អ្នកសារព័ត៌មាននិងសាក្សីបានឃើញផ្ទាល់ភ្នែក ថាក្រុមសន្ដិសុខខណ្ឌ៧មករាបានបង្ក្រាបទៅលើក្រុមស្ដ្រីអ្នកតវ៉ាមកពីតំបន់បឹងកក់នៅមុខសាលាដំបូងរាជធានីភ្នំពេញ បណ្ដាលឲ្យមានអ្នករងរបួសមួយចំនួន។
នៅវេលាម៉ោងប្រហែល៩និង២០នាទី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានការប៉ះង្គិចមួយនៅមុខសាលាដំបូងក្រុងភ្នំពេញ ដោយឃើញថាអាជ្ញាធរ និងកងសន្ដិសុខខណ្ឌ៧មករា បានវាយបង្ក្រាប និងរុញច្រានទៅលើក្រុមស្ដ្រីអ្នកតវ៉ាតំបន់បឹងកក់ ខណៈពួកគេឡើងមកគាំទ្រ អ្នកស្រី ទេព វន្នី ដែលតុលាការនាំខ្លួនមកកាត់ទោសពីបទហិង្សាក្បែរផ្ទះនាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០១៣។
ការប៉ះទង្គិចគ្នានោះបានបណ្ដាលឲ្យមនុស្ស៥នាក់រងរបួស ក្នុងនោះក៏មានអ្នកស្រី បូវ សោភា និងអ្នកស្រី សុង ស្រីលាភ ផងដែរ។ បើតាមសម្ដីសកម្មជនបឹងកក់ម្នាក់គឺ កញ្ញា សង់ ស្រីលាភ ឲ្យដឹងថា កងសន្ដិសុខខណ្ឌ៧មករា បានប្រើហិង្សាធ្វើឲ្យស្រីមានផ្ទៃពោះ៥ខែម្នាក់ នៅសហគមន៍បុរីកីឡារងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នៅក្នុងហេតុការណ៍នោះ កងសន្ដិសុខ បានព្យាយាមបណ្ដេញក្រុមអ្នកតវ៉ាស្ដ្រីបឹងកក់ ដែលកំពុងប្រមូលផ្ដុំនៅទីធ្លាខាងមុខសាលាដំបូងរាជធានីភ្នំពេញ ឲ្យរើចេញទៅថ្នល់ម្ខាង និងរហូតឈានដល់ការវាយប្រតប់គ្នាតែម្ដង។
ខណៈមានការវាយបង្ក្រាបនេះ ក៏មានបុរសម្នាក់ទៀត ដែលឈរនៅក្បែរនោះ បានជួយរារាំងកុំឲ្យអាជ្ញាធរបន្ដវាយដំទៅលើស្ដ្រីបឹងកក់ តែគេឃើញថា ក្រុមសន្ដិសុខខណ្ឌ៧មករា វាយទាត់ធាក់ទៅលើគាត់ និងបានដេញប្រផាប់ចាប់ប្រផីងរហូតចូលដល់ក្នុងផ្សារទំនើបស៊ីធីម៉លទៀត។ ប៉ុន្ដែបុរសម្នាក់នោះត្រូវបានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានឈរអមច្រើន និងបានគេចផុតពីការដេញចាប់របស់ក្រុមសន្ដិសុខ។
បុរសដែលត្រូវសមត្ថកិច្ចដេញចាប់នោះ ឈ្មោះ ម៉ៅ សុជាតិ អះអាងជាពលរដ្ឋធម្មតា បានឲ្យ VOD ដឹងថា លោកមិនបានប្រព្រឹត្ដអ្វីខុសឆ្គងទៅលើក្រុមសន្ដិសុខនោះទេ។ លោកថា លោកគ្រាន់តែឈរមើល និងជួយឃាត់កុំឲ្យពួកគេបន្ដវាយដំទៅលើស្ដ្រីបឹងកក់ប៉ុណ្ណោះ ដោយលោកថា អាជ្ញាធរបែរជាវាយដំលើរូបលោកទៅវិញ។ លោកថា៖ «ខ្ញុំប្រជាពលរដ្ឋធម្មតា ប៉ុន្ដែខ្ញុំឃើញគាត់ (សន្ដិសុខខណ្ឌ) នាំគ្នាសែងគ្រវែងចូលក្រោមអារបងហ្នឹង ហើយខ្ញុំគ្រាន់តែឃាត់ដៃ កុំឲ្យគាត់គ្រវែងធ្វើអញ្ចឹង ទ្រាំមិនបាន គាត់មកវាយដាល់មុខខ្ញុំពីរ បីដៃ។ ខ្ញុំអត់ស្គាល់ឈ្មោះគេទេ ប៉ុន្ដែខ្ញុំចំណាំមុខបានទាំងអស់»។
VOD មិនអាចទាក់ទងលោក លឹម សុភា អភិបាលខណ្ឌ៧មករា ដើម្បីសុំការបំភ្លឺបានទេ ព្រោះទូរសព្ទចុចចូលច្រើនដង គ្មានអ្នកទទួល។
ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូលោក អំ សំអាត ដែលបានចូលរួមសវនាការរបស់អ្នកស្រី ទេព វន្នី នៅព្រឹកនេះដែរ បានឲ្យ VOD ដឹងថា កងសន្ដិសុខខណ្ឌ៧មករា ហាក់មិនបានគោរពតាមគោលការណ៍រក្សាសន្ដិសុខនោះទេ ដោយលោកថា ពួកគេបែរជាប្រើហិង្សាលើសកម្មជនស្ដ្រីបឹងកក់ទៅវិញ។ លោកបន្ដថា ក្នុងនាមជាកងសន្ដិសុខការពារសណ្ដាប់ធ្នាប់ និងជាប្រជាពលរដ្ឋខ្មែរដូចគ្នា ពួកគេគួរចេះប្រើវិធានការសន្ដិវិធី ទើបជាការត្រឹមត្រូវ។ លោកថា៖ «យើងសុទ្ធតែជាខ្មែរដូចគ្នា ដែលអាចនិយាយគ្នាបាន។ ខ្ញុំឃើញថា គាត់អនុវត្តថ្ងៃនេះ ខុសពីគោលការណ៍ភូមិឃុំមានសុវត្ថិភាព ពីព្រោះគោលការណ៍ភូមិឃុំមានសុវត្ថិភាព គេរក្សាសណ្ដាប់ធ្នាប់ ហើយថែរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ គេមិនប្រើអំពើហិង្សាក្នុងការបង្រ្កាប ឬក៏វាយដំពលរដ្ឋទេ»។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានផ្តន្ទាទោសលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ ចំនួន៥លានរៀលចូលរដ្ឋ ព្រមទាំង បង្គាប់ឲ្យសងសំណងជំងឺចិត្តចំនួន៩លានរៀលទៅភាគីដើមបណ្តឹងដែលតុលាការថាជនរងគ្រោះ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខខណ្ឌដូនពេញពីរនាក់។ ប៉ុន្តែអ្នកស្រី ទេព វន្នី ថ្លែងថា ការសម្រេចរបស់តុលាការនេះគឺ អយុត្តិធម៌ ដោយថាគាត់ជាស្រីមិនអាចទៅវាយសន្តិសុខនោះទេ៕