លោក ហ៊ុន សែន ថាមិនធ្លាប់ទទួលសំណូកពីអ្នកជំនួញទោះជារាប់អានគ្នា

លោក ហ៊ុន សែន​ (បូ សាវី)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានព្យាយាមពន្យល់ថា លោកមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយណាមួយទេ បើទោះបីក្រុមគ្រួសាររបស់លោកបានរាប់អានជិតស្និតជាមួយអ្នកវិនិយោគទុនធំៗខ្លះក៏ដោយ។

ក្នុងពិធីរំឭកខួប៥ឆ្នាំនៃដំណើរការក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនជប៉ុនមួយ ឈ្មោះ មីនីបៀរ (Minebea) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះថា កន្លងទៅមានគេចោទគ្រួសារលោកថា មានអំពើពុករលួយក្នុងការអនុញ្ញាតឲ្យបើកក្រុមហ៊ុនណាមួយ ដើម្បីធ្វើវិនិយោគនៅកម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់ថា បើទោះបីគ្រួសារលោកបានរាប់អានស្និតស្នាលជាមួយនាយកក្រុមហ៊ុនជប៉ុននេះក៏ដោយ តែលោកថាលោកមិនដែលបានទទួលលុយសំណូកពីក្រុមហ៊ុនជប៉ុនមួយនេះ រួមទាំងក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនរបស់អាមេរិកនិងបារាំងនោះទេ។

លោកថា៖ «លោក កាយ៉ាមា និងភរិយាខ្ញុំនិងកូនស្រីរបស់ខ្ញុំទាំងពីរហ្នឹងគេរាប់អានគ្នា។ ប៉ុន្តែចាំទៅសួរទៅ សួរបារាំង អាមេរិកកាំង សួរជប៉ុននៅទីនេះស្រាប់ហើយ ដែលគេថាពុករលួយៗហ្នឹង លោក កាយាម៉ា បានសូកខ្ញុំប៉ុន្មាន ដើម្បីបានធ្វើអារោងចក្រនេះ។ ព្រោះគេនិយាយស្អីឡើងពុករលួយៗ ជាក់ស្តែងមកសួរទៅ។ ទៅសួក្រុមហ៊ុនកូកាកូឡាមើល បង់ឲ្យខ្ញុំប៉ុន្មានទើបបានពង្រីករោងចក្រអាធំ ឯលោក កាយ៉ាមា បានបង់ឲ្យខ្ញុំប៉ុន្មាន ដើម្បីបានពង្រឹករោងចក្រ ហើយក្រុមហ៊ុនបារាំងបានបង់ឲ្យខ្ញុំប៉ុន្មាន ដើម្បីបានពង្រីក។ អញ្ចឹងព័ត៌មានខ្លះ ជាព័ត៌មានមិនពិត ជាព័ត៌មានបង្កើតរឿង។ ប៉ុន្តែនៅកម្ពុជា ឆ្កែចេះតែព្រុសមនុស្សចេះតែដើរ និយាយឲ្យពិតតែម្តងទៅ»។

លោក ហ៊ុន សែន ថ្លែងបែបឌឺដងទៀតថា កន្លងទៅមានអ្នកនយោបាយខ្លះលើកឡើងថា បើគ្មានការផ្លាស់ប្តូរមេដឹកនាំទេ អ្នកវិនិយោគធំៗនឹងមិនមករកស៊ីនៅកម្ពុជាទេ។ លោកថាការលើកឡើងថាបែបនេះ ជាការបំភ្លៃការពិត នូវអ្វីដែលកំពុងកើតមាននៅកម្ពុជាបច្ចុប្បន្ន។

លោកថា៖ «ឥឡូវក្រុមហ៊ុនបារាំងវិនិយោគព្រលានយន្តហោះពោធិ៍ចិនតុងនៅក្បែរនេះ ជប៉ុនវិនិយោគនៅក្បែរនេះ អាមេរិកកាំងវិនិយោគនៅត្រង់ណេះ ហើយនៅមានក្រុមហ៊ុនដទៃទៀតយ៉ាងច្រើន។ វាអត់មានការចាំបាច់ថា ទាល់តែអ្នកនេះកាន់អំណាច អ្នកនោះកាន់អំណាចបានគេមកទេ សំខាន់បំផុតសភាពការណ៍របស់យើង ថា តើផ្តល់លទ្ធភាពឲ្យគេវិនិយោគឬក៏អត់»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អះអាងទាំងប្រយ័ត្នប្រយែងថា រហូតមកដល់ពេលនេះមិនទាន់មានប្រភពណាបង្ហាញថាមានការសូកប៉ាន់រដ្ឋាភិបាលដើម្បីបានសិទ្ធិបើកក្រុមហ៊ុននោះទេ។ ប៉ុន្តែលោកថា តាមការសង្កេតកន្លងទៅ មន្ត្រីថ្នាក់ក្រោមបានបង្ករការលំបាកនេះ ដើម្បីបានប្រយោជន៍ផ្លាល់ខ្លួន។

លោកថា៖ «រឿងទៅសូកផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ខ្ញុំមិនដឹងច្បាស់ដែរណាស់។ ប៉ុន្តែនៅក្នុងការិយាល័យធិបតយ្យ យើងអត់ទាន់មានផែនទីបង្ហាញទិសនៃការសុំសិទ្ធិវិនិយោគអីហ្នឹងវាមិនទាន់មានអីច្បាស់លាស់ទេ អញ្ចឹងទៅធ្វើឲ្យអ្នកវិនិយោគហ្នឹង គាត់មិនបានទទួលការយល់ដឹង។ អញ្ចឹងទៅធ្វើឲ្យមន្ត្រីខ្លះថាខុសនេះខុសនោះ ហើយខុសហ្នឹងវារកកន្លែងកែកន្លែងណាឲ្យច្បាស់។ ដល់អញ្ចឹងទៅវានាំឲ្យកើតអាជម្ងឺបន្ទុចបង្អាក់ ឬគេហៅថាជម្ងឺមិនរវីរវល់ ធ្វើឲ្យអ្នកវិនិយោគមួយចំនួនហ្នឹង គេអ្នកខ្លះគេមិនពេញចិត្ត និងអ្នកខ្លះប្រើប្រាស់ជាសាហ៊ុយលុយកាក់ជាជម្រើសមួយចំនួន ដែលគេហៅថាការស៊ីសំណូកហ្នឹងក៏កើតមានដែរ»។

ទោះជាយ៉ាងណាលោក ហ៊ុន សែន បានអះអាងថា សម្រាប់រដ្ឋាភិបាលមិនចង់ឃើញក្រុមហ៊ុនណាមួយមកវិនិយោគនៅកម្ពុជាហើយដកខ្លួនចេញទៅវិញ ដោយការខាតបង់នោះទេ។ លោកជំរុញឲ្យកម្មករនិងភាគីក្រុមហ៊ុន ត្រូវចាត់ទុកថាជាដៃគូគ្នាដ៏សំខាន់ មិនអាចខ្វះភាគីណាមួយបាន ដើម្បីជំរុញភាពរីកចម្រើននៃសង្វាក់ផលិតកម្មផងនិងបង្កើនជីវភាពរស់នៅរបស់កម្មករផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ