ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា មកដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០១៧នេះ ទឹកជំនន់នៅខេត្តចំនួន៣ រួមមាន ខេត្តព្រះវិហារ ខេត្តកំពត និងខេត្តឧត្តរមានជ័យ ដែលបានឡើងខ្ពស់កាលពីដើមសប្តាហ៍នេះ បានស្រកចុះវិញហើយ ខណៈខេត្តមួយចំនួនទៀត អាចនឹងបន្តប្រឈមទឹកជំនន់។
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ស្ថានភាពជំនន់ទឹកភ្លៀងដែលបានឡើងខ្ពស់កន្លងមក បានស្រកចុះវិញហើយ ដោយឡែក ខេត្តកំពង់ធំ អាចប្រឈមនឹងទឹកជំនន់ខ្លាំង ដោយសារ ទឹកហូរពីស្ទឹងសែន និងតំបន់មួយចំនួនក្បែរនោះ ដែលអាចនឹងប៉ះពាល់ក្នុងរយៈពេល១ទៅ២ថ្ងៃទៀត។ លោកបន្ថែមថា ចំណែកជំនន់ទឹកទន្លេមេគង្គ នៅតែបន្តឡើង ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។
របាយការណ៍តាំងពីខែមេសាឆ្នាំ២០១៧ នេះបានបង្ហាញថា គ្រោះថ្នាក់បណ្តាលពី ខ្យល់កន្ត្រាក់ ភ្លៀង និងទឹកជំនន់ ដែលបានកើតឡើងទូទាំងប្រទេសមានចំនួន១៣០លើក ដែលក្នុងនោះ មានមនុស្សស្លាប់៥នាក់ របួស៤៩នាក់ ផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរមានចំនួន៤៩០ខ្នង ខូចខាតមធ្យមមាន២ ៩៦៨ខ្នង ខូចខាតសាលារៀន ៤៥អគារ។ ក្រៅពីនេះ មនុស្សដែលបានស្លាប់ដោយសាររន្ទះបាញ់មានចំនួន៥២នាក់និងរបួស៥៤នាក់៕