មន្ត្រីជាន់ខ្ពស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា រយៈពេលបីថ្ងៃនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ គ.ជ.ប ទើបទទួលបាន១បណ្តឹងនៅខេត្តតាកែវ ដែលសកម្មជនគណបក្សប្រជាជនកម្ពុជាបឹ្ដងគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ពាក្យបណ្តឹងនោះ សកម្មជនគណបក្សប្រជាជនកម្ពុជា បានបឹ្ដង បក្សសង្គ្រោះជាតិ ដោយចោទថា សកម្មជនបក្សប្រឆាំងបានរារាំងសកម្មភាពឃោសនារបស់ពួកគេ ប៉ុន្តែមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិបានប្ដឹងបកទៅលើគណបក្សប្រជាជនវិញ។ លោកបន្តថា ពាក់ព័ន្ធបណ្តឹងនេះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត កំពុងធ្វើការដោះស្រាយ ប៉ុន្តែលោកថា ចំពោះករណីមិនមានបញ្ហាអ្វីធំនោះទេ។
លោកថា «លូវហ្នឹងពាក្យបណ្ដឹងរបស់គណបក្សទាំងពីរ មិនបានសះជានៅថ្នាក់ឃុំសង្កាត់ទេចឹងបានឡើងមកគណៈកម្មការខេត្តតាកែវ រៀបចំការបោះឆ្នោតហើយ គ.ជ.ប តាមឋានានុក្រមគឺជាបន្ទុកនិងការទទួលខុសត្រូវដោះស្រាយបណ្ដឹងរបស់គណៈកម្មាការខេត្តតាកែវ រៀបចំការបោះឆ្នោត អត់ទាន់មកដល់គ.ជ.បទេ»។
យ៉ាងណាក៏ដោយ សម្រាប់គណបក្សនយោបាយវិញ លើកឡើងប្រហាក់ហែលគ្នា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីថ្ងៃមកនេះ មិនទាន់មានបញ្ហាអ្វីធំកើតឡើងនោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការឃោសនាបោះឆ្នោត មិនទាន់មានបញ្ហអ្វីកើតឡើងជាដុំកំភួននោះទេ។
លោកថា «មិនមានបញ្ហាគួរកត់សម្គាល់នោះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតមានដំណើរការល្អ ដោយស្របទៅតាមការចង់បានរបស់សហរដ្ឋអាមេរិកផងដែរ។ លោកបន្តថា ក្នុងរយៈពេលបីថ្ងៃនេះកន្លងមក គឺមានថ្ងៃដំបូងនៅខេត្តតាកែវ ដែលសកម្មជនគណបក្សសង្គ្រោះជាតិបានឈររារាំងការហែក្បួនរបស់គណបក្សប្រជាជន។
លោកថា «ខ្ញុំសំណូមឲ្យគ្រប់គណបក្សនយោបាយប្រកួតប្រជែងគឺត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌នីតិវិធីនឹងគោលការណ៍ដែលមានចែងរបស់គ.ជ.បជាពិសេសធ្វើឲ្យបានត្រឹមត្រូវទៅតាមបទបញ្ញត្តិមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នោះយើងអាចធានាបាននៅបរិយាកាសនយោបាយល្អសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា គឺឆ្ពោះទៅការបោះឆ្នោតទទួលដោយជោគជ័យ»។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ សកម្មជនបក្សកាន់អំណាចនៅស្រុកកោះអណ្តែត ខេត្តតាកែវបានដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប. ប្ដឹងសកម្មជនបក្សប្រឆាំងលោក កែវ អ៊ាត និងសកម្មជន១៥នាក់ទៀត ដោយចោទសកម្មជនប្រឆាំងបានរារាំងការហែក្បួនរបស់ពួកគេ។ នៅក្នុងពាក្យបណ្ដឹងសកម្មជនបក្សកាន់អំណាច ទាមទារសំណងខូចខាត ២០លានរៀលក្នុងម្នាក់ៗ ទាមទារឲ្យផ្ដន្ទាទោសក្រុមសកម្មជនបក្សប្រឆាំង និងប្ដឹងឲ្យលុបឈ្មោះលោក កែវ អ៊ាត និងសកម្មជនដទៃទៀត ពីបញ្ជីបោះឆ្នោត។ ប៉ុន្តែសកម្មជនបក្សប្រឆាំងបានប្តឹងបកវិញ៕