ក្រសួងការពារជាតិបានបញ្ចេញរថពាសដែកនិងរថយន្តយោធាមួយចំនួនពីបន្ទាយមកតាំងពិព័រណ៍នៅកោះពេជ្រចាប់ថ្ងៃព្រហស្បតិ៍នេះ ដោយថាដើម្បីរៀបចំតាំងពិព័រណ៍កីឡាកងយោធពលខេមរភូមិន្ទនិងរំឭកខួបថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃផ្តួលរំលំរបបខ្មែរក្រហម។
លិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានលើកឡើងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ គណៈកម្មការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនឹងចល័តរថពាសដែកចំនួន២គ្រឿងនិងរថយន្តយោធាចំនួន១៥គ្រឿងពីកងពលតូចអន្តរាគមន៍លេខ៧០ ឆ្ពោះទៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
គណៈកម្មការរៀបចំបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍យុធភណ្ឌយោធានៅកោះពេជ្រនោះ ធ្វើឡើងចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ខែមករា ទើបរថពាសដែកនិងរថយន្តយោធាដែលបានចល័តនោះ ត្រូវបញ្ជូនឲ្យវិលត្រឡប់ទៅរក្សាទុកនៅក្នុងបន្ទាយវិញ។
រដ្ឋាភិបាលបញ្ជាក់ថា ការចល័តយុធភណ្ឌកងទ័ពនេះ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ៧មករានិង បង្ហាញឲ្យសាធារណៈជនយល់ដឹងបន្ថែមទៀតពីតួនាទីនិងភារកិច្ចរបស់កងទ័ពដែលបានចូលរួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ និងស្វែងរកមូលនីធិពីសាធារណជនគាំទ្រដល់សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។
ចំណែកអ្នកវិភាគនយោបាយវិញអះអាងផ្សេងពីនេះ ដោយថាការចល័តយុធភណ្ឌកងទ័ពពេលនេះ ជាការបង្ហាញសាច់ដំផ្នែកយោធាគំរាមដល់ដំណើរកបោះឆ្នោតទៅវិញទេ។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល វិភាគថាការចល័តរថពាសដែកពេលនេះបានធ្វើឡើងចំពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅសល់តែជាង៥ខែទៀតប៉ុណ្ណោះ។
ហើយការប្រារព្វខួបនៃថ្ងៃ៧មករាកន្លងទៅ លោកថារដ្ឋាភិបាលមិនដែលបានចល័តរថពាសដែកឬធ្វើពិធីតាំងពីព័រណ៍យុធភណ្ឌកងទ័ពនៅកណ្តាលក្រុងដូចនេះទេ។
លោក ចាន់ វិបុល រំលឹកថា មេដឹកនាំបក្សកាន់អំណាចធ្លាប់បានគំរាមញឹកញាប់ថា បើចាញ់ឆ្នោតនឹងមានសង្គ្រាមកើតឡើង ដូចនេះលោកថាចង់មិនចង់ការចល័តរថពាសដែកនៅពេលនេះ អាចធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនយល់ថា ជាការបង្ហាញសាច់ដុំផ្នែកយោធាច្រើនជាងការស្វែងរកមូលនីធិសម្រាប់ជួយកងទ័ពដូចការអះអាង។
លោកថា៖ «៧មករាមានជារៀងរាល់ឆ្នាំ។ អញ្ចឹងបើការរៀបចំ [តាំងពិព័រណ៍យុធភណ្ឌកងទ័ព] តែឆ្នាំនេះ ចង់មិនចង់នាំឲ្យមានការសង្ស័យហើយ បើទោះបីរដ្ឋាភិបាលលោកខំព្យាយាមបង្ហាញពីហេតុផលផ្សេង ដូចការធ្វើសមយុទ្ធដែលគាត់ជ្រើសរើសយកទីតាំងនៅជិតស្នាក់ការគណបក្សសង្គ្រោះជាតិអញ្ចឹង។ អញ្ចឹងមានន័យថា គាត់អាចធ្វើបាន ប៉ុន្តែវាអាចគិតពីពេលវេលា។ អញ្ចឹងបើយើងគិតពីពេលវេលា វាអាចបង្កើតបានជាសំណួរ។ហើយសំណួរនេះវាអាចទាក់ទងពីការបង្ហាញពីសាច់ដុំ ផ្នែកកងកម្លាំងប្រដាប់អាវុធ ដើម្បីឲ្យសាធារណជនហ្នឹងគាត់យល់ច្រឡំឬក៏ជាការពិតគាត់អាចភ័យខ្លាចអញ្ចឹងមែន»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ អះអាងប្រហាក់ប្រហែលដែរថា សម្ភារៈយុធភណ្ឌយោធាមានទាំងរថពាសដែកផងទៅដល់ទីណាមានឥទ្ធិពលដល់ទីនោះ។ លោកថាដូចជាការចល័តកម្លាំងទាំងនេះទៅសមរភូមិ មានឥទ្ធិពលទៅលើខ្មាំងសត្រូវនៅព្រំដែន ជាសារគំរាមកុំឲ្យប្រទេសជិតខាងរំលោភបូរណភាពទឹកដី។ លោកវិភាគថា ការចល័តរថពាសដែកនិងសម្ភារៈយោធានៅក្នុងក្រុងបែបនេះ ជាសាគំរាមដល់លទ្ធផលបោះឆ្នោតនៅពេលខាងមុខបើមានការប្រប្រួលខ្លាំង។
លោកថា៖ «គេយកថ្ងៃ៧មករាដែលមនុស្សមួយក្រុមគេចាត់ទុកថាជាបុណ្យជាតិហ្នឹង យកមកបង្ហាញកម្លាំងរបស់ខ្លួន ដើម្បីប្រាប់ទៅពលរដ្ឋថា គេ[បក្សកាន់អំណាច]នៅមានអំណាចសព្វាវុធ អាចធ្វើអ្វីៗបានតាមចិត្ត។ចំនុចទី១គេចង់បង្ហាញថា កម្លាំងដែលគេមានហ្នឹង គេអាចចល័តបាននៅគ្រប់ទីកន្លែង ទោះបីត្រូវកាត់ទីក្រុងក៏ដោយ ក៏អត់មានរាំងស្ទះដល់អំណាចរបស់គេបែបយោធាទេ»។
ទោះជាយ៉ាងណា គណៈកម្មការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទបានបញ្ជាក់ដែរថា ការតាំងពិព័រណ៍សម្ភារៈយុធភណ្ឌដែលធ្វើឡើងនៅកោះពេជ្រនោះ ក៏មានកម្មវិធីប្រគុំតន្ត្រីកំដផងដែរ។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ក្នុងពិធី ក្រុងពាលីដើម្បីបើកប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែមករា នេះថា ការដាក់តាំងពិព័រណ៍សម្ភារៈយោធានេះមិនមែនជាការគំរាមគំហែងអ្វីនោះទេ។
ប៉ុន្តែអ្នកវិភាគថា រដ្ឋាភិបាលគួរតែបង្ហាញសាច់ដុំផ្នែកកងទ័ពនេះនៅតាមព្រំដែនវិញ ដើម្បីកុំឲ្យទេសជិតខាង ឈ្លានពានទឹកដីនោះទើបមានការគាំទ្រពីមហាជន៕