ពលរដ្ឋនៅស្រុកចិត្របុរី ខេត្តក្រចេះ ចោទអាជ្ញាធរថាឃុបឃិតគ្នាយកដីពួកគេ

ប្រជាពលរដ្ឋ៥៥គ្រួសារនៅឃុំសំបុកស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃអង្គារនេះ នាំគ្នារកកិច្ចអន្តរាគមន៍ពីមន្ទីររៀបចំដែនដីខេត្តនេះ ដោយទាមទារឲ្យស្ថាប័ននេះដកហូតយកដីជាង២០ហិកតាឲ្យពួកគេវិញដោយចោទថាអាជ្ញាធរស្រុកបានឃុបឃិតគ្នាយកដីពួកគេទៅឲ្យប្រជាពលរដ្ឋផ្សេងទៀត។

លោក បេត សារ៉ែន អះអាងថាជាតំណាងពលរដ្ឋប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរឃុំនិងអភិបាលស្រុកបានយកគ្រឿងចក្រនិងកម្លាំងសមត្ថកិច្ចទៅឈូសឆាយផ្ទះនិងដំណាំពលរដ្ឋ ដើម្បីយកដីនោះប្រគល់ឲ្យប្រជាពលរដ្ឋនៅឃុំផ្សេងទៀត។

លោកថា «ពួកខ្ញុំមកតវ៉ាដីធ្លីរបស់ខ្ញុំដែលនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ចំណុចក្បែស្រុកកោះធំ… ឈ្មោះមេខ្លោងដែលរំលោភយកដីពួកខ្ញុំ  ឈ្មោះ ទន់ រីម  ឈិម សាវ័ន្ត  ហើយនិងអាជ្ញាធរឃុំ សំ សិត  ហើយនិងអាជ្ញាធរស្រុក ចាងហ្វាងស្រុក លោក ហង្ស ចាន់ឌី ខៀវ ស្រឿន មន្ត្រីជាប់កិច្ចសន្យា នួន សារុន ដែលនាំគ្នាមកឈូកឆាយអស់ ១២ ខ្នងផ្ទះ ហើយដំណាំា ដំាដុះ  អស់រលីង។ រាល់ថ្ងៃនេះ ពួកខ្ញុំដើរនៅផ្ទះគេខ្លះអីខ្លះ…ពួកខ្ញុំរកតែដាំដុះអីមិនបានទេ ព្រោះគេមកនៅហូរហែ គេឈូសឆាយ ផ្ទះពួកខ្ញុំចេញហើយឲ្យអ្នកផ្សេងមកនៅ»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ឃុត មុំ លើកឡើងប្រហាក់ហែលគ្នាថា អភិបាលស្រុកចិត្របុរីបានយកដីពួកគាត់ធ្វើសម្បទានទៅឲ្យពលរដ្ឋផ្សេង ហើយគំរាមពួកគាត់មិនតវ៉ា។

អ្នកស្រី «ខ្ញុំក៏ជាប្រជាពលរដ្ឋដែរ ហើយដីពួកខ្ញុំរស់នៅតាំងពីឆ្នាំ១៩៧៩មក ហើយម៉េចបានទៅដកធ្វើសម្បទាន បើធ្វើសម្បទាន ម៉េចក៏មិនសម្បទានឲ្យពួកខ្ញុំ ពួកខ្ញុំរស់នៅលើដីនោះ ហើយបែរជាដកដីពួកខ្ញុំទៅឲ្យប្រជាពលរដ្ឋម្ខាងទៀត។ ពួកខ្ញុំតវ៉ាអត់ស្ដាប់ទេ ចាប់ពួកខ្ញុំវាយខ្នោះដាក់ទៅកន្លែង ព្រហ្មទណ្ឌអ្នកណាតវ៉ា គេមិនឲ្យតវ៉ាទេ   ដេញចាប់វាយខ្នោះ ថ្ងៃទី១ វាយខ្នោះម្នាក់ថ្ងៃទី២ វាយខ្នោះ ម្នាក់ទៀត»។

ទោះជាយ៉ាងណាអភិបាលស្រុក លោក ហង្ស ចាន់ឌី បានបដិសេធការចោទប្រកាន់នេះ។

លោកថា «គេមានឯកសារផ្លូវច្បាប់ត្រឹមត្រូវរបស់គេទាំងអស់ មានរហូតទៅដល់ ក្រសួងរៀបចំដែនដី គេចេញលិខិតបញ្ជាក់ ការប្រគល់ដីស្របច្បាប់របស់ពួកគេ។ [ដោយសារថ្ងៃនេះ ពួកគាត់បានឡើង ទៅមន្ទីរដែនដីខេត្តក្រចេះ?]មន្ទីរដែនដីណា ក្រសួងគេចុះមក តាំងពីរដ្ឋាភិបាលគេចុះមកពិនិត្យអី ឆ្អែតឆ្អន់ហើយ មិនតិចដងណាមិនមែនខ្ញុំជាអ្នកចុះទៅពិនិត្យម្នាក់ឯងណា ខេត្តគេដឹកនាំក្រុមការងារ មួយដែលមានអ្នកចូលរួមតាំងពីព្រះរាជអាជ្ញាររងតាំងពីអីចុះទៅអនុវត្តមិនមែនតាខ្ញុំណាចរិត នយោបាយ ដីហ្នឹងគេប្ដឹងដើម្បីបង្កើតឲ្យទៅជាចរិតនយោបាយ»។

មន្ត្រីអង្កេតនៃសមាគមអាដហុកខេត្តក្រចេះ លោក  ប៊ី វណ្ណី ដែលតាមដានរឿងនេះ មានប្រសាសន៍ថា អាជ្ញាធរ បានយកដីពលរដ្ឋធ្វើជាដីសម្បទានសង្គមកិច្ច ប៉ុន្តែការយកដីធ្វើសម្បទាននោះ លោកថាមានភាពមិនប្រក្រតីដោយសារពលរដ្ឋដែលអាជ្ញាធរយកដីប្រគល់ឲ្យនោះមិនមែនជាប្រជាពលរដ្ឋក្រីក្រ។

លោកថា «ការផ្ដល់ដីសម្បទានសង្គមកិច្ចវាមានភាពមិនប្រក្រតី ដោយសារវាមានមេខ្លោង៤ទៅ៥នាក់ដែលជាតំណាងរបស់ពួកប្រជាពលរដ្ឋឃុំថ្មក្រែងជា៧០គ្រួសារហ្នឹង រហូតដល់មានអ្នកធ្វើការជាសមាជិកក្រុមប្រឹក្សាស្រុកទៀត ដែលទទួលបានដីសម្បទានសង្គមកិច្ចហ្នឹង។ ចឹងហើយមាន លក្ខណៈមិនប្រក្រតី។ ចឹងហើយអ្នកខ្លះមានទៅដល់ឡានជិះ មានឡានជិះទៅដល់៥៧០អី ហើយទទួលបានដីសម្បទានសង្គមកិច្ចដែរ។ មេខ្លោង ទន់ រៀម គាត់មានឡានជិះ ហើយកូនៗគាត់ខ្លះអាយុមិនទាន់ដល់ឆ្នាំ១៨ផង ហើយមានដីកាត់ប្លង់ឲ្យដែរ តាមលក្ខណៈការអង្កេតរបស់យើងហ្នឹង»។

លោកបន្តថា រដ្ឋាភិបាលគួរតែចុះពិនិត្យផ្ទាល់សិន មុននឹងចេញលិខិតឬចេញចំណាទៅឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ឬ ស្នើសុំធ្វើអ្វីមួយនោះ ដោយសារមន្ត្រីអនុវត្តផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាល។

យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាព្រមានថា ប្រសិនបើមន្ទីរដែនដីខេត្តក្រចេះ នៅមិនព្រមដោះស្រាយ ឲ្យពួកគាត់ទេ ពួកគាត់នឹងនាំគ្នា ឡើងមកភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ