លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ កុំឲ្យរើសអើងអ្នកដែលធ្លាក់ខ្លួនពិការដោយសង្គ្រាម ដោយថា អ្នកទាំងនោះបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងពិធីចុះជួបជនពិការ នៅខេត្តសៀមរាប នាថ្ងៃទី១៣ខែមេសានេះ លោក ហ៊ុន សែន ថ្លែងបែបលើកទឹកចិត្តថា ជនពិការពិតមែនតែពួកគេ បាត់បង់កាយសម្បទាខ្លះ ហើយជំនួសមកវិញដោយអវៈយវៈសិប្បនិម្មិតក៏ដោយ ប៉ុន្តែលោកថា យុទ្ធជនពិការភាគច្រើន បានប្រឹងប្រែង ជម្នះការលំបាក រហូតផ្តល់ឱកាសឲ្យកូនៗពួកគេ បានរៀនចប់មហាវិទ្យាល័យ និងថាខ្លះបានក្លាយជាបញ្ញវន្ត។
ប៉ុន្តែលោក ហ៊ុន សែន ថ្លែងបែបខកចិត្តថា ភរិយាខ្លះ បានសម្រេចចិត្ត បោះបង់ប្តីរបស់ខ្លួនចោល ទៅរកដៃគូជីវិតថ្មី នៅពេលដែលយុទ្ធជនទាំងនោះ ធ្លាក់ខ្លួនពិការ។
លោកថា៖ «ខ្ញុំអំពាវនាវចំពោះភរិយាទាំងឡាយ របស់យុទ្ធជនពិការ សូមកុំមានការអៀនខ្មាសថា យើងមានប្តីជានជនពិការ ខុសពីគេពីឯង ដែលមានកន្លែងខ្លះ គួឲ្យរន្ធត់ចិត្ត នៅពេលដែលបានយកគ្នាធ្វើជាប្តីប្រពន្ធមុនធ្លាក់ខ្លួនពិការ។តែនៅពេលដែលប្តីធ្លាក់ខ្លួនពិការ ក៏រត់ចោលប្តីទៅស្រវ៉ាឱបប្រុសថ្មី នេះជារឿងអកុសល រឿងនេះវាបានកើតនៅកន្លែងខ្លះរួចមកហើយ»។
ក្នុងពិធីនោះដែរ លោក ហ៊ុន សែន ក៏បានសរសើរភរិយា លោក គឺលោកស្រី ប៊ុន រ៉ានី ដែលអង្គុយជិតនោះដែរថា ភរិយាលោក មិនបានបោះបង់រូបលោកចោលទេ ទោះបីរូបលោកបានពិការភ្នែកម្ខាង អំឡុងសម័យសង្គ្រាម ឆ្នាំ១៩៧៥ ក៏ដោយ។
លោក ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ឲ្យកូនៗរបស់យុទ្ធជនពិការ ត្រូវមានមោទភាពថា ឪពុករបស់ពួកគេ ជាអ្នកមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់បុព្វហេតុជាតិ មាតុភូមិ។
- លោក ញឹម សុខន
- | ១៣ មេសា ២០១៧
- ម៉ោង ១០:៣៧