សពរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន លោក សុខ អាន ត្រូវបានដឹកតាមយន្តហោះពីចិនមកដល់កម្ពុជានៅព្រលឹមថ្ងៃនេះយកទៅតម្កល់នៅគេហដ្ឋាន ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
លោក សុខ អាន ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបទទួលបានគោរមងារជា «សម្តេចវិបុលបញ្ញា» ត្រូវបានរដ្ឋាភិបាលបានចេញសេចក្តីប្រកាសថាបានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ វេលាម៉ោង៦និង៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យក្រុងប៉េកាំង នៃប្រទេសចិន។
តាមកម្មវិធីបានអោយដឹងថាបុណ្យសពលោក សុខអាន មានចំនួន៤ថ្ងៃចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមីនា ២០១៧ ដោយធ្វើនៅភូមិគ្រិះ និង ថ្ងៃចុងក្រោយរំកិលសពទៅទីឈាបនដ្ឋានមុខវត្តបទុមវត្តី ដើម្បីបូជា។
កាលពីថ្ងៃពុធម្សិលមិញ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយ ស្នើដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យប្រទានថវិកាចំនួនបីប៊ីលានរៀល (៣.០០០.០០០.០០០ រៀល) ឬស្មើនឹង៧៥ម៉ឺនដុល្លារសម្រាប់ចំណាយរៀបចំពិធីបុណ្យសពលោក សុខ អាន។
គួរបញ្ជាក់ថា លោក សុខ អាន បានកើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០ ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ និងបច្ចុប្បន្នជាសមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីផង៕