គណបក្សប្រឆាំងលើកឡើងថា ការស្នើសុំបិទផ្លូវសាធារណៈមួយចំនួនរបស់សាលារាជធានីភ្នំពេញ ជារឿងមិនសមហេតុផល និងរំលោភសិទ្ធិរបស់គណបក្សនយោបាយក្នុងការឃោសនារកសំលេងឆ្នោត។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ការការពារសន្ដិសុខបោះឆ្នោតតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត» នាព្រឹកថ្ងៃអង្គារទី៩ឧសភាឆ្នាំ២០១៧ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មគណបក្សសង្គ្រោះជាតិលោកស្រី ម៉េង សុភារី បានយកឱកាសទទូចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិចារណាឡើងវិញចំពោះលិខិតរបស់សាលារាជធានីភ្នំពេញ ដែលចង់បិទផ្លូវសំខាន់ៗមួយចំនួន មិនឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោត។
លោកស្រីលើកឡើងថា លិខិតរបស់សាលារាជធានីភ្នំពេញនេះ គឺហាក់កំពុងរារាំងដល់សកម្មភាពឃោសនាបោះឆ្នោត ដោយលោកស្រីថា តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺពុំមានបទបញ្ញត្តិណាហាមឃាត់មិនឲ្យគណបក្សហែក្បួនឃោសនា និងប្រើប្រាស់ទីសាធារណៈ ដើម្បីផ្សព្វផ្សាយសារនយោបាយដល់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលឃោសនាបោះឆ្នោតនោះទេ។
លោកស្រីថា បើតាមច្បាប់ មានតែទីកន្លែងមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានហាមឃាត់ ដូចជា មន្ទីរពេទ្យ ទីវត្តអារាម ផ្សារ និងសាលារៀនជាដើម។
លោកស្រីថា៖ «ដោយសារការពារសន្ដិសុខ ដោយសារការពារសុវត្ថិភាព ក៏ដូចជា ដោយសារកកស្ទះចរាចរណ៍ យើងឃើញថា យើងមានសមត្ថកិច្ចដោះស្រាយតើបញ្ហាហ្នឹង បញ្ហារឿងកកស្ទះចរាចរណ៍ សមត្ថកិច្ចគាត់ធ្វើការដោះស្រាយ… ស្នើសុំឲ្យ គ.ជ.ប ធ្វើការពិចារណាឡើងវិញលើលិខិតរបស់សាលារាជធានីភ្នំពេញ ពីព្រោះថា ច្បាប់អត់បានហាមឃាត់នៅតាមផ្លូវ ឬទីសាធារណៈទេ ផ្ទុយទៅវិញ គឺអនុញ្ញាតឲ្យហែ។ ហើយការស្នើសុំរបស់សាលារាជធានីភ្នំពេញ គឺហាក់បីដូចជាការរារាំងដល់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលច្បាប់ថា ការឃោសនាត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល និងដើម្បីផ្ញើសារដល់ពលរដ្ឋ»។
បើតាមលិខិតចុះថ្ងៃទី២៨មេសាឆ្នាំ២០១៧ សាលារាជធានីភ្នំពេញបញ្ជាក់ថា ផ្លូវ និងផ្សារមួយចំនួន រួមទាំងទីកន្លែងប្រជុំជនខ្លះត្រូវបានសាលារាជធានីស្នើសុំ គ.ជ.ប ដើម្បីសុំការអនុញ្ញាតិ្តហាមឃាត់មិនឲ្យមានការឃោសនាបោះឆ្នោតលើមហាវិថីទាំងនោះ។ ប៉ុន្ដែការស្នើនេះ នៅមិនទាន់មានការឆ្លើយតបជាផ្លូវការពី គ.ជ.ប នៅឡើយទេ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំថា គ.ជ.ប បានពិគ្រោះយោបល់ជាមួយអាជ្ញាធរដើម្បីកំណត់ទីតាំងណា ដែលអាចឲ្យគណបក្សនយោបាយធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយថា ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ កាត់បន្ថយការកកស្ទះចរាចរ និងបង្កលក្ខណៈងាយស្រួល បើសិនមានក្បួនគណៈប្រតិភូបរទេសឆ្លងកាត់ជាដើម។ ប៉ុន្ដែលោកហាក់មិនបញ្ជាក់ថាតើ គ.ជ.ប នឹងយល់ព្រមតាមសំណើរបស់សាលារាធានីភ្នំពេញ ឬអត់នោះទេ។
លោកថា៖ «ដំបូងបំផុត គឺយើងសុំឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតពិគ្រោះជាមួយអាជ្ញាធរ ដើម្បីកំណត់កន្លែងណាអាចធ្វើសកម្មភាពឃោសនាបាន កន្លែងណាមិនអាចធ្វើបាន នេះមិនមែនតែរាជធានីមួយ គឺយើងធ្វើគ្រប់ខេត្ត និងគ្រប់ឃុំសង្កាត់ ធ្វើអញ្ចឹងដើម្បីអី ដើម្បីឲ្យដឹងថា កន្លែងណា ដែលមានបញ្ហា កន្លែងណាអាចធ្វើបាន»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា នីចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍កាលពីពេលកន្លងទៅថា បំរាមទៅលើមហាវិថីមួយចំនួននោះ វាមិនសូវចោទជាបញ្ហានោះទេ តែលោកថា ការហាមឃាត់ទៅដល់ទីប្រជុំជន និងផ្លូវជុំវិញផ្សារនោះ គឺវាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិក្នុងការឃោសនាដោយសេរីរបស់គណបក្សនយោបាយ។
នៅថ្ងៃអង្គារទី៩ខែឧសភានេះ អង្គការសង្គមស៊ីវិលចំនួន២០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយចាត់ទុកការស្នើសុំបិទផ្លូវសាធារណៈសំខាន់ៗមួយចំនួនរបស់សាលារាជធានីភ្នំពេញនោះ ថាមិនសមហេតុផល និងមិនធានាបាននូវវិធានការឲ្យមានការឃោសនាបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។
បើតាមប្រតិទិនរបស់ គ.ជ.ប យុទ្ធនាការឃោសនារកសំឡេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នឹងធ្វើឡើងចំថ្ងៃទី៤ ខែមិថុនា៕