សមាជិកខ្មែរថាវរៈបង្ហាញការព្រួយបារម្ភពីសុវត្ថិភាព ដោយសារតែអាជ្ញាធរនៅតែបន្តឃ្លាំមើលនិងតាមដាននៅម្តុំផ្ទះជួលពួកគេរស់នៅជារៀងរាល់ថ្ងៃ ក្រោយពីពួកគេធ្វើយុទ្ធនាការបង្អត់អាហារទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត។
សមាជិកខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី មានប្រសាសន៍នៅថ្ងៃអាទិត្យថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែដដែល សមាជិកខ្មែរថាវរៈចំនួន៦នាក់នាំគ្នាធ្វើយុទ្ធនាការបង្អត់អាហារទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត ។ កញ្ញាបន្តថា នៅអំឡុងពេលបង្អត់អាហារនោះ មានសមាជិកខ្មែរថាវរៈ ២នាក់ ដែលបានហត់ហេវត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែក ៣នាក់ទៀត ក្នុងនោះ មានកញ្ញា លោក ហ៊ុន វណ្ណៈ និងកញ្ញា សុគន្ធ តុលា បាននាំគ្នាបន្តធ្វើយុទ្ធនាការបង្អត់អាហារ ដោយបោះតង់សម្រាកនៅទីលានប្រជាធិបតេយ្យដដែល។
ក្រោយមកទៀតនៅថ្ងៃទី១៣ ខែវិច្ឆិកា ដែលត្រូវយុទ្ធនាការបង្អត់អាហារថ្ងៃទី៧ និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការនេះ កញ្ញា ឈឿន ដារ៉ាវី អះអាងថា មានតែរូបគាត់ម្នាក់ទៀតប៉ុណ្ណោះ ដែលនៅតែបន្តធ្វើយុទ្ធនាការបង្អត់អាហារនៅផ្ទះស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈអ្នកផ្សេងទៀតមានជំងឺ និងខ្លះទៀតផ្អាកដោយសារទទួលបានដំណឹងថាគេប្តឹងជាដើម។
ទោះជាបែបនេះក្តី កញ្ញា ឈឿន ដារ៉ាវី ចាត់ទុការចោទប្រកាន់លើសមាជិកខ្មែរថាវរៈ និងដាក់កម្លាំងសមត្ថកិច្ចតាមឃ្លាំមើលពួកគាត់ដល់ផ្ទះជួលថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលផ្ទុយពីច្បាប់។
កញ្ញានិយាយថា៖ «ទង្វើទាំងអស់នេះជាការរឹតត្បិតហួសហេតុជ្រុលពីសំណាក់អាជ្ញាធរ ធ្វើមកលើពលរដ្ឋដែលគាត់ប្រើប្រាស់សិទ្ធិសម្តែងមតិជាសិទ្ធិមូលដ្ឋានរបស់ខ្លួន ក៏ប៉ុន្តែត្រូវបានជួបការគំរាមកំហែងគ្រប់ៗគ្នា»។
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា សុំមិនធ្វើការបកស្រាយនោះទេ ដោយលោកអះអាងថា ជាប់រវល់។
នាយកគ្រប់គ្រងកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការដាក់កម្លាំងអាជ្ញាធរតាមឃ្លាំមើលក្រុមយុវជនខ្មែរថាវរៈនៅកន្លែងពួកគេរស់នៅ ជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានដែលមានចែងក្នុងច្បាប់ និងរងការរិះគន់ពីមហាជនផងដែរ។
ករណីនេះ លោក អំ សំអាត បញ្ជាក់ថា អាជ្ញាធរត្រូវបញ្ឈប់សកម្មភាពតាមដាននិងឃ្លាំមើលក្រុមយុវជនខ្មែរថាវរៈបែបនេះបន្តទៀត ដើម្បីកុំអោយមានការរិះគន់ពីការរំលោភសិទ្ធិ និងការគំរាមកំហែងទៅលើពលរដ្ឋជាដើម។
លោកមានប្រសាសន៍ថា៖ «ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខជារឿងមួយ ប៉ុន្តែការដាក់កម្លាំងមើលដល់ផ្ទះ ការប្រើប្រាស់កម្លាំងឃ្លាំមើលច្រើនហួសហេតុពេក ជាការគំរាមកំហែង បំភិតបំភ័យ ធ្វើទុក្ខបុកម្នេញទៅវិញ មិនគួរអនុវត្តវិធានការនេះទេ ជៀសវាងនូវការរិះគន់ ការរឹតត្បិតសេរីភាពរបស់ពលរដ្ឋនោះ»។
ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន ឬវិមានប្រធានាធិបតីសហរដ្ឋអាមេរិក( The White House) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា លោកប្រធានាធិបតី បៃដិន (Joe Biden) បានជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ក្រោមហេតុផលនយោបាយ និងមេធាវីអន្តរជាតិដែលមានសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ព្រមទាំងស្នើឱ្យបើកលំហសិទ្ធិពលរដ្ឋ សង្គមស៊ីវិល និងសិទ្ធិនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍កាលពីម្សិលមិញថា សម្រាប់កម្ពុជា គឺអនុវត្តទៅតាមច្បាប់ក្នុងនាមប្រទេសដែលជារដ្ឋមានអធិបតេយ្យភាព។
លោកមានប្រសាសន៍ថា៖ «ចំពោះសំណុំរឿងដែលស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ រដ្ឋាភិបាលមិនមានសិទ្ធិអំណាចក្នុងការលូកដៃឬជ្រៀតជ្រែកទៅនឹងស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យ។ អីចឹងទេត្រូវដំណើរការទៅតាមនីតិវិធីច្បាប់នៅតុលាការនៅកម្ពុជា»។
កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមយុវជនខ្មែរថាវរៈចំនួន៥នាក់ បានចាប់ផ្តើមធ្វើយុទ្ធនាការមិនបរិភោគអាហារ នៅខេត្តព្រះវិហារ ជាទីដែលឃុំខ្លួនកញ្ញា សេង ធារី មេធាវីអន្តរជាតិដែលមានសញ្ជាតិខ្មែរ-អាមេរិក។ បន្ទាប់ពីធ្វើយុទ្ធនាការបង្អត់អាហារបាន២ថ្ងៃ ពួកគេក៏បាននាំគ្នាធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយបន្តយុទ្ធនាការបង្អត់អាហារ និងបោះតង់សម្រាកនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ ដើម្បីសម្ដែងមតិទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត។
ពាក់ព័ន្ធនឹងរឿងកញ្ញា សេង ធារី នេះដែរ ក្រសួងការបរទេសអាមេរិកស្នើឱ្យកម្ពុជាដោះលែងមេធាវីខ្មែរអាមេរិកាំងកញ្ញា សេង ធារី វិញ ដោយចាត់ទុកការឃុំខ្លួនកញ្ញា សេង ធារី និងអ្នកផ្សេងទៀត ថាជារឿងនយោបាយ។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕