បេក្ខនារីចៅសង្កាត់របស់គណបក្សប្រឆាំង នៅខេត្តបាត់ដំបងបានចូលបំភ្លឺតាមដីកាកោះរបស់តុលាការនៅថ្ងៃទី ២៣ ខែឧសភា នេះ បន្ទាប់ពីមន្ត្រីប៉ូលិសម្នាក់បានប្តឹងសកម្មជនរូបនេះថាប្រឆាំងការអនុវត្តដីការបស់តុលាការកាលពីពេលកន្លងទៅ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ប្រាប់វីអូឌីនោះថ្ងៃនេះថា គាត់ស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់នេះ ដោយថា គាត់មិនបានចូលទៅរារាំងសមត្ថកិច្ចនៅពេលតុលាការចុះអនុវត្តសាលក្រមនោះទេ។
កញ្ញាថា «ថ្ងៃទី១៦ ដែលតុលាការបានចុះទៅអនុវត្តសាលក្រមតើខ្ញុំបានធ្វើសកម្មភាពអ្វីខ្លះ មានការរារាំង មានការធ្វើបដា ធ្វើពាក្យស្លោកទេ ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋខ្ញុំជម្រាបដោយស្មោះត្រង់ ជាក់ស្ដែងខ្ញុំមិនបានថាប្រជាពលរដ្ឋគាត់មកតវ៉ានៅមុខសាលាសង្កាត់ទេ។ និយាយទៅសរុបរួមមក គឺខ្ញុំបាននិយាយប្រាប់តុលាការតាមដំណើរររឿងកាលពីថ្ងៃទី១៦ ហ្នឹង ហើយចុងក្រោយខ្ញុំបានសំណូមពរទៅតុលាការហ្នឹងឲ្យតម្កត់រឿងខ្ញុំទុកអត់ចាត់ការ»។
តាម កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត តុលាការមិនឆ្លើយតបយ៉ាងណានៅឡើយទេ ដោយថា នឹងកោះហៅជនសង្ស័យពីរូបបន្តទៀត ឲ្យចូលទៅបំភ្លឺពាក់ព័ន្ធករណីនេះ។
វីអូឌីមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងបាននៅឡើយទេ។
ពាក់ព័ន្ធការចូលបំភ្លឺរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នៅតុលាការថ្ងៃនេះ ក៏មានប្រជាពលរដ្ឋបានទៅចូលរួមគាំទ្រផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការបានកាត់ក្ដីឲ្យមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ម្នាក់ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះក្ដីលើសំណុំរឿងទំនាស់ដីសាលាមត្តេយ្យនៅក្នុងសង្កាត់អូរចារ។ ប៉ុន្តែក្រុមអ្នកតវ៉ា ទាមទារឲ្យតុលាការស៊ើបអង្កេតរឿងក្ដីនេះសាជាថ្មី ដើម្បីរក្សាដីទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ នៅពេលនោះ ជំទប់ទី២សង្កាត់អូរចារគឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ក៏បានចុះទៅឃ្លាំមើលការតវ៉ានោះ។ ក្រោយមក តុលាការបានកោះហៅពលរដ្ឋចំនួន ១៣នាក់ និងមន្ត្រីគណបក្សប្រឆាំងម្នាក់ចូលបំភ្លឺពីការតវ៉ានោះ៕