មេដឹកនាំគណបក្សកាន់អំណាចបានប្រើសារព្រមានជាថ្មីទៀត លើក្រុមណាដែលលោកចោទថា ជាអ្នកត្រៀមធ្វើ«បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
ការព្រមាននេះ មិនមែនជាលើកទី១នោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រើសារនេះច្រើនដងមកហើយ តំាងពីមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧នេះ។
ក្នុងពិធីអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិវប្បធម៌ពិភពលោក ១៧ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះព័ត៌មានដែលគេថា លោកមានឈឺធ្ងន់កំពុងព្យាបាលនៅក្រៅប្រទេស។ ស្របពេលជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានប្រើសារព្រមានជាថ្មីទៀតថានឹងមិនអត់ឱនទៅ លើក្រុមអ្នក ត្រៀមធ្វើ«បដិវត្តន៍ពណ៌»ផ្តួលរំលំរដ្ឋាភិបាលនៃគណបក្សកាន់អំណាច។
លោកមានប្រសាសន៍ថា «នៅពេលនេះ និងពេលខាងមុខ យើងក៏មិនអាចសុំការយោគយល់ពីពួកអ្នកដែលត្រៀមបំរ៉ុងលេបត្របាក់យើងតាមរយៈនៃ «បដិវត្តន៍ពណ៌»បានដែរ ដូច្នេះជាការឆ្លើយតបរបស់យើង យើងទំាងអស់គ្នាត្រូវរឹងប៉ឹងឡើង ដើម្បីជំនះលើឧបសគ្គទំាងឡាយ ក្នុងដំណើរឈានទៅមុខជាមួយនឹងការរក្សាសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា លោក ហ៊ុន សែន កំពុងភ័យពីសមត្ថិភាពគ្រប់គ្រងរដ្ឋ ទើបលោកប្រើសារគំរាមរឿងដដែលក្រោមលេសបង្រ្កាប«បដិវត្តន៍ពណ៌»។ លោកថា ករណីនេះអាចធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតមានការធុញទ្រាន់ នឹងអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។
លោកនិយាយថា «ធម្មតាទេ តែកាលណា បើសិនជា យើងប្រើសារដដែល ទីមួយគឺបង្ហាញអំពីការភ័យរបស់រដ្ឋាភិបាល ដោយសារតែរដ្ឋាភិបាលមិនបានបំពេញតួនាទីណាមួយឲ្យពលរដ្ឋ ឬមិនបានដោះស្រាយបញ្ហាសង្គមសំខាន់ៗ សម្រាប់ទិញទឹកចិត្តពលរដ្ឋ ដើម្បីឲ្យពលរដ្ឋដើរតាមខ្លួននោះ វាអត់មាន ឬក៏មិនអាចធ្វើទៅបាន»។
អ្នកវិភាគនយោបាយ លោក ឆំា ប៊ុនថេត មានប្រសាសន៍ថា នៅកម្ពុជា មិនមានមេដឹកនាំ ឬប្រជាពលរដ្ឋណាមួយចង់ធ្វើបដិវត្តន៍ពណ៌ប្រឆំាងរដ្ឋាភិបាលនោះទេ ដោយលោកថា បច្ចុប្បន្ននេះប្រជាពលរដ្ឋចង់បាន មេដឹកនាំណាមួយ ដែលមានសមត្ថភាពធ្វើឲ្យប្រទេសរីកចំរើន។
លោកមានប្រសាសន៍ថា «បើតាមការអង្កេតមើល ហើយយើងការសិក្សាមើលវាចេះតែមានហើយ អ្នកសរសេរអញ្ចេះអញ្ចុះ មួយនាក់ ពីរនាក់ ក៏ប៉ុន្តែប្រជាពលរដ្ឋទំាងមូលគាត់មិនចង់បានទេ យុវជនក៏មិនចង់បានទំរង់បដិវត្តន៍ទេ។ គេចង់បានការអភិវឌ្ឍមួយដែលមានចេរីភាព ឬក៏ការផ្លាស់ប្តូរមួយដោយសន្តិភាព ការផ្លាស់ប្តូរមួយដោយមិនមានសន្តិភាព ទោះបីក្រុមណាមួយចង់ធ្វើក៏ប្រជាពលរដ្ឋមិនគំាទ្រដែរ ខ្ញុំជឿអញ្ចឹង»។
កាលពីពេលថ្មីៗនេះ មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនលោក ឈាង វុន បានលើកឡើងថា មានមនុស្ស និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកំពុងចូលរួមក្នុងចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយថា ពួកគេមានការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប៉ុន្តែត្រូវបានមន្ត្រីសង្គមស៊ីវិលច្រានចោលការចោទប្រកាន់នេះ។
គេសង្កេតឃើញថា ក្រោមលេសទប់មិនឲ្យមានបដិវត្តន៍ពណ៌ រដ្ឋាភិបាលបានចាប់ឃុំខ្លួនមនុស្សមួយចំនួនដាក់ពន្ធនាគារ ដូចជា អ្នកតវ៉ាតំបន់បឹងកក់អ្នកស្រី ទេព វន្នី សកម្មជនការពារបរិស្ថានលោក គង់ រ៉ៃយ៉ា និងលោក គឹម សុខ អ្នកវិភាគនយោបាយ៕