រដ្ឋាភិបាលសម្រេចលុបឈ្មោះនាយទាហានស័ក្តិ៥ ចំនួនពីរនាក់ ដែលបម្រើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបឈ្មោះប៉េអឹមពាក់ស័ក្តិ៥ ចំនួនពីរនាក់ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែនៅក្នុងអនុក្រឹត្យនោះ មិនបានបញ្ជាក់អំពីមូលហេតុនៃការលុបឈ្មោះប៉េអឹមពាក់ស័ក្តិ៥ទាំងនោះទេ។
បើតាមអនុក្រឹត្យឲ្យដឹងបន្តថា ប៉េអឹមពាក់ស័ក្តិ៥ ទាំងពីរនាក់ ដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទនោះ មានឈ្មោះ ស៊ិន ស៊ីថា នាយការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងម្នាក់ទៀតឈ្មោះ លន់ សំណាង នាយលេខាធិការដ្ឋាននៃស្នងការដ្ឋានប្រភពកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
នៅក្នុងអនុក្រឹត្យឲ្យដឹងថា ការសម្រេចលុបឈ្មោះប៉េអឹមទាំងពីរនាក់ នេះ យោងតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់៕