ទំនងជាលើកដំបូងហើយ ដែលមន្ត្រីរដ្ឋាភិបាល និងតុលាការ បានប្រើបណ្តាញសង្គម វាយបកគ្នាទៅវិញទៅមក ទាក់ទិនទៅនឹងការចុះបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធ ប៉ះចំលើក្រុមចោរដដែលៗ ។
កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៧នេះ មានករណីប្លន់ប្រដាប់អាវុធមួយទៀត បានកក្រើកឡើង នៅជិតផ្សាទំនើប សុវណ្ណា ក្នុងរាជធានីភ្នំពេញ។
ជនដៃដល់ បានប្រើអាវុធខ្លី បាញ់រះទៅលើជនរងគ្រោះបីនាក់ បណ្តាលឲ្យម្នាក់ស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ ។
៥ថ្ងៃក្រោយមក សមត្ថិច្ចចាប់បានជនសង្ស័យពីរនាក់ មានឈ្មោះ ចាន់ សុវណ្ណ និងម្នាក់ទៀតឈ្មោះ អ៊ុំ សួស្តី ។
សមត្ថកិច្ចអះអាងថា រឹបអូសបានអាវុធខ្លីពីរដើម និងអាវុធវែងប្រភេទ M16 កាត់ស្វាយមួយដើម និងគ្រាប់មួយចំនួនទៀត។
ប៉ុន្តែមន្ត្រីនគរបាលមួយរូប ដែលដាក់ឈ្មោះលើគណនេយ្យហ្វេសប៊ុក ថា ភាព បូ បានលើកឡើងថា ជនសង្ស័យដែលចាប់បាននោះ ជាមុខសញ្ញាចាស់ ដោយថាសមត្ថកិច្ចធ្លាប់ចាប់បានកាលពីឆ្នាំ២០១៥ ពេលពួកគេកំពុងធ្វើសកម្មភាពប្លន់រថយន្ត កាមរីសេរី សេរី០៧ ។
លោក ភាព បូ លើបណ្តាញសង្គមថា «មិនទាន់បាន២ឆ្នាំស្រួលបួលផង ចេះសីល្ប៍ហែកទ្វារគុគចេញបាត់ កងកម្លាំងម្នាក់ៗ គ្មានបានដេកពួនអីទេទម្រាំចាប់បាន »។
ជាប្រតិកម្មឆ្លើយតប អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានសរសេរនៅប្រព័ន្ធតេឡេក្រាមថា ការលើកឡើងរបស់មន្ត្រីនគរបាលរូបនោះ ធ្វើឲ្យសាធារណជនភាន់ច្រឡំ។
លោក លី សូផាន់ណា អះអាងថា« ជនល្មើសឈ្មោះ អ៊ុំ សួស្តី ហៅក្បាលពោះធំ ជាទណ្ឌិតដែល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស ។អំឡុងពេលអនុវត្តទោសក្នុងពន្ធនាគារ ទណ្ឌិតរូបនេះបានសុំទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហើយបាន រត់គេចខ្លួននៅពេលបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។
តុលាការបានចេញដីកាបង្គាប់អោយចាប់ខ្លួនទណ្ឌិតរូបនេះ មកអនុវត្តទោស ហើយកំពុងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនមកដល់ពេលនេះ ស្រាប់តែទណ្ឌិតរូបនេះបង្ហាញខ្លួន និងប្រព្រឹត្តបទល្មើសថ្មីបន្ថែមទៀត ។
តុលាការបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់និងនីតិវិធីក្នុងការសម្រេចផ្តន្ទាទោសនិងអនុវត្តទោសទៅលើទណ្ឌិតរូបនេះ» ។
VODមិនអាចទាក់ទង លោក ភាព បូ ដើម្បីបញ្ជាក់លើការអះអាងនេះបានទេ។ប៉ុន្តែនៅលើហ្វេសប៊ុក មន្ត្រីនគរបាល លោក ភាព បូ ដដែលបានឆ្លើយតបថា «ខ្ញុំយល់ព្រមសុំទោសជាធារណៈ បើសិនជាមានរឿងដូច្នោះមែន ក៏ប៉ុន្តែហេតុអី មិនមានការផ្សព្វផ្សាយជូនដំណឹង នៅពេលដែលជនល្មើសរត់គេចចេញពីពន្ធនាគារ ដោយមូលហេតុអ្វី ឬល្បិចកលផ្សេងៗ របស់ឧក្រិដ្ឋជន ជូនជាដំណឹងដល់ស្ថាបន័ពាក់ពន្ធ័ធ្វើការតាមជំនាញ ឬប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ន័ខ្ពស់»។
នៅដើមឆ្នាំ២០១៧នេះ រដ្ឋាភិបាលបានប្រកាស វិធានការទប់ស្កាត់បទល្មើសប្លន់ប្រដាប់អាវុធ និងគ្រឿងញៀន ។ជាងនេះទៅទៀត កាលពីឆ្នាំមុន លោក ហ៊ុន សែន ក៏បានប្រកាសពីការប្រើកណ្តាប់ដៃដែកផងដែរ ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ។
លោកថា៖«មុខចោរដដែលៗ អាចោជាប់គុក វាជាប់អត់ដែលបានយូទេ អញ្ចឹងសុំមើលឡើងវិញ ខ្ញុំនិយាយសាជាថ្មី ។ពីមុនខ្ញុំថាខ្ញុំប្រើកណ្តាប់ដៃដែក របស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ។
ឥឡូវឲ្យតែប្រភេទចោរ និងពួកគ្រឿងញៀនវាចេញពីគុកដូចស្រួលពេក ។ហើយអាហ្នឹង ពេលវាចេញមក វាបង្ករឿង ពីមុនវាត្រឹមប្លន់ទេ វាអត់ហ៊ានសម្លាប់មនុស្សទេ តែវាចេញលើកក្រោយនេះ វាហ៊ានសម្លាប់មនុស្ស ។អញ្ចឹងទេត្រូវធ្វើរឿងនេះឲ្យបានហ្មត់ចត់។ក្រសួងយុត្តិធម៌ត្រូវធ្វើការឲ្យបានហ្មត់ចត់ លើកបញ្ហាហ្នឹង»។
អ្នកឯកទ្ទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា រាប់សិបឆ្នាំមកនេះ មន្ត្រីរដ្ឋាបាលភិបាលមួយចំនួន និងមន្ត្រីតុលាការនឹង រងនូវការរិះគន់ពីពលរដ្ឋដូចគ្នា ពីការចុះបង្ក្រាបបទល្មើស ក៏រងការរិះគន់ពីពលរដ្ឋថា ទទួលសំណូកដូចគ្នា ។ប៉ុន្តែសារសាឆ្លើយឆ្លង រវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីតុលាការពេលនេះ លោកថា គ្រាន់តែជាភ័ស្តុតាងមួយទៀត សម្រាប់ដាស់អារម្មណ៍រដ្ឋាភិបាលអំពើពុករលួយឈានដល់ចំនុចកំពូល។
បើតាមលោក ចាន់ វិបុល ទាំងតុលាការទាំងមន្ត្រីជំនាញ គួដល់ពេលពង្រឹងវិជ្ជាជីវៈរៀងៗខ្លួន ហើយងាកមកពង្រឹងយុត្តិធម៌សង្គម ដើម្បីជួយស្តារមុខមាត់ប្រទេសជាតិឡើងវិញ។
លោកថា៖«តុលាការគួតែប្តូរឥរិយាបទ ពីការប្រព្រឹត្តិអំពើពុករលួយ ជាលក្ខណបុគ្គល មកគិតពីផលប្រយោជន៍ជាតិ ពីព្រោះអ្នកដែលលែងហ្នឹងភាគច្រើនសុទ្ធជាមុខសញ្ញា ហើយយើងយើងឃើញសង្គមកម្ពុជាយើង ទទួលរងផលប៉ះពាល់ពីក្រុមមុខសញ្ញាហ្នឹងច្រើន ទសវត្សរ៍មកហើយ»។
កាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៧នេះ អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ បង្ហាញថាស្ថានភាពអំពើពុករលួយនៅ កម្ពុជាសម្រាប់ឆ្នាំ២០១៦ ស្ថិតក្នុងស្ថានភាពអាក្រក់ដដែល និងឈរក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិក អាស៊ាន។
របាយការណ៍នោះបញ្ជាក់ថា មានមូលហេតុជាច្រើនដែលកម្ពុជាមិនអាចងើបរួចពីអំពើពុករលួយនេះ ដូចបញ្ហាមិនឯករាជ្យនៃអំណាចទាំងបី ការរៀបចំបក្ខពួកខ្លួនក្នុងកិច្ចការរដ្ឋ ជាពិសេសប្រព័ន្ធតុលាការ និងយុត្តិធម៌ ដែលបានទាញឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់បែបនេះ៕