យកម្ពុជាអាចងាកមករកគន្លងប្រជាធិបតេយ្យឡើងវិញ ដូចអ្វីដែលសហគមន៍អន្តរជាតិរិះគន់ពីការធ្លាក់ចុះនៃប្រព័ន្ធប្រជាធិបតេយ្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្តថា៖ «ខ្ញុំយល់ថាជាការមួយល្អដែរ ក្នុងន័យឈានទៅពង្រឹងស្ថានភាពប្រជាធិបតេយ្យ ឬក៏លំហប្រជាធិតេយ្យនៅកម្ពុជាហ្នឹងឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីដើរថយក្រោយកាលពីឆ្នាំ២០១៧ កន្លងមកហ្នឹង។ អ៊ីចឹងក្នុងនាមគណបក្សនយោបាយ យើងគាំទ្រនូវការលើកឡើងរបស់សហគមន៍អឺរ៉ុបហ្នឹង ហើយយើងក៏ចង់ឃើញសហគមន៍អឺរ៉ុបអនុវត្តបានប្រសិទ្ធភាពបន្ថែមទៀត ចំពោះអ្វីខ្លួនបានប្តេជ្ញាចិត្តនេះ»។
បើតាមលោក គង់ មុនីកា បើទោះជាសភាអឺរ៉ុបបានចេញសេចក្តីសម្រេចចិត្តបែបនេះក្តី សម្រាប់អ្នកនយោបាយវ័យក្មេងរូបនេះ ហាក់នៅមានភាពស្ទាក់ស្ទើរ ដោយថា វិធានការនេះមិនសូវមានប្រសិទ្ធភាព។ ក្នុងន័យនេះ លោក គង់ មុនីកា មើលឃើញថា ត្រឹមការចេញសេចក្ដីថ្លែងការណ៍ ដោយមិនមានយន្តការត្រួតពិនិត្យ និងតាមដាន ជាពិសេសការអនុវត្តជាក់ស្តែង នឹងមិនមានឥទ្ធិពលណាមួយដែលនាំទៅដល់ការដកថយរបស់រដ្ឋាភិបាលទេ។
បើទោះជាបែបណា ក្នុងញត្តិរបស់សមាជិកសភាអឺរ៉ុបដែលចេញកាលពីថ្ងៃទី៥ ខែឧសភានោះ ពួកគេបានស្នើទៅកាន់គណៈកម្មការអឺរ៉ុបឱ្យប្រើប្រាស់រាល់មធ្យោបាយដែលមាន ក្នុងនោះមានទាំងការដកចេញទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ព្រមទាំងទណ្ឌកម្មផ្សេងទៀត។
សេចក្តីស្នើនេះ តាមរយៈការបោះឆ្នោតគំាទ្រពីសមាជិកសភាអឺរ៉ុប ចំនួន៥២៦សំឡេង ក្នុងចំណោមសមាជិក៥៩៤នាក់ នៅស្នាក់ការកណ្តាលសភាអឺរ៉ុប។
មិនខុសគ្នាដែរ ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ យល់ឃើញថា អ្វីដែលសភាអឺរ៉ុបបានប្រកាសនេះ ជាជម្រើសមួយដ៏ប្រសើរបំផុតសម្រាប់កម្ពុជា ហើយការស្តារនូវវិបត្តិនយោបាយតាមរយៈយន្តការអន្តរជាតិ ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិនេះ គួរត្រូវបានចាប់ផ្តើមឡើងវិញ ដើម្បីធានាថា ការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកបន្តថា៖ «យើងយល់ឃើញថាជាការសម្រេចចិត្តមួយជួយជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀង២៣តុលាឱ្យបានពេញលេញ ក៏ដូចជាឱ្យមានការគោរពសិទ្ធិមនុស្សឱ្យបានពិតប្រាកដ។ យើងយល់ឃើញថា នេះជារឿងមួយដែលយើងអាចធ្វើបាន ហើយយើងគាំទ្រនូវសេចក្តីសម្រេចចិត្តនេះ»។
ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ហាក់មិនគាំទ្រទេចំពោះការព្រមានដាក់ទណ្ឌកម្មជាថ្មីទៀតរបស់សភាអឺរ៉ុប តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ប៉ុន្តែគណបក្សនេះឯកភាពចំពោះសភាអឺរ៉ុប ដែលខ្វល់ខ្វាយអំពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ដែលកម្ពុជាកំពុងប្រឈមដូចសព្វថ្ងៃ។
លោកបន្តថា៖ «ខ្ញុំមិនគាំទ្រទៅដល់ផែនការរបស់សភាអឺរ៉ុប ក្នុងការដកហូតពន្ធអនុគ្រោះនេះទេ ប៉ុន្តែខ្ញុំគាំទ្រអឺរ៉ុបដែលជួយឈឺឆ្អាលអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិសេរីនយោបាយ និងសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ»។
ចំណែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាញឹកញាប់ បានប្រកាសជំហរម្តងហើយម្តងទៀតថា កម្ពុជានឹងមិនធ្វើតាមការបង្គាប់បញ្ជា ដែលធ្វើឱ្យបាត់តម្លៃក្នុងនាមជារដ្ឋអធិបតេយ្យមួយនោះទេ។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្រ្តី ថែមទាំងបានព្រមានពីការមិនចរចាដើម្បីរក្សាឱ្យមាន EBA នេះដែរ ប្រសិនបើការស្វែងរកដំណោះស្រាយលើយន្តការនេះធ្វើឱ្យបាត់បង់ភាពឯករាជ្យរបស់ខ្លួន ហើយកម្ពុជាក៏បានត្រៀមដើម្បីដោះស្រាយចំពោះវិបត្តិនេះដែរ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា យល់ឃើញថា ប្រសិនបើទណ្ឌកម្មថ្មីទៀតនេះត្រូវកើតឡើងមែន នឹងធ្វើឱ្យវិស័យរោងចក្រកាត់ដេរប៉ះពាល់ខ្លាំងជាងគេ។ លោកបន្តថា ចំពោះវិស័យពាក់ព័ន្ធដទៃទៀតដែលមិនផ្ទាល់ក៏នឹងត្រូវរងឥទ្ធិពលពីទណ្ឌកម្មនេះដូចគ្នាដែរ ហើយលទ្ធផលកាន់តែអាក្រក់ថែមទៀត។
លោកបន្តថា៖ «ខ្ញុំមើលឃើញថា ប្រសិនបើសភាអឺរ៉ុបឈានទៅរកការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA មែន ខ្ញុំគិតថា ផលប៉ះពាល់វានឹងជះឥទ្ធិពលអាក្រក់មកកាន់កម្ពុជាយើង។ អ្នកដែលប៉ះពាល់មុនគេហ្នឹង គឺអ្នកធ្វើការនៅក្នុងរោងចក្រកាត់ដេរ ដេរស្បែកជើង រួមទាំងអ្នកទទួលផលដោយប្រយោលទៀតផង»។
ផ្ទុយពីការលើកឡើងនេះ រដ្ឋសភាកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបង្ហាញការខកចិត្ត ដោយចាត់ទុកចំណាត់ការជាថ្មីទៀតរបស់សភាអឺរ៉ុបនេះថា ជាផ្នែកមួយដែលរុកកួនកម្ពុជាមិនឈប់ឈរ។ សេចក្តីថ្លែងការណ៍កម្រាស់៤ទំព័ររបស់រដ្ឋសភាកម្ពុជា ក៏បានលើកឡើងពីភាពមិនស្របច្បាប់ និងបទដ្ឋានជាអន្តរជាតិនានា ដែលសហភាពអឺរ៉ុប កំពុងតែអនុវត្តមកលើកម្ពុជា នៅពេលនេះ។
បើតាមលោក ប៉ាវ ស៊ីណា ប្រធានសហជីព ដែលមានជំហរកណ្តាល ឱ្យដឹងថា ប្រសិនបើដូចអ្វីដែលសភាអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធនេះកើតឡើងពិតមែននោះ កម្ពុជានឹងត្រូវប្រឈមវិបត្តិការងារកាន់តែធ្ងន់ធ្ងរថែមទៀត។ លោកបន្តថា ចំពោះវិស័យរោងចក្រកាត់ដេរដែលកំពុងស្រូបកម្លាំងពលកម្មកក្នុងទីផ្សារការងារប្រមាណ ១លាននាក់ នឹងត្រូវប៉ះពាល់ដោយផ្ទាល់ ហើយប្រមាណ ២លាននាក់ផ្សេងទៀត នឹងត្រូវប៉ះពាល់ដោយប្រយោលពីការព្រមានដាក់ទណ្ឌកម្មនេះ៕