ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់ពួកគេ ខណៈជម្លោះដីធ្លីនៅបន្តអូសបន្លាយ ដោយនៅពុំទាន់មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ អ្នកភូមិរស់នៅជាប់បឹងតាមោកក្នុងភូមិសំរោងត្បូង សង្កាត់សំរោង បានបោះតង់ដាក់វេនគ្នាយាមមិនឱ្យអាជ្ញាធរបន្តចាក់ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផល និងរំលោភចូលដីធ្លីរបស់ពួកគេ ហើយនៅថ្ងៃពុធនេះ ពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើពិធីដាក់បណ្តាសារចំពោះអ្នកដែលមានបំណងចង់រំលោភយដីធ្លីរបស់ពួកគេផងដែរ។
ពលរដ្ឋរស់នៅភូមិសំរោងត្បូង កញ្ញា ស៊ា ដាវី ប្រាប់វីអូឌីថា អ្នកភូមិធ្វើពិធីបែបសាសនានៅលើដីជម្លោះ ដើម្បីដាក់បណ្តាសារចំពោះជនទាំងឡាយណាមិនថាក្រុមហ៊ុន អាជ្ញាធរ និងឧកញ៉ានោះទេ ដែលមានគំនិតចង់យកដីធ្លីរបស់ប្រជាពលរដ្ឋនឹងត្រូវទទួលរងដោយបណ្តានេះ។
ពលរដ្ឋរូបនេះ បន្តថា ការធ្វើពិធីដាក់បណ្តាសារនេះ ដោយសារតែពលរដ្ឋអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ ពាក់ព័ន្ធ ដែលមិនឱ្យពួកគាត់បានអភិវឌ្ឍន៍នៅនឹងកន្លែង។
កញ្ញាបន្ថែមថា៖ «ពិធីដាក់បណ្ដាសារដល់ពួកក្រុមណាដែលមានបំណងចង់ប្លន់ដីពលរដ្ធ ទោះក្នុងរូបភាពណាក៏ដោយ ជិះទូកឱ្យលិចទូក ជិះយន្តហោះឱ្យធ្លាក់យន្តហោះ ជិះឡានឱ្យក្រឡាប់ឡាន ឱ្យស្លាប់កុំឱ្យសល់ បើនៅសល់មួយសុំឱ្យឆ្កួតលីលា»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរមិនអាចឱ្យពលរដ្ឋអភិវឌ្ឍន៍នៅនឹងកន្លែងបានឡើយ ដោយសារពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវលេខ១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។ លោកថា ពលរដ្ឋទាំងនេះត្រូវតែដោះដូរទៅទីតាំងថ្មី ស្ថិតក្នុងសង្កាត់សំរោងដូចគ្នា។
អភិបាលខណ្ឌព្រែកព្នៅលោក ធឹម សំអាន កាលពីថ្ងៃម្សិលមិញ បានទទូចដល់ក្រុមពលរដ្ឋកុំឱ្យបង្កចលនាដែលធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបញ្ហាណាមួយដែលខុសច្បាប់។ លោកថា ក្រោយចប់កិច្ចប្រជុំកំពូលអាស៊ាន អាជ្ញាធរនឹងសម្របសម្រួលដោះស្រាយជាមួយពលរដ្ឋបន្តទៀត។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ដោយបង្ខិតបង្ខំ និងគំរាមកំហែងឱ្យពលរដ្ឋទទួលយកសំណងនោះ គឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៕