លោក ឌិន ពុទ្ធី ដែលទើបត្រូវបានដោះលែងបានសុំលាឈប់ពីគណបក្សប្រឆាំង ដោយអះអាងថា លោកមិនមានពេលគ្រប់គ្រាន់ដើម្បីបំពេញការងារគណបក្សសង្គ្រោះជាតិបន្តទៀត។
សកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការឃុំខ្លួនជិតមួយខែ ក្រោយពីនគរបាលម្នាក់ដួលមុខរថយន្តរបស់លោកកាលពីចុងឆ្នាំមុន។
នៅក្នុងលិខិតមួយចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៧ ដែលវីអូឌីទើបទទួលលោក ឌិន ពុទ្ធី ឲ្យដឹងថា លោកសុំលាលែងពីសមាជិកភាពរបស់គណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ ដោយសារ លោកមានភារកិច្ចបំពេញការងារសមាគម ហើយគ្មានពេលគ្រប់គ្រាន់ដើម្បីពេញការងារគណបក្ស។ យ៉ាងណាក៏ដោយ ការលាលែងនេះ ធ្វើឡើងបានតែ២ថ្ងៃ ក្រោយពីសាលាឧទ្ធរណ៍បានសម្រេច ដោះលែងឲ្យលោកនៅក្រៅឃុំជាបណ្ដោះអាសន្នកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ។
លោក ឌិន ពុទ្ធី ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ការលាឈប់នេះ ដោយសារ លោកចង់បំពេញការងារជាសហជីព និង សមាគម ចំពោះការគំរាមកំហែងវិញ លោកសុំមិននិយាយ ប៉ុន្តែលោកថា មកដល់ពេលនេះ រូបលោកបានត្រូវតុលាការចោទប្រកាន់ចំនួន ៣ ករណី ដែលសំណុំរឿងនេះ តាំងពីឆ្នាំ២០១៤ ឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ។ លោកចាត់ទុកការចោទប្រកាន់របស់តុលាការនេះ ថាជារឿងអយុត្តិធម៌ ដោយអះអាង លោកមិនបានប្រព្រឹត្តិបទល្មើសនោះទេ។
លោកបន្តថា «ខ្ញុំមិនអាចសន្និដ្ឋានបានទេ ប៉ុន្តែគ្រាន់តែរឿងដែលគេចោទប្រកាន់ទាំងអស់ គឺខ្ញុំមិនមានកំហុសទេ ដូចការចោទប្រកាន់របស់គេនោះទេ ដូចតុលាការទេ ព្រោះខ្ញុំមិនបានប្រព្រឹត្តិកំហុសអីទេ ហើយក៏មិនបានទៅញុះញង់ឲ្យពួកគេទៅធ្វើបាតុកម្មដែរ។ ខ្ញុំមិនបានទៅ ញុះញង់ ឲ្យពួកកម្មទៅគប់ទីស្នាក់ការគយដែរ ការធ្វើបាតុកម្មរបស់គាត់គឺខ្ញុំអត់ដឹងទេ។ កាលពីខែឧសភា ឆ្នាំ ២០១៥ ដែលធ្វើបាតុកម្មគប់បំផ្លាញទីស្នាក់ការគយគឺខ្ញុំអត់បានដឹងរឿងអីទេ ។ ខ្ញុំនៅឯស្វាយឯណោះ ហើយខ្ញុំមិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់ ចឹងគឺវាហាក់ដូចមិនត្រឹមត្រូវសម្រាប់ខ្ញុំទេ ព្រោះការចោទប្រកាន់អត់ត្រឹមត្រូវតែម្ដឹង ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំគ្មានកំហុស»។
លោកបញ្ជាក់ថា សំណុំរឿងនៅឆ្នាំ ២០១៤ និង ២០១៥ គឺតុលាការ ទើបធ្វើការចោទប្រកាន់លោកនៅចុងឆ្នាំ២០១៦ កន្លងទៅនេះទេ ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា ការសម្រេចលាឈប់ពីគណបក្សនយោបាយនេះ ជាសិទ្ធិរបស់លោក ឌិន ពុទ្ធី ប៉ុន្តែលោកកន្លងមក លោក ឌិន ពុទ្ធី ធ្វើការងារភាគច្រើនគឺក្នុងមាននាមជាអង្គការ ដោយមិនសូវបង្ហាញ រឿងគណបក្សទេ ។ ទាក់ទងរឿងតុលាការចោទប្រកាន់វិញ លោកថាវាមិនមានអ្វីប្លែក ប៉ុន្តែលោកអំពាវនាវឲ្យតុលាការធ្វើការដោយឯករាជ្យ។
លោកថា«សូមឲ្យតុលាការហ្នឹង ជាតុលាការឯករាជ្យ ដែលមានឆន្ទៈជាអ្នកបម្រើផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ព្រោះតុលាការក៏ជាមន្ត្រីសិទ្ធិមនុស្សមួយដែរ ដែលមានអំណាចផ្នែកខាងវិនិច្ឆ័យ ពិនិត្យពិចារណាទៅលើរឿងក្ដី ទៅដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។ ខ្ញុំគិតថា តុលាការក៏បានស្បថដែរ ក្នុងការចូលកាន់តំណែង ហើយបើសិនជាតុលាការហ្នឹងបម្រើបក្ស ក៏ខុសពីសម្បថរបស់ខ្លួន ហើយសម្បថរបស់ខ្លួននឹងតាម ផ្ដន្ទាតាម តាមយាយី និងតាមធ្វើទុកបុកម្និញ ដែលជនណាដែលបានស្បថ ថាខ្លួននឹងជាមនុស្សឯករាជ្យ»។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ សកម្មជនគណបក្សប្រឆាំងនិងជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចាប់ខ្លួន ខណៈនគរបាលច្រកទ្វារម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ បានដួលនៅមុខរថយន្តរបស់មន្ត្រីបក្សប្រឆាំងរូបនោះ។ ក្រោយមកលោក លោក ឌិន ពុទ្ធី ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ចោទថាបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប៉ុន្តែចំណាត់ការរបស់តុលាការថ្នាក់ក្រោមនោះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមនិងអង្កការសង្គមស៊ីវិល រួមទាំងគ្រួសារលោក ឌិន ពុទ្ធី ផង រិះគន់ថា ជារឿងអយុត្តិធម៌ ហើយសាលាឧទ្ធរណ៍បានដោះលែងនៅក្រៅឃុំ៕