អ្នកធ្វើការផ្នែកវិស័យព័ត៌មានមួយចំនួនបានលើកឡើងថា សំណុំរឿងអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ដែលរងការចោទថា បានបន្លំខ្លួនចូលពន្ធធនាគារសួរសុខទុក្ខសកម្មកជនបក្សប្រឆំាង កាលពេលថ្មីៗនេះ មិនខុសក្រមសីលធម៌(វិជ្ជាជីវៈ)និងច្បាប់នោះទេ។
កាលពីព្រឹកថ្ងៃទី១៩ ខែមេសានេះ លោក ជុន ច័ន្ទបុត្រ ត្រូវបានគេប្រទះឃើញមានវត្តមានជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងលោក ឡុង រី នៅពេលចូលទៅសួរសុខទុក្ខសកម្មជនដទៃទៀតរបស់បក្សប្រឆាំងចំនួន១៦នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។ ក្រោយមកតុលាការបានចេញដីកាកោះឲ្យលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ខណៈមានការសង្ស័យថា ភូតកុហកសមត្ថកិច្ច។
លោក ជុន ច័ន្ទបុត្រ ប្រាប់VODថាលោកចូលទៅពន្ធនាគារគោលបំណងធំចង់ជួបអ្នកវិភាគនយោបាយលោក គឹម សុខ ក្រោយពីលោកធ្លាប់លើកឡើងថា មានអ្នកបង្ខំឲ្យលោកទទួលយកលក្ខខ័ណ្ឌមួយចំនួន ជាថ្នូរបាននៅក្រៅឃុំ។
ពាក់ព័ន្ធនឹងករណីនេះ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ បានពន្យល់ជាទូទៅថា ករណីអ្នកសារព័ត៌មានបន្លំខ្លួន និងលាក់អត្តសញ្ញាណ ក្នុងគោលបំណងស៊ើបអង្កេតរកព័ត៌មាន យកទៅផ្សព្វផ្សាយប្រាប់សាធារណៈជនមិនខុសក្រមសីលធម៌ និងមិនខុសច្បាប់នោះទេ។
លោក ឈានណារិទ្ធ ក៏បានលើកឧទារណ៍ ករណីលោក ជុន ច័ន្ទបុត្រ ដូចនេះថា «លោក ជុន ច័ន្ទបុត្រ ចូលទៅពន្ធនាគារព្រៃស ដើម្បីទៅជួបលោក គឹម សុខ មានប្រយោជន៍ទំាងសាធារណៈជន មានប្រយោជន៍ទំាងរដ្ឋាភិបាល ក៏ដូចជាមន្ត្រីនៅក្នុងពន្ធនាគារខ្លួនឯងទៀតផង ផលប្រយោជន៍ទីមួយសម្រាប់សាធារណៈជន យើងចង់ដឹងថាតើសុខទុក្ខរបស់លោក គឹម សុខ យ៉ាងម៉េច ព្រោះអីព័ត៌មានទាក់ទងនិងលោក គឹម សុខ នេះគឺជាព័ត៌មានដែលមានតម្លៃ ទីពីរមានប្រយោជន៍ចំពោះរដ្ឋភិបាល ដើម្បីកុំឲ្យមានការចោទប្រកាន់រដ្ឋាភិបាល ក៏ដូចជាចោទប្រកាន់មន្ត្រីពន្ធនាគារថាលោក គឹម សុខត្រូវបានគេគម្រាមកំហែងឬធ្វើទុកបុកម្នេញណាមួយ»។
លើសពីនេះទៀត លោក ឈានណារិទ្ធ បង្ហាញជាចង្ងល់ថា ករណីលោក ច័ន្ទបុត្រ ហេតុអ្វីបានជាតុលាការ មិនកោះហៅអ្នកយាមនៅច្រកចូលពន្ធនាគារដែលអនុញ្ញាតឲ្យលោក ច័ន្ទបុត្រ ចូលនោះ បែរជាកោះហៅតែតំណាងរាស្ត្របក្សប្រឆំាងលោកស្រី មួរ សុខហួរ លោក ឡុង រី និងលោក ច័ន្ទបុត្រ។ លោកយល់ ករណីនេះអ្នកដែលមានកំហុសគឺមន្ត្រីយាមនៅច្រកចូលនោះ ដែលមិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ។
ប្រធានគម្រោងសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននៃអង្គការ UNESCO លោក ឆាយ សុផល បានសរសេរនៅលើហ្វេសប៊ុករបស់លោកមានខ្លឹមសារថា ការមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួនថាជាអ្នកសារព័ត៌មាននៅក្នុងតំបន់គ្រោះថ្នាក់ ឬតំបន់ហាមឃាត់មួយចំនួនសម្រាប់ព័ត៌មានស៊ើបអង្តេត ដូចជា កន្លែង ជួញដូរផ្លូវភេទ រង្គសាលមានប្រើសារជាតិញៀនខុសច្បាប់ និងប្រព្រឹត្តអំពើអនាចារ អាសអាភាស ជួញដូរមនុស្ស កន្លែងដែលមានមន្រ្តីកឹបកេងលួចបន្លំសម្បត្តិរដ្ឋធ្វើជាសម្បត្តិខ្លួន បង្កើតអំពើពុករលួយ និងបង្តភាពអយុត្តិធម៌ជាដើម គឺមិនខុសនោះទេ។
លោកសរសេរថា «រឿងក្រមសីលធម៌សារព័ត៌មានគឺនៅត្រង់ថា តើការមិនបង្ហាញអត្តសញ្ញាណរបស់អ្នកសារព័ត៌មាននោះ ក្នុងបំណងបម្រើឲ្យវិជ្ជាជីវៈព័ត៌មានស៊ើបអង្កេតស្វែងរកការពិត ឬក៏ផលប្រយោជន៍នយោបាយ និងលាភសក្ការៈរបស់ខ្លួន?” នៅក្នុងរបប ប៉ុល ពត ឆ្នាំ១៩៧៥ – ១៩៧៩ ការមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួនក៏អាចរស់រានមាន ជីវិតបានដែរ។ ត្រូវចាំថា អ្នកសារព័ត៌មានមិនមែនអ្នកនយោបាយទេ ព្រោះអ្នកទាំងពីរមានជំនាញខុសគ្នា»។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាទីប្រឹក្សាបណ្តាញផ្សព្វផ្សាយកម្ពុជា លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា ករណីលោក ជុន ច័ន្ទបុត្រ លោកមិនអត្ថាធិប្បាយច្រើនទេ ដោយថាសំណុំរឿងនេះបានដល់ដៃតុលាការហើយ។ ប៉ុន្តែលោកថា ករណី លោក ច័ន្ទបុត្រ ជាបទពិសោធន៍មួយសម្រាប់អ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្ននៅពេលចុះប្រមូលព័ត៌មាន។
លោកមានប្រសាសន៍ថា «សម្រាប់ខ្ញុំករណីលោក ជុន ច័ន្ទបុត្រ វាជាមេរៀនមួយដែលធ្វើឲ្យខ្ញុំក្នុងនាមជាអ្នកសារព័ត៌មាន ហើយនឹងធ្វើកិច្ចការសារព័ត៌មាន មានការគិតកាន់តែច្រើន ទៅលើសុវត្ថិភាព និងការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទំាងកន្លែងដែលស្ថាប័នអនុវត្តច្បាប់ ទំាងកន្លែងដែលមានប្រព្រឹត្តបទល្មើស ឬកន្លែងដែលមានគ្រោះថ្នាក់ ដូចជាកន្លែងមានសារធាតុពុល ឬក៏កន្លែងផ្ទុះ ឬក៏កន្លែងរំញ្ជួយផែនដី ដែលគេហៅថា គិតពីសុវត្ថិភាពអ្នកសារព័ត៌មាន វាមិនមែនតែរឿងនិន្នាការនយោបាយតែមួយមុខទេ គឺរឿងគ្រប់ទំាងអស់ទាក់ទងនិងសុវត្ថិភាពអ្នកសារព័ត៌មាន»។
គួរបញ្ជាក់ថា តុលាការសម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ គឺធ្វើឡើងមួយថ្ងៃក្រោយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VOD ថា លោក ជុន ច័ន្ទបុត្រ អាចជាប់ពន្ធនាគារ ប្រសិនបើត្រូវបានគេរកឃើញថា មានចេតនាបន្លំសមត្ថកិច្ចចូលសួរសុខទុក្ខអ្នកទោសជាមួយមន្ត្រីបក្សប្រឆាំង៕