មេដឹកនាំបក្សប្រឆាំងលើកឡើងប្រហាក់ប្រហែលគ្នាថា ការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំថ្មី ក្រោយលោក សម រង្ស៊ី ប្រកាសលាលែងថា នឹងគ្មានបញ្ហា បើទោះបីជាក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់ជាផ្លូវការក៏ដោយ។
កាលពីថ្ងៃពុធម្សិលមិញ ក្រសួងមហាផ្ទៃនៅតែអះអាងថា ការជ្រើសរើស លោក កឹម សុខា ឡើងកាន់តំណែងជាប្រធានបក្សជំនួសលោក សម រង្ស៊ី និងតែងតាំង លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ឲ្យធ្វើអនុប្រធាននោះថា ផ្ទុយលក្ខន្តិកៈ ត្រង់ប្រការ៤៧។ ក្រសួងមហាផ្ទៃក៏តម្រូវ ឲ្យបក្សប្រឆាំងពិនិត្យករណីនេះឡើងវិញ។
ប៉ុន្តែនៅថ្ងៃទី៣០ ខែមីនានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់ពិធីរំឭកខួប២០ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខមន្ទីរដ្ឋសភាចាស់ ហាក់មិនព្រួយបារម្ភពីការច្រានចោលរបស់ក្រសួងមហាផ្ទៃនេះទេ។
លោកថា៖«ខ្ញុំប្រធាន! ទោះលក្ខន្តិកៈចាស់ក៏ប្រធាន លក្ខន្តិកៈថ្មីដែលធ្វើវិសោធនកម្មនេះក៏ប្រធាន។ ប្រធានដដែលហ្នឹង ហើយអត់មានរឿងអីផង»។
អនុប្រធានបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបានចូលរួមពិធីនោះដែរ បានបញ្ជាក់ថា ជំនួបជាមួយមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃពុធម្សិលមិញ លោកថាមានភាពវិជ្ជមានច្រើន ដោយថាក្រសួងមហាផ្ទៃទទួលស្គាល់សមាជ និងមិនជំទាស់និងការធ្វើវិសោធនកម្មប្រការ៤៧ របស់បក្សប្រឆាំងនេះទេ។ ប៉ុន្តែលោកថាអ្វីដែលនៅសេសសល់ គណបក្សនេះនឹងព្យាយាមសម្រួលដើម្បីឈានទៅដល់ការយោគយល់គ្នា។
លោកថា៖ «លក្ខន្តិកៈចាស់ប្រការ៤៧ហ្នឹង មិនអនុញ្ញាតិឲ្យយើងជ្រើសរើស អនុប្រធានដល់ទៅ៣ទេ។ ប៉ុន្តែក្រោយពីសមាជថ្ងៃទី២ភ្លាមៗហ្នឹង [សមាជិកគណបក្ស] បានអនុម័តធ្វើវិសោធនកម្មទៅលើប្រការ៤៧ហ្នឹង ប្រការហ្នឹងឯងដែលបើកច្រកឲ្យយើងរៀបចំក្បាលម៉ាស៊ីនហ្នឹង។ អញ្ចឹងបានន័យថា បើក្រសួងទទួលស្កាល់សមាជហើយនឹងមិនយល់ទាស់នឹងការធ្វើវិសោធនកម្មរបស់យើងទេ ដូច្នេះយើងអាចមានដំដោះស្រាយហើយ»។
នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅ NICFEC លោក សម គន្ធាមី លើកឡើងថា ករណីនេះ គណបក្សប្រឆាំង គួរតែស្វែងរកការជួបក្រសួងមហាផ្ទៃម្តងទៀត ដើម្បីពន្យល់ពីភាពស្របច្បាប់លើដំណើរការសមាជរបស់ខ្លួន និងបានជំរុញ ក្រសួងមហាផ្ទៃឲ្យបំពេញតួនាទីជាស្ថាប័នឯករាជ្យ បង្កើតបរិយាកាសងាយស្រួល ដល់គណបក្សនយោបាយ ធ្វើយ៉ាងណាឲ្យពួកគេ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ ដោយគ្មានការគំរាមក ដើម្បីធានាពីភាព ត្រឹមត្រូវ និងយុត្តិធម៌ ដល់ដំណើការបោះឆ្នោត។
នៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ខែមីនានេះ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអះអាងដោយភ្ជាប់នឹងសេចក្តីប្រកាសព័ត៌មានថា ការធ្វើសមាជរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២ខែមីនា ដែលជ្រើសតាំងប្រធានថ្មីនិងអនុប្រធាន៣រូបនោះ គឺខុសនឹងប្រកា៤៧ ទាំងចាស់ និងថ្មីនៃលក្ខន្តិកៈរបស់គណបក្សនេះ។ ប៉ុន្តែក្នុងសេចក្តីប្រកាសដែលមានខ្លឹមសារដូចសេចក្តីប្រកាសលើកមុននោះ គឺមិនបានប្រាប់ឲ្យគណបក្សសង្រ្គោះជាតិថាត្រូវធ្វើអ្វីបន្តនោះទេ។
ទោះជាយ៉ាងណា លោកអេង ឆៃអ៊ាង បានអះអាងដែរថា គណបក្សប្រឆាំងមួយនេះ នឹងពិចារណាធ្វើសមាជវិសមញ្ញម្តងទៀត បើក្នុងករណីចាំបាច់៕