ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ បង្ហាញថា ផលកសិកម្មដែលកម្ពុជាទួលបានផលច្រើនជាងគេ គឺពោត បន្ទាប់មកស្រូវ និងសណ្តែក។
ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើនៅស្រុកកំចាយមា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ខែឧសភានេះ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សង ប្រកាសឲ្យដឹងថា ក្នុងអាហារ៧មុខ គោឧសភរាជ បរិភោគ ពោត៩៥ភាគរយ ស្រូវ៩០ភាគរយ និងសណ្តែក៩០ភាគរយ។
បើតាមទំនាយ និងទំនៀមទម្លាប់ខ្មែរពីបុរាណ តាមគោឧសភរាជ បរិភោគអាហារទាំងនោះ បង្ហាញថា ឆ្នាំនេះ ផលកសិកម្ម ពោត ទទួលបានផលច្រើនជាង ស្រូវ និងសណ្តែក។
ដោយឡែក អាហារផ្សេងទៀត ដូចជា ល្ង ស្មៅ ទឹក និងស្រា «គោឧសភរាជ» មិនបរិភោគនោះទេ។
ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត បានចូលរួមជាអធិបតិ។
អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ត្រូវចាត់តាំងធ្វើស្តេចមាឃ និងលោកស្រី ជា ផល្គុន ជាភរិយា ជ្រើសតាំងជាមេហួ ដើម្បីព្រោះគ្រាប់ស្រូវ។
គួរបញ្ជាក់ថា ពិធីច្រត់ព្រះនង្គ័លនេះត្រូវបានធ្វើឡើងជារៀលរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ និងពេលខ្លះត្រូវបានប្រារព្វធ្វើឡើង នៅតាមខេត្តមួយចំនួន ៕