រដ្ឋាភិបាល បានចេញប្រកាស បញ្ជាឲ្យអភិបាលរាជធានីខេត្ត ត្រៀមលក្ខណៈ បើកកិច្ចប្រជុំ ដើម្បីធ្វើប្រតិភូកម្មអំណាច (ផ្ទេរអំណាច) ដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ដែលទើបជាប់ឆ្នោត ខណៈដែល គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤នេះ យ៉ាងយូរនៅថ្ងៃទី២៥ខែមិថុនា។
ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយ ចុះថ្ងៃទី៨ខែមិថុនា បញ្ជាឲ្យ អភិបាលរាជធានីខេត្ត ត្រូវទទួលខុសត្រូវចាត់ចែង ដំណើរការប្រជុំលើកដំបូង ដោយថាដើម្បីធ្វើប្រតិភូកម្មអំណាច ដល់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រសួង តម្រូវឲ្យអ្នកមានសិទ្ធិសម្រេច ចាត់ចែងកិច្ចប្រជុំនេះ មានអភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត អភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាល នាយកទីចាត់ការ នាយករងទីចាត់ការនៃសាលារាជធានី ខេត្ត និងនាយករដ្ឋបាល នាយករងរដ្ឋបាលនៃសាលាក្រុង ស្រុក ខណ្ឌ ប៉ុណ្ណោះ។
ក្រសួងបានបញ្ជាក់ថា អភិបាលរាជធានីខេត្ត និងមន្ត្រីដែលត្រូវបានចាត់ឲ្យធ្វើជាអធិបតីនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យបានសមស្របតាមសេចក្តីណែនាំស្តីពីការរៀបចំការប្រជុំលើកដំបូង។
បើតាមលទ្ធផលក្រៅផ្លូវការ ដែលប្រកាសដោយគណបក្សធំៗទាំងពីរ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ គណបក្សប្រជាជននៅបន្តគ្រប់គ្រងតំណែងមេឃុំសង្កាត់ សរុបជាង១ពាន់៥រយ និងក្រុមប្រឹក្សាជាង៦ពាន់។ ចំណែកគណបក្សសង្គ្រោះជាតិ ដណ្តើមបានតំណែងជាមេឃុំ និងចៅសង្កាត់ ជិត៥រយ និងក្រុមប្រឹក្សាជិត៥ពាន់៕