តុលាការលើកពេលសវនាការ​ លោក សម រង្ស៊ី

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវការលោក សម រង្ស៊ី និងជំនួយការរបស់គាត់ពីរនាក់ទៀត ពាក់ព័ន្ធនឹងករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម ប៉ុន្តែសវនាការនេះត្រូវបានលើកពេលទៅថ្ងៃទី៩ ខែធ្នូ ខាងមុខនេះវិញ។

ការលើកពេល បន្ទាប់ពីមេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី បានស្នើឡើងក្នុងសវនាការ ដោយសំអាងថាលោក សម រង្ស៊ី កំពុងមានទុក្ខដោយសារម្ដាយក្មេកទទួលមរណភាព។

មេធាវីការពារក្ដីឲ្យជំនួយការលោក សម រង្ស៊ី ពីរនាក់ទៀត ក៏បានសុំឲ្យតុលាការលើកពេលដែរ ដោយសារ តាំងពីលោកទទួលបានរឿងក្ដីនេះ លោកមិនដែលបានជួបកូនក្ដីរបស់ខ្លួននិងមិនដឹងថាពួកគាត់នៅក្រៅប្រ ទេសឬក៏នៅទីកន្លែងណា។

បន្ទាប់ពីសវការបានកន្លះម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានប្រកាសលើកពេលសវនាការទៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះវិញ។

លោក សំ សុគង់ ដែលជាមេធាវីការពាក្ដីឲ្យ លោក សម រង្ស៊ី ប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញបន្ទប់សវនាការថា លោកគាំទ្រការសម្រេចពន្យារពេលសវនាការនេះ។

លោកថា៖ «ដោយសារទីមួយ ម្ចាយក្មេយរបស់កូនក្ដីគឺ ឯកឧត្ដម សម រង្ស៊ី ទទួលមរណភាព។ នៅក្នុងថ្ងៃនេះផងដែរ ក៏ជាថ្ងៃដែលកូនក្ដីហ្នឹង ជាក្រុមគ្រួសារហ្នឹង គាត់កំពុងតែកើតទុក្ខយ៉ាងក្រៀមក្រំ ហើយបើយើងយកមកសវនាការ រឿងក្ដីរបស់កូនក្ដីក៏ហាក់បីដូចជា វាមិនមានលក្ខណៈមួយ បើនិយាយពីសុជីវធម៌ និយាយពីសីលធម៌ក៏វាអត់ត្រឹមត្រូវដែរ។ ហើយចំណុចទី២ យើងឃើញថានៅក្នុងពេលសវនាការនេះ គឺមិនមានវត្តមានរបស់សាក្សីក៏ដូចជាអ្នកជំនាញទាក់ទងប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវតែយើងមកសួរដេញដោយពេលសវនាការខាងសមត្ថកិច្ច។ ចឹងបើសិនជាអត់មានអ្នកជំនាញទេ យើងថាសវនាការក៏វាអត់មានលក្ខណៈមួយល្អហើយត្រឹមត្រូវផងដែរ»

លោក យុង ផានិត មេធាវីការពារក្ដីឲ្យជំនួយការរបស់លោក សម រង្ស៊ី ក៏បានលើកឡើងដូចដែរ ក៏ប៉ុន្តែលោកថា  ការលើកពេលរបស់តុលាការមានរយៈពេលខ្លីពេក។ លោកថា៖ “ដោយសារខ្ញុំមិនបានជួបជាមួយកូនក្ដី មិនបានពិភាក្សាគ្នា មិនបានអីហ្នឹងបានខ្ញុំ បើយើងមើលតែឯកសារ វាហាក់ដូចជា គាត់អ្នកកាន់ផេកហ្នឹង ប៉ុន្តែមិនដឹងថា តើគេបញ្ជាក់គាត់ឲ្យបង្ហោះឬគាត់បង្ហោះខ្លួនឯង តើចេតនាទាំងអស់នេះ វាជាចេតនាដែលគាត់ត្រូវទទួលទោសដែរអត់ ចឹងហើយជាខ្ញុំសំណូរយ៉ាងធ្វើម៉េចឲ្យបានទំនាក់ទំនងជាមួយកូនក្ដី ដើម្បីពិភាក្សាបញ្ហាហ្នឹង ថាតើកាលដែលគាត់កាន់ផេកហ្នឹង គាត់មានតួនាទីអ្វីខ្លះ នៅក្នុងរឿងកាន់ផេក តើគាត់គួរទទួលទោសគ្រាន់នៅក្នុងរឿងកាន់ផេក ដូចយើងកាន់ប្រអប់សំបុត្រមួយដែលសំបុត្រហ្នឹងយើងគ្រាន់តែដាក់ហើយ ហើយបញ្ជូនចេញ អានេះហើយជាការដែលខ្ញុំត្រូវតែសិក្សាបន្តទៀតហើយ“។

នៅក្នុងសវនាការព្រឹកមិញនេះ តុលាការបានយកលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំង ដែលតុលាការទើបសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ករណីក្លែងបន្លំឯកសារព្រំដែនកម្ពុជា-វៀតណាម ឲ្យធ្វើជាសាក្សីក្នុងសំណុំរឿងនេះ។ បើទោះបីជាមេធាវីការពារក្ដីទាំងពីរូបគាំទ្រចំពោះការលើកពេលនេះក៏ដោយ ប៉ុន្តែលោក ហុង សុខហួរ ប្រាប់អ្នកសាព័ត៌មានពេលចេញពីបន្ទប់សវនាការថា លោកចង់ឲ្យតុលាការបន្តនីតិវិធីជាងការលើកពេលទៅថ្ងៃក្រោយ។ លោកថា៖ “រឿងនេះយើងដឹងមុនអស់ហើយ“។

គួរបញ្ជាក់ថា លោក សម រង្ស៊ី និងជំនួយការរបស់លោក ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែងសាធារណៈ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ