លោកឧកញ៉ា ឬទ្ធី សំណាង ជាពាណិជ្ជករមួយរូបដែលត្រូវបានស្គាល់ថា ជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាបុគ្គលមួយរូបដែលមានទំនាក់ទំនងនឹងទីតាំងអាជីវកម្មមួយចំនួនក្នុងក្រុងព្រះសីហនុ បានទទួលមរណភាពកាលពីព្រឹកថ្ងៃពុធនេះ ដោយរោគាពាធ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយដែលចេញដោយក្លឹបបាល់ទាត់មួយនេះ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា លោកឧកញ៉ា ឬទ្ធី សំណាង ដែលកើតក្នុងឆ្នាំ១៩៨១ គឺជាឥស្សរជនមួយរូបដែលប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ព្រមទាំងភាពជាអ្នកដឹកនាំ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិ ជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ ជាដើម។
សេចក្តីថ្លែងការណ៍បន្ថែមថា អស់រយៈកាលជាង១០ឆ្នាំ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោក ខណៈលោកតែងតែទូន្មាននិងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់អ្នករាល់គ្នា។
«ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាថែរក្សានូវទស្សនវិស័យ និងបន្តវីរភាពដែលលោកឧកញ៉ា ឬទ្ធី សំណាង សម្រេចបានចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាទីដែលលោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើន ដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និងជាពិសេសសម្រាប់អ្នកគាំទ្រក្លឹប ភ្នំពេញក្រោន ជាទីស្រឡាញ់របស់លោក»។
ទាក់ទិនមរណភាពរបស់ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក កែវ សារ៉េត បានបញ្ជាក់ឱ្យដឹងថា លោកបានទទួលដំណឹងដ៏ក្រៀមក្រំនេះពីលោក សៅ សុខា ប្រធានសហព័ន្ធ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកបន្តថា លោកឧកញ៉ា ឬទ្ធី សំណាង បានទទួលអនិច្ចកម្មនៅសិង្ហបុរី ដោយជំងឺរ៉ាំរ៉ៃ។
លោក កែវ សារ៉េត បន្ថែមថា ក្រៅពីតួនាទីជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក ឬទ្ធី សំណាង ក៏មានតួនាទីជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ និងបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា។
លោកថា៖ «គាត់ [លោក ឬទ្ធី សំណាង] ស្រឡាញ់វិស័យនេះ។ ការបាត់បង់នេះ គឺជាការបាត់បង់ធ្ងន់តែម្ដង»។
គួរបញ្ជាក់ថា លោក ឬទ្ធី សំណាង ក៏ត្រូវបានស្គាល់ថាជាស្ថាបនិកក្រុមហ៊ុនទូទាត់ឌីជីថល ផាយផេ (Pi Pay) ម្ចាស់អាជីវកម្មទីតាំង Happy Lamb Hot Pot រួមនឹងសណ្ឋាគារមួយ K.B. Hotel នៅក្នុងខេត្តព្រះសីហនុ ដែលតំបន់ក្បែរនេះរងការចោទប្រកាន់ថាជាទីតាំងនៃប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងពលកម្មដោយបង្ខំផងដែរ៕
បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Businessman Rithy Samnang Dies