មហាអំណាចសេដ្ឋកិច្ចចិនបានបង្ហាញនូវការថ្នាំងថ្នាក់ចិត្តនិងព្រមានចាត់វិធានការតឹងរ៉ឹងតបនឹងលោក ដូណាល់ ត្រាំ ដែលមានចេតនាធ្វើឲ្យខូចគោលនយោបាយ «ចិនតែមួយ» និងឯករាជ្យភាពកោះតៃវ៉ាន់។
សារព័ត៌មាន Reuters បានដកស្រង់ខ្លឹមសារក្នុងសារព័ត៌មានរដ្ឋចិនមួយឈ្មោះ The Global Times ដែលបានព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានក្ដៅ បើប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅតែបន្ដលើករឿងឯករាជ្យភាពកោះតៃវ៉ាន់ ក្រោយស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ មករា ខាងមុខ។
សារព័ត៌មានចិនមួយទៀត China Daily បន្ថែមថា ចិននឹងហ៊ានចំណាយអ្វីៗ គ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដឹងពីបញ្ហារសើបមួយនេះ និងផលវិបាកផ្សេងៗ នៃការលេងល្បែងរឿងកោះតៃវ៉ាន់។
ការចុះផ្សាយលើសារព័ត៌មានទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានផ្ដល់បទសម្ភាសន៍មួយជាមួយកាសែត Wall Street Journal កាលពីថ្ងៃសុក្រ ទី១៣ មករា ដោយលោកថា គោលនយោបាយ «ចិនតែមួយ» អាចចរចាបាន។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេសចិន បានឆ្លើយបញ្ជាក់ កាលពីថ្ងៃអាទិត្យ ម្សិលមិញថា គោលនយោបាយ “ចិនតែមួយ” ជាមូលដ្ឋានដែលមិនអាចចរចាបានសម្រាប់ទំនាក់ទំនងចិន-អាមេរិក ហើយចិនបានជំរុញទៅភាគីពាក់ព័ន្ធនៅអាមេរិកទទួលស្គាល់បញ្ហាកោះតៃវ៉ាន់ផងដែរ។
តាំងពីឆ្នាំ១៩៧៩មក សហរដ្ឋអាមេរិកបានទទួលស្គាល់កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ប៉ុន្តែ លោក ត្រាំ បានបញ្ឆេះឲ្យមានការតវ៉ាផ្នែកការទូតពីសំណាក់ក្រុងប៉េកាំង បន្ទាប់ពីជជែកគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី សៃ អ៊ឹងវ៉េន កាលពីដើមខែធ្នូឆ្នាំមុន៕