ផ្ទះប្រជាពលរដ្ឋប្រមាណជាង១០ខ្នងក្នុងឃុំបឹង ប្រាំស្រុកបរិល ខេត្តបាត់ដំបង ត្រូវខូចខាតទាំងស្រុងដោយសារខ្យល់កន្រ្តាក់លាយឡំទឹកភ្លៀងកាលពីយប់ថ្ងៃទៅ១៦ ខែមីនាម្សិលមិញ។
លោក អុល លីយ៉ាន ដែលអះអាងថា ជាតំណាងពលរដ្ឋ១៩២គ្រួសារ ក្នុងឃុំបឹង ប្រាប់វីអូឌីថា កាលពីល្ងាចថ្ងៃទី១៦មីនានេះថា ផ្ទះប្រជាពលរដ្ឋប្រមាណ១២ រួមទាំងសាលារៀន១ខ្នងទៀត នៅក្នុងឃុំបឹង ត្រូវខ្យល់កន្រ្តាក់បកបោក ដោយមានផ្ទះពលរដ្ឋខ្លះ ដូលរលំ ខ្លះទៀតបើងដំបូល បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងមានមនុស្សម្នាក់រងរបួសស្រាយក្នុងហេតុការណ៍នេះផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែសរុបអ្នកដួលៗទេ អ្នកបាក់បែកតិចៗ ខ្ញុំមិននិយាយទេ ទាំងអស់១១ខ្នង បន្ទប់ទឹកអីសណ្តក់ទាំងអស់ អត់មានអ្នកណាជួយទេ ម្នាក់ៗមុខឡើងខ្មៅអែរ ឥលូវពលរដ្ឋខ្លះ យកកៅស៊ូតង់បាំងដេកក្រោមគោយន្តទេ ហើយខ្លះដេកក្រោមដើមឈើទេ»។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី ជួន ផល្លី និយាយថា ផ្ទះអ្នកស្រីមានទំហំ៦គុណ៧ម៉ែត្រត្រូវខ្យល់កន្រ្តាក់បោកឲ្យខូចខាតទាំងស្រុង ដោយដួលរំលំប៉ើងដំបូលនិងខូចខាតផលដំណាំមួយចំនួនផងដែរ។
អ្នកស្រីបានអំពាវនាវសុំឲ្យរដ្ឋាភិបាលនិងសប្បុរសជនជួយដល់ពួកគាត់ដែលជាពលរដ្ឋកំពុងរងគ្រោះ ដោយថា ពួកគាត់ជាពលរដ្ឋក្រីក្រ ហើយភាគច្រើនជាជនរងគ្រោះដីធ្លីនិងជាជនពិការ។
អ្នកស្រីបន្ថែមថា «ខ្ញុំអំពាវនាវសុំឲ្យដ្ឋាភិបាលជួយដល់ពួកខ្ញុំផងខ្ញុំជាជនរងគ្រោះ រងគ្រោះដីធ្លី ដោយសារមានទំនាស់ហើយ អាផ្ទះសំបែងក៍ខ្ទេចអស់ដោយខ្យស់ ដល់អញ្ចឹងខ្ញុំមិនគិតទៅ ខាងទេ ឆ្នាំនេះធ្វើស្រែក៍មិនកើត អញ្ចឹងមានតែសុំអ្នកមានសប្បុរសជនដែលមានទឹកចិត្តជួយ ផង ជាពិសេសរដ្ឋាភិបាលជួយមើលគ្នាអ្នករងគ្រោះធ្ងនផង »
អ្នកស្រីបន្តថារហូតមកដល់ថ្ងៃសុក្រនេះ មិនមានអាជ្ញាធរណាចុះជួយឬសួរសុខទុក្ខពីទំហំនៃការខូចខាតដោយសារបញ្ហាគ្រោះធម្មជាតិនេះនៅឡើយទេ។
អគ្គស្នងការនគរបាលជាតិឲ្យដឹងថានៅថ្ងៃនេះថា យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋ១២ខ្នង នៅស្រុកចំនួន៣ក្នុងខេត្តបាត់ដំបង បានទទួលរងការខូចខាតដោយសារខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងនោះមានស្រុកបាណន់ ស្រុកកំរៀង និងស្រុកបរិវេល។
អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្រោយពីកើតមានគ្រោះធម្មជាតិនេះ អធិការស្រុកទាំង៣ បានកំពុងដឹកនាំកំលាំងនគរបាលសហការជាមួយប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ នីមួយៗ ធ្វើការជួសជុលផ្ទះសំបែង និងរៀងចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយឡើងវិញ។
កាលពីថ្ងៃទី១៦មីនាម្សិលមិញនេះ ក្រសួធនធានទឹក និងឧតុនិយម ក៏បានជូនដំណឹងថា ប្រទេសកម្ពុជានឹងបន្តទទួលរងភ្លៀងកក់ខែបន្តទៀតក្នុងរដូវក្តៅនេះ ហើយក៏អាចនាំឲ្យមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់មកជាមួយផង៕