អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ចនិងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ៨នាក់បន្ថែមទៀត ខណៈក្នុងចំណោមមនុស្ស ៣៣ នាក់ដែលរកឃើញនោះ មាន ៣នាក់បានស្លាប់បាត់បង់ជីវិត។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានសរសេរប្រកាសនៅលើហ្វេសប៊ុករបស់លោក នាថ្ងៃល្ងាចនៅថ្ងៃសៅរ៍នេះថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងចំណោមមនុស្ស ចំនួន ៤១នាក់ សមត្ថកិច្ចបានរកឃើញចំនួន ៣៣ នាក់ហើយ ក្នុងនោះ ស្លាប់៣នាក់។
ចំណែកមនុស្សចំនួន ៨នាក់ទៀត សមត្ថកិច្ច និងក្រុមការងារជួយសង្គ្រោះកំពុងស្វែកបន្តទៀត។
លោកបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង៣៣នាក់នោះ កម្ពុជាជួយសង្គ្រោះ និងស្វែងរកឃើញបាន ២៤នាក់ និងវៀតណាមជួយសង្គ្រោះបានចំនួន ៩នាក់។
វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងស្នងការនគរបាលខេត្តនេះ លោក ជួន ណារិន បានទេ នៅថ្ងៃសៅរ៍នេះ។
កាលពីថ្ងៃទី២២ ខែកញ្ញា មានករណីលិចទូកចំនួន១គ្រឿងស្ថិតនៅចំណុចនិយាមកាម១០.២៥N១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាងក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
បើតាមលោក ឃាង ភារម្យ ប្រាប់វីអូឌីកាលពីថ្ងៃសុក្រថា បន្ទាប់ពីទទួលបានព័ត៌មាននៃការលិចទូកនេះ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន២គ្រឿង ដើម្បីចេញប្រតិបត្តិការជួយសង្រ្គោះជនជាតិចិនទាំងនោះ។ លោកបន្ថែមថា ក្រោយពីសង្គ្រោះ សមត្ថកិច្ចបានសាកសួរបុរសជាជនជាតិចិនម្នាក់ឈ្មោះ CHENGUI SHENG មានស្រុកកំណើតនៅខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ ដោយបុរសរូបនោះប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបទាំងអស់ចំនួន៤១នាក់ (ស្រី៣នាក់)។
បើតាមមន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី តាមដានករណីនេះ ប្រាប់វីអូឌីកាលពីថ្ងៃទី២៣ ខែកញ្ញា ថា ជនជាតិចិនទាំង៤១នាក់ដែលលិចទូកក្នុងដែនសមុទ្រកម្ពុជានោះ ទំនងជាពួកគេចាញ់បោកមេខ្យល់នាំមកកម្ពុជាដោយខុសច្បាប់៕