អាជីវករនាំត្រីទៅលក់នៅផ្សារថៃតវ៉ាបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឲ្យភាគីថៃបញ្ចុះតម្លៃយកភាស៊ីលើខេងត្រីរបស់ពួកគេ។
អាជីវករម្នាក់លោក អឿន វិត ឲ្យដឹងថា អាជីករលក់ត្រីនៅផ្សារថៃរាប់រយនាក់នៅថ្ងៃព្រហស្បតិ៍នេះបាននាំគ្នាតវ៉ាដោយចាក់ត្រីបិទច្រកទ្វាអន្តរជាតិ បន្ទាប់ពីភាគីថៃយកថ្លៃភាស៊ីខ្ពស់ដោយមិនបានជូនដំណឹងមុន។
លោកថា ជាធម្មតាថៃយកភាស៊ីត្រី១០០គីឡូតែ៣៥០បាតប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃនេះបានឡើងដល់១៥០០បាតហើយមិនបានជូនដំណឹងមុនឡើយ ដែលជាហេតុធ្វើឲ្យក្រុមអាជីវករមិនអាចទទួលយកបាន។
លោកបន្ថែមថា «កាលមុនគេយក១ទេះមានត្រី១០០គីឡូ៣៥០បាត ដល់ពេលព្រឹកម៉ិញនេះគេយក១៥០០បាត ដល់ពេលអញ្ចឹងថ្លៃពេក ដល់ពេលអញ្ចឹងយើងទៅម៉េចរួច បងគិតមើលទៅ ដល់ពេលអញ្ចឹងនាំគ្នាបិតផ្លូវតែម្តងទៅកុំឲ្យចូលរួចទាំងគ្នា»។
លោកបន្តថា អាជីវករបាននាំគ្នាតវ៉ាបិតផ្លូវជាង៣ម៉ោងទើបមានការសម្របសម្រួសពីអាជ្ញាធរនៃ ប្រទេសទាំងពីរ។
អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ មានប្រសាសន៍ថា បន្ទាប់ពីមានការកកស្ទះអាជ្ញាធរកម្ពុជាបានសម្របសម្រួលជាមួយភាគីថៃ ដោយសុំឲ្យភាគីថៃរក្សាការយកថ្លៃភាស៊ីនៅដដែល ហើយក្រុមអាជីវករក៏សម្រេចបើកផ្លូវធម្មតាវិញ។
លោកបន្ថែមថា «ភាគីគយថៃហ្នឹង គាត់តម្លើងលើសតម្លៃសព្ទដងហើយមិនបានប្រាប់មុន និងតម្លើងខ្ពស់រហូតដល់ប្រជាពលរដ្ឋមិនអាចទទួលយកបាន។ ក្រោយតវ៉ានេះ អាជ្ញាធរខ្មែរនិងអាជ្ញាធរថៃឲ្យកម្មករគាត់ឆ្លងកាត់ធម្មតាវិញ ដោយសារភាគីថៃគាត់មានកំហុសដែលឡើងថ្លៃ ដោយមិនបានជូនដំណឹងមុន ព្រោះរាល់ពេលឡើងថ្លៃត្រូវមានការជូនដំណឹងដល់ភាគីម្ខាងមុន»។
អាជីវករអះអាងថា ប្រសិនបើភាគីថៃនៅតែបន្តឡើងថ្លៃភាស៊ីច្រើនបែបនេះ ពួកគេនឹងនាំតវ៉ាបិទផ្លូវម្តងទៀត ហើយពួកគេស្នើឲ្យអាជ្ញាធរកម្ពុជាត្រូវជាដោះស្រាយឲ្យទាន់ពេលវេលា នៅពេលបញ្ហាកើតឡើងភ្លាមៗ។
កាលពីឆ្នាំ២០១៥ កម្មករអូសរទេះរាប់រយនាក់បានធ្វើបាតុកម្មបិទផ្លូវជាតិ៥នៅចំណុចមុខ ការិយាល័យ និងរដ្ឋាករក្រុងប៉ោយប៉ែតដោយទាមទារមិនឲ្យមានការបង់ពន្ធសម្រាប់ទំនិញនាំចូល ដោយបាតុកម្មនោះបានឈានដល់អំពើហិង្សា និងបានបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល៕