លោក យុង ផានិត មេធាវីការពារក្ដី ជួប សំលាប់ បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅតុលាការជាន់ខ្ពស់កាលពីថ្ងៃ២០ខែមេសា ដើម្បីប្រឆំាងនឹងសាលាក្រមសាលាដំបូង ដែលសម្រេចផ្តន្ទាទោសកូនក្តីអស់មួយជីវិត ដោយថា ដើម្បីជួយសម្រាលទោសឲ្យកូនក្តី។
កាលពីចុងខែមីនាឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសឲ្យបុរស អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារអស់មួយជីវិត ដោយចោទថា បានបាញ់សម្លាប់លោក កែម ឡី កាលពីខែកក្កដាឆ្នាំ២០១៦។
មេធាវី ជួប សំលាប់ គឺលោក យុង ផានិត ប្រាប់វីអូឌីនៅថ្ងៃសុក្រទី២១ខែមេសានេះថា ដើមចមដែលនាំឲ្យលោកដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដោយសារសាលក្រមសាលាដំបូង ដែលផ្តន្ទាទោសកូនក្តីលោកអស់មួយជីវិត មានភាពធ្ងន់ធ្ងរនិងគ្មានឱកាសកែប្រែកំហុស។
លោកសង្ឃឹមថា ការប្តឹងទៅសាលាឧទ្ធរណ៍នេះ អាចជួយឲ្យកូនក្តីលោកទទួលបានការបន្ធូរបន្ថយទោសមួយផ្នែក ករណីកូនក្តីចេះកែប្រែកំហុស ដោយធ្វើតែអំពើល្អនៅក្នុងពន្ធនាគារ។
លោកនិយាយថា៖ «ទាក់ទងទៅនឹងបុគ្គលភាពរបស់ជនល្មើស ហើយនឹងច្បាប់តម្រូវឲ្យមានស្ថានសំរាលទោសខ្លះ ចំពោះជនប្រព្រឹត្តបទល្មើសមានការសោកស្តាយ ហើយគាត់មានការកែប្រែខ្លួន បើសិនសាលាដំបូងដាក់ទោសគាត់អស់មួយជីវិត គាត់គ្មានឱកាសកែប្រែខ្លួនទេ ខ្ញុំក៏ឯកភាពតាមលោក ជួប សំលាប់ ធ្វើពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញទៅលើចំណុចទណ្ឌកម្ម ដែលដាក់ទោសវាអតិប្បរិមា ដែលមិនមានការបន្ថួរបន្ថយទោសដល់គាត់»។
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបានចាប់ខ្លួនបុរសតែម្នាក់ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ។
ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ ជួប សំលាប់ តែងបានអះអាងថា ខ្លួនជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជាឬនៅពីក្រោយនោះទេ៕