មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានសម្អាងថា ការដាក់បញ្ជូលប្រធានតុលាការកំពូល និងចៅក្រមជាសមាជិកគណបក្សកាន់អំណាច មិនប៉ះពាល់ដល់ឯករាជ្យភាពប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា និងបង្កជាឧបសគ្គដល់ការធានាដំណើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូចមជ្ឈដ្ឋានរិះគន់មួយចំនួនលើកឡើងនោះទេ។
នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានវីអូឌី ក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងយុត្តិធម៌» ដែលធ្វើឡើងនៅថ្ងៃសុក្រនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជិត៥ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា រងការរិះគន់ថា បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីយាយីសកម្មជនសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ធ្វើឱ្យខូចប្រព័ន្ធប្រជាធិបតេ្យធ្ងន់ធ្ងរ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសចេញពីឆាកនយោបាយ រហូតសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយមុនកាលកំណត់ជាដើម។
ចំណែកឯសាលដីការរំលាយនៅពេលនោះ មានចៅក្រម៩រូប ក្នុងនោះមានលោក ឌិត មន្ទី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលគាត់ជាប្រធានតុលាការកំពូល និងជាសមាជិកគណៈអចិន្ត្រៃយគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងអំណាច។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ មន្ត្រីក្រសួងយុត្តិធម៌៨រូប រួមទាំងអ្នកនាំពាក្យក្រសួងនេះ គឺលោក ជិន ម៉ាលីន បានលើកឡើងពីសមទ្ធផលជាច្រើនដែលក្រសួងបានខំប្រឹងប្រែង និងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនាពេលកន្លងមក មកដល់បច្ចុប្បន្ន។
បើតាមការលើកឡើងរបស់មន្ត្រីទាំងនោះ ភាពជោគជ័យរបស់ក្រសួង មានយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅប្រព័ន្ធតុលាការ ការរុញសេវាយុត្តិធម៌កាន់តែជិតប្រជាពលរដ្ឋ តាមរយៈបង្កើតសាលាឧទ្ធរណ៍ចំនួន៣បន្ថែមទៀត នៅខេត្តព្រះសីហនុ បាត់ដំបង និងត្បូងឃ្មុំ ការរៀបចំធ្វើច្បាប់ជាច្រើន រួមទាំងការធ្វើវិសោធនរដ្ឋធម្មនុញ្ញ អំឡុងដែលកម្ពុជាជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ រួមទាំងបង្កើនចំនួនមន្ត្រីយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យច្បាស់លាស់មួយ ដែលកំណត់ថាធ្វើឱ្យបាននូវយុត្តិធម៌សម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់ចោល ហើយនរណាក៏អាចទទួលបាននូវយុត្តិធម៌ដោយគ្មានការរើសអើង។
ប៉ុន្តែនៅពេលសួរថា តាមចក្ខុវិស័យនេះ តើសម្រាប់៥ឆ្នាំខាងមុខ ក្រសួងមានផែនការធ្វើកំណែទម្រង់ច្បាប់ កុំឱ្យមន្ត្រីធ្វើការក្នុងវិស័យយុត្តិធម៌ ចេញពីប្រអប់នយោបាយ ឬកុំឱ្យជាប់ពាក់ព័ន្ធជាសមាជិកបក្ស ឬទេ? លោក ជិន ម៉ាលីន បានអះអាងថា ការអនុញ្ញាតឱ្យមន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ ចូលជាសមាជិកបក្សនយោបាយ និងធ្វើសកម្មភាពនយោបាយបាន គឺដើម្បីធានានូវសិទ្ធិនយោបាយរបស់ពលរដ្ឋ។
ផ្ទុយពីនេះ លោកថា ប្រសិនបើដកសិទ្ធិនេះ ជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពខាងនយោបាយ ដែលលោកថា ជាគោលការណ៍ច្បាប់អន្តរជាតិ គេមិនហាមទេ តែថាអ្វីដែលគេហាមនោះ គឺភាពលម្អៀង ឬការធ្វើសកម្មភាពមិនប្រក្រតី របស់បុគ្គលរូបនោះ ហើយថាកម្ពុជាក៏មានច្បាប់នេះ ដើម្បីផ្តន្ទាទោសបុគ្គលដែលធ្វើខុសដែរ។
លោកថា៖ «រួមទាំងប្រធានតុលាការកំពូលក៏ដោយ មន្ត្រីតុលាការ មន្ត្រីមុខងារសាធារណៈ នគរបាល កងកម្លាំងប្រដាប់អាវុធ គាត់នៅតែធានាបាននូវសិទ្ធិនយោបាយរបស់គាត់អីចឹង»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ គូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នានា ដើម្បីដាក់មន្ត្រីតុលាការចេញពីប្រអប់នយោបាយ រួមទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏អាចធ្វើបានគ្រប់ពេល បើកាលៈទេសៈតម្រូវ នូវអ្វីដែលលោកថា ដើម្បីផលប្រយោជន៍ជាតិ ដូចដែលរដ្ឋាភិបាលធ្លាប់កែរដ្ឋធម្មនុញ្ញ៩លើកមកនេះ។
សម្រាប់អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័័ត្ន មិនជឿថា ប្រព័ន្ធយុត្តិធម៌ ដែលយកប្រធានតុលាការកំពូលជាខ្នងបង្អែក ជាការបាត់ទំនុកចិត្តពីម្ចាស់ឆ្នោត ដែលការណ៍នេះ វាជាគ្រោះថ្នាក់ដល់ដំណើការប្រជាធិបតេយ្យ បើមិនកែលម្អទេនោះ។
លោកថា៖ «ដូចការកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិអីចឹង តើយើងសង្ឈឹមទេ ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិហើយ សង្ឃឹមថា អាចតុលាការហ្នឹងផ្តល់យុត្តិធម៌ឱ្យគណបក្សសង្គ្រោះជាតិហ្នឹងឈ្នះទេ បើសិនជាតុលាការហ្នឹងភាគច្រើនជាសមជិករបស់គណបក្សកាន់អំណាច?»។
នាយកគ្រប់គ្រងទូទៅនៅអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថា បើចៅក្រមឬប្រធានតុលាការឈរនៅខាងគណបក្សនយោបាយ នោះនឹងរារាំងដល់ការធានាសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ និងរារាំងដល់ការប្រកួតប្រជែងអំណាច ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ដែលលោកថារដ្ឋាភិបាលគួរពិចារណាកែទម្រង់ ដើម្បីធានាផលប្រយោជន៍ជាតិ។
លោកថា៖ «កាលណាគាត់[ចៅក្រម]ជាសមាជិកគណបក្សណាមួយ ហើយ[ការប្រួតអំណាច]ប៉ះពាល់ផលប្រយោជន៍គាត់ អាហ្នឹងមិនឈរលើគោលការណ៍សម្រេចដោយឯករាជ្យទេ»។
ដូចគ្នានេះដែរ សាស្ត្រាច្រារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា នៅប្រទេសប្រជាធិបតេយ្យ ដូចជា អូស្ត្រាលីជាដើម ប្រធានតុលាការកំពូល ជ្រើសតាំងពីស្ថាប័នរដ្ឋសភា ហើយប្រធានតុលាការកំពូល ជាអ្នកជ្រើសរើសមន្ត្រីកាន់កិច្ចការវិស័យយុត្តិធម៌។
បញ្ហានេះ លោកបារម្ភថា កម្ពុជានឹងខាតប្រយោជន៍ទាំងអំណោយផលសេដ្ឋកិច្ច និងនយោបាយលើឆាកអន្តរជាតិ បើមិនធ្វើឱ្យវិស័យយុត្តិធម៌នេះក្លាយជាស្ថាប័នឯករាជ្យ ខណៈរដ្ឋធម្មនុញ្ញកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលតម្រូវឱ្យកម្ពុជាអនុវត្តប្រជាធិបតេយ្យនេះ ស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ។
លោកថា៖ «ជាទូទៅរាល់កិច្ចការទាំងអស់ វាចេញពីវិស័យនយោបាយការបទេស វិស័យការទូតនេះឯងប្រសិនបើកម្ពុជាបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ វាបាត់បង់ផលប្រយោជន៍ច្រើនទាំងផលប្រយោជន៍ពាណិជ្ជកម្ម សេដ្ឋកិច្ច គាំពារសង្គម ឬក៏ករណីមានជម្លោះជាមួយបរទេសជាតិខាងអីហ្នឹង ក៏យើងពិបាករកអ្នកគាំពារពីសហគមន៍អន្តរជាតិដែរ អាហ្នឹងបើយើងនិយាយឱ្យអស់»។
បញ្ហានេះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) បានលើកឡើងនៅកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា បរិបទនយោបាយនៅកម្ពុជា មានការគាបសង្កត់ផ្នែកនយោបាយ ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីការបោះឆ្នោតជាតិរបស់កម្ពុជា នាពេលខាងមុខ ដោយក្នុងនោះ លោកក៏បានរំលឹកពីការរំលាយគណបក្សប្រឆាំង និងការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើផងដែរ។
លោកគូសបញ្ជាក់ថា លំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា កាន់តែរួមតូច ដែលកើតឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដោយលោកបានចាត់ទុកការរំលាយនេះ ត្រូវបានធ្វើឡើងដោយអយុត្តិធម៌។
អ្នករាយការណ៍ពិសេស UN ដដែលបន្តថា ការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើឡើង គឺបាននិងកំពុងរារាំងដល់ការចូលរួមរបស់ពួកគេនៅក្នុងការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ ខណៈលោកក៏បានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែងលើប្រជាពលរដ្ឋដែលប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេផងដែរ។
ជាមួយគ្នានេះ លោក វិទិត មុនតាប៊ន ថ្លែងថា រដ្ឋាភិបាលកម្ពុជា គួរតែពង្រីកពីការផ្ដោតសំខាន់តែលើសន្តិភាពតែមួយមុខទៅជា «សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»៕